មន្ត្រីនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ បានមានប្រសាសន៍ថា ពិធីបុណ្យអុំទូកនៅទីរួមខេត្តប្រារព្ធឡើងមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ដោយមានទូកសរុបចំនួន១៦ចូលរួមប្រណាំង ខុសពីពិធីបុណ្យអុំទូកនៅស្រុកថ្មពួក ដែលគេធ្វើឡើងតែរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី២ ខែវិច្ឆិកា តាមទម្លាប់របស់អ្នកភូមិ ៖ «ប្រជាពលរដ្ឋតាមយើងប៉ាន់មើល វាចូលខ្ទង់រាប់ម៉ឺននាក់»។
លោក អ៊ុក កែវរតនៈ បានបន្តថា ការអុំទូកប្រណាំងឯទីរួមខេត្តគឺចាប់ពីម៉ោង៣រសៀល រហូតដល់ម៉ោង៥:៣០នាទីត្រូវបញ្ចប់ ប៉ុន្តែនៅពេលរាត្រីមានការប្រគំតន្ត្រីកម្សាន្ត មានក្បួនបណ្តែតប្រទីបរៀបចំឡើងដើម្បីអបអរសាទរក្នុងពិធីបុណ្យអុំទូក។
អាជ្ញាធរខេត្តបន្ទាយមានជ័យបានរៀបចំពិធីបុណ្យអុំទូករយៈពេលបីថ្ងៃនេះគឺជាឆ្នាំទីពីរហើយ បន្ទាប់ពីបានប្រារព្ធឡើងជាលើកដំបូងនៅក្នុងខេត្តកាលពីឆ្នាំ២០០៨។ ចំណែកនៅស្រុកថ្មពួកវិញ គឺក្រុមអ្នកស្រុកនិងអាជ្ញាធរមូលដ្ឋានបានសហការគ្នាតាមធនធានថវិកាប្រារព្ធធ្វើឡើងបានចំនួនបីលើកហើយ។
លោក វ៉ាត ហាន មេឃុំបន្ទាយឆ្មារ បានថ្លែងថា អាជ្ញាធរស្រុកថ្មពួកនិងក្រុមអ្នកស្រុកបានប្រារព្ធពិធីបុណ្យអុំទូកនៅទីស្រះទឹកនៃប្រាសាទបន្ទាយឆ្មារមានតែមួយថ្ងៃទេ គឺនៅថ្ងៃទី២ ខែវិច្ឆិកា ទៅតាមធនធានថវិកា។
លោក វ៉ាត ហាន បានឲ្យដឹងថា ៖ «ទូកទាំងអស់៤ តែទូកសម្រាប់ប្រណាំង២គ្រឿង និងទូកសម្រាប់សង្គ្រោះ២គ្រឿង»។
ក្រុមអ្នកទស្សនាជាច្រើនម៉ឺននាក់នៅសងខាងដងស្ទឹងបានស្រែកហ៊ោអបអរសាទរកងរំពងយ៉ាងខ្លាំង ៖ «...ខ្ញុំមកពីខេត្តឧត្ដរមានជ័យ មានអារម្មណ៍សប្បាយមែនទែន មានមនុស្សម្នាច្រើនណាស់...»។
លោកឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ាន ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា នៅក្នុងពិធីបុណ្យអុំទូកនេះ ថ្វីត្បិតមានប្រជាពលរដ្ឋចូលរួមទស្សនាច្រើនកុះករ ប៉ុន្តែមិនមានបញ្ហាអ្វីកើតឡើងទេ ដោយកម្លាំងប៉ូលិសប៉េអឹមក្នុងខេត្តជាច្រើនរយនាក់បានការពារ។
លោកឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ាន បានបញ្ជាក់ថា ៖ «យើងបានរៀបចំសណ្ដាប់ធ្នាប់ ប្រជាពលរដ្ឋបានចូលរួម បានសប្បាយ ហើយប្រជាពលរដ្ឋបានចូលរួមច្រើនឆ្នាំនេះ ចូលច្រើនជាងឆ្នាំមុន»។
គណៈកម្មការបុណ្យអុំទូកខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នេះជាឆ្នាំទី២ដែលអាជ្ញាធរខេត្តបន្ទាយមានជ័យបានរៀបចំពិធីបុណ្យអុំទូកក្នុងខេត្ត។ គណៈកម្មការបុណ្យអុំទូកបានឲ្យដឹងថា ទូក១៦ដែលចូលរួមក្នុងឆ្នាំ២០០៩ មានទូកចំនួន៤កើនឡើង ខណៈដែលឆ្នាំ២០០៨កន្លងទៅមានតែ១២ទូកប៉ុណ្ណោះ៕
