ខេត្តបន្ទាយមានជ័យបានរៀបចំពិធីបុណ្យអុំទូកពីរកន្លែងខុសគ្នា គឺមួយកន្លែងនៅដងស្ទឹងសេរីសោភ័ណ ទឹកថ្លា ក្នុងទីរួមខេត្ត និងមួយកន្លែងទៀតនៅក្នុងស្រះទឹកខាងមុខវត្តប្រាសាទបន្ទាយឆ្មារ ក្នុងស្រុកថ្មពួក ដោយមានមនុស្សរាប់ម៉ឺននាក់បានចូលរួមអបអរសាទរ។
មន្ត្រីនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ បានមានប្រសាសន៍ថា ពិធីបុណ្យអុំទូកនៅទីរួមខេត្តប្រារព្ធឡើងមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ដោយមានទូកសរុបចំនួន១៦ចូលរួមប្រណាំង ខុសពីពិធីបុណ្យអុំទូកនៅស្រុកថ្មពួក ដែលគេធ្វើឡើងតែរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី២ ខែវិច្ឆិកា តាមទម្លាប់របស់អ្នកភូមិ ៖ «ប្រជាពលរដ្ឋតាមយើងប៉ាន់មើល វាចូលខ្ទង់រាប់ម៉ឺននាក់»។
លោក អ៊ុក កែវរតនៈ បានបន្តថា ការអុំទូកប្រណាំងឯទីរួមខេត្តគឺចាប់ពីម៉ោង៣រសៀល រហូតដល់ម៉ោង៥:៣០នាទីត្រូវបញ្ចប់ ប៉ុន្តែនៅពេលរាត្រីមានការប្រគំតន្ត្រីកម្សាន្ត មានក្បួនបណ្តែតប្រទីបរៀបចំឡើងដើម្បីអបអរសាទរក្នុងពិធីបុណ្យអុំទូក។
អាជ្ញាធរខេត្តបន្ទាយមានជ័យបានរៀបចំពិធីបុណ្យអុំទូករយៈពេលបីថ្ងៃនេះគឺជាឆ្នាំទីពីរហើយ បន្ទាប់ពីបានប្រារព្ធឡើងជាលើកដំបូងនៅក្នុងខេត្តកាលពីឆ្នាំ២០០៨។ ចំណែកនៅស្រុកថ្មពួកវិញ គឺក្រុមអ្នកស្រុកនិងអាជ្ញាធរមូលដ្ឋានបានសហការគ្នាតាមធនធានថវិកាប្រារព្ធធ្វើឡើងបានចំនួនបីលើកហើយ។
លោក វ៉ាត ហាន មេឃុំបន្ទាយឆ្មារ បានថ្លែងថា អាជ្ញាធរស្រុកថ្មពួកនិងក្រុមអ្នកស្រុកបានប្រារព្ធពិធីបុណ្យអុំទូកនៅទីស្រះទឹកនៃប្រាសាទបន្ទាយឆ្មារមានតែមួយថ្ងៃទេ គឺនៅថ្ងៃទី២ ខែវិច្ឆិកា ទៅតាមធនធានថវិកា។
លោក វ៉ាត ហាន បានឲ្យដឹងថា ៖ «ទូកទាំងអស់៤ តែទូកសម្រាប់ប្រណាំង២គ្រឿង និងទូកសម្រាប់សង្គ្រោះ២គ្រឿង»។
ក្រុមអ្នកទស្សនាជាច្រើនម៉ឺននាក់នៅសងខាងដងស្ទឹងបានស្រែកហ៊ោអបអរសាទរកងរំពងយ៉ាងខ្លាំង ៖ «...ខ្ញុំមកពីខេត្តឧត្ដរមានជ័យ មានអារម្មណ៍សប្បាយមែនទែន មានមនុស្សម្នាច្រើនណាស់...»។
លោកឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ាន ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា នៅក្នុងពិធីបុណ្យអុំទូកនេះ ថ្វីត្បិតមានប្រជាពលរដ្ឋចូលរួមទស្សនាច្រើនកុះករ ប៉ុន្តែមិនមានបញ្ហាអ្វីកើតឡើងទេ ដោយកម្លាំងប៉ូលិសប៉េអឹមក្នុងខេត្តជាច្រើនរយនាក់បានការពារ។
លោកឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ាន បានបញ្ជាក់ថា ៖ «យើងបានរៀបចំសណ្ដាប់ធ្នាប់ ប្រជាពលរដ្ឋបានចូលរួម បានសប្បាយ ហើយប្រជាពលរដ្ឋបានចូលរួមច្រើនឆ្នាំនេះ ចូលច្រើនជាងឆ្នាំមុន»។
គណៈកម្មការបុណ្យអុំទូកខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នេះជាឆ្នាំទី២ដែលអាជ្ញាធរខេត្តបន្ទាយមានជ័យបានរៀបចំពិធីបុណ្យអុំទូកក្នុងខេត្ត។ គណៈកម្មការបុណ្យអុំទូកបានឲ្យដឹងថា ទូក១៦ដែលចូលរួមក្នុងឆ្នាំ២០០៩ មានទូកចំនួន៤កើនឡើង ខណៈដែលឆ្នាំ២០០៨កន្លងទៅមានតែ១២ទូកប៉ុណ្ណោះ៕
ប៉ូលិសនៅតាកែវរងការចោទថាធ្វើឲ្យស្រ្តីមានផ្ទៃពោះមួយរូបមានគ្រោះថ្នាក់
ប៉ូលិសចរាចរណ៍ក្រុងពោធិ៍សាត់វាយយុវជនម្នាក់ឲ្យរងរបួស
គ្រូបង្រៀននៅកំពង់ចាមទាមទារឲ្យក្រសួងអប់រំដោះស្រាយប្រាក់អតីតភាព
អង្គការសេដាក់គ្រោងនាំអង្ករសរីរាង្គទៅទីផ្សារអឺរ៉ុបនិងអាមេរិក
អាជ្ញាធរស្វែងរកការបិទមន្ទីរព្យាបាលជំងឺមួយនៅរតនគិរី
អតីតប្រធានាធិបតីអាមេរិកសម្ពោធផ្ទះសម្រាប់ជនក្រីក្រនៅខែត្រកណ្ដាល
ទីតាំងផលិតប្រេងម្រះព្រៅភ្នំ២កន្លែងនៅពោធិ៍សាត់ត្រូវបានកម្ទេច
គណៈកម្មការខ្មែរម្ចាស់ស្រុកនឹងរៀបចំកិច្ចប្រជុំស្ដីពីបញ្ហានៅកម្ពុជា
អាជ្ញាធរខេត្តឧត្ដរមានជ័យរារាំងរថយន្តដឹកព្រះពុទ្ធបដិមារបស់ម៉មសូណង់ដូ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.