ពិធី​បុណ្យ​អុំ​ទូក​នៅ​បន្ទាយមានជ័យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន

2009-11-03

ប្រធាន​គណៈកម្មការ​បុណ្យ​អុំ​ទូក​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ការ​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​ក្នុង​ខេត្ត​បន្ទាយមានជ័យ​គឺ​មាន​ភាព​ល្អ​ប្រសើរ ដោយ​មិន​មាន​គ្រោះថ្នាក់​ឬ​បញ្ហា​អសន្តិសុខ​កើត​មាន​ទេ បើ​ទោះ​បី​ជា​មាន​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាន​អញ្ជើញ​ចូលរួម​ទស្សនា​អបអរ​សាទរ​ក៏​ដោយ។

លោក អុង អឿន អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មការ​បុណ្យ​ជាតិ អន្តរជាតិ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​៣ ខែ​វិច្ឆិកា ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា នៃ​ពិធី​បុណ្យ​អុំ​ទូក​ក្នុង​ខេត្ត​បន្ទាយមានជ័យ មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់​បាន​ចូលរួម​ទស្សនា។

លោក អុង អឿន បាន​បញ្ជាក់​ថា ៖ «អំពី​សន្តិសុខ​អី សណ្តាប់ធ្នាប់​អី យើង​អត់​មាន​អី​គួរ​ឲ្យ​កត់​សម្គាល់​ទេ ព្រោះ​យើង​បាន​ពង្រឹង​កម្លាំង​របស់​យើង ទាំង​អាវុធ​ហត្ថ ទាំង​ប៉ូលិស​ខេត្ត​អី យើង​ពង្រឹង​បាន​ល្អ ហើយ​យើង​សង្ឃឹម​ថា រយៈពេល​បី​ថ្ងៃ​បី​យប់​នឹង​បាន​ជោគជ័យ»

លោក​បន្ត​ថា គ្រាន់​តែ​យប់​ថ្ងៃ​ទី​១ មាន​ប្រជាពលរដ្ឋ​ជាង​៣​ម៉ឺន​៥​ពាន់​នាក់​បាន​ចូលរួម​អបអរ​សាទរ។ ជាមួយ​គ្នា​នេះ​ក៏​មាន​ភ្ញៀវ​អន្តរជាតិ​ចូលរួម​ផងដែរ ៖ «ថ្ងៃ​ទី​១​នោះ​មាន​ប្រតិភូ​អញ្ជើញ​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង ប្រតិភូ​របស់​ជប៉ុន និង​ប្រតិភូ​របស់​វៀតណាម ហើយ​ថ្ងៃ​នេះ​មាន​ប្រតិភូ​ប្រទេស​ចិន​អញ្ជើញ​ចូលរួម»

លោក រ៉ែម វីរៈ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សេរីសោភ័ណ​បាន​ថ្លែង​ថា បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ទូទៅ​មាន​ភាព​ល្អ​ប្រសើរ។

លោក រ៉ែម វីរៈ បាន​ឲ្យ​ដឹង​ថា ៖ «បញ្ហា​ចរាចរណ៍​វា​អត់​មាន​ការ​កក​ស្ទះ​ទេ ដោយសារ​យើង​បាន​រៀបចំ​កម្លាំង​ចរាចរណ៍​តាម​ដង​ផ្លូវ​នោះ យើង​បញ្ចៀស​ទៅ​តាម​ផ្លូវ​មួយចំនួន​ដែល​យើង​អាច​បញ្ចៀស​បាន គឺ​អត់​មាន​ស្ទះ​អី​ទាំង​អស់»

គណៈកម្មការ​រៀបចំ​បុណ្យ​អុំ​ទូក​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា កីឡាករ​អុំ​ទូក​ប្រុស​ស្រី​សរុប​មាន​ចំនួន​៨៧២​នាក់ មាន​ទូក​ចំនួន​១៦ ទូក​ប្រភេទ​ទី​១​មាន​ចំណុះ​៧៨​នាក់ ទី​២​មាន​ចំណុះ​៥០​ទៅ​៦០​នាក់ និង​ប្រភេទ​ទី​៣​មាន​២៥​នាក់។ ពិធី​បុណ្យ​អុំ​ទូក​នេះ​ត្រូវ​បាន​អាជ្ញាធរ​រៀបចំ​ធ្វើ​ឡើង​នៅ​តាម​ដង​ស្ទឹង​សេរីសោភ័ណ​ទឹក​ថ្លា ជាប់​អគារ​សកល​វិទ្យាល័យ​មានជ័យ ខេត្ត​បន្ទាយមានជ័យ។

ក្រៅ​ពី​ការ​កត់​សម្គាល់​ទិដ្ឋភាព​ទូទៅ​ថា​មាន​ភាព​ល្អ​ប្រសើរ​នោះ ក្រុម​អ្នក​ទស្សនា​ការ​ប្រណាំង​ទូក​ខ្លះ​បាន​ថ្លែង​ថា ពួក​គេ​មាន​ការ​ពេញ​ចិត្ត​និង​ស្វាគមន៍​ចំពោះ​ការ​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​ផ្ទាល់​នៅ​ក្នុង​ខេត្ត ព្រោះ​ខេត្ត​បន្ទាយមានជ័យ​មាន​ចម្ងាយ​នៅ​ជាប់​ព្រំដែន​ថៃ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខ្លះ​អត់​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ទស្សនា​បាន​នៅ​ឯ​ទីក្រុង​ភ្នំពេញ។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​ខេត្ត​បន្ទាយមានជ័យ​បាន​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក បន្ទាប់​ពី​បាន​ធ្វើ​លើក​ទី​១ កាល​ពី​ឆ្នាំ​២០០៨ ដោយ​នៅ​ឆ្នាំ​២០០៩​នេះ​មាន​ទូក​កើន​ឡើង​លើស​ឆ្នាំ​២០០៨​ចំនួន​៤​ទូក។ ដូច​គ្នា​នេះ​ដែរ នៅ​ឯ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក អ្នក​ភូមិ​និង​អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​នេះ​បាន​ចំនួន​បី​លើក​ដែរ ប៉ុន្តែ​ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​នេះ​តែ​មួយ​ថ្ងៃ​ទេ​តាម​ធនធាន​ដែល​ពួក​គេ​មាន៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អតីត​ប្រធានាធិបតី​អាមេរិក​សម្ពោធ​ផ្ទះ​សម្រាប់​ជន​ក្រី​ក្រ​នៅ​ខែត្រ​កណ្ដាល

ទីតាំង​ផលិត​ប្រេង​ម្រះព្រៅ​ភ្នំ​​២​កន្លែង​នៅ​​ពោធិ៍សាត់​ត្រូវ​បាន​កម្ទេច

គណៈកម្មការ​ខ្មែរ​ម្ចាស់​ស្រុក​នឹង​រៀបចំ​កិច្ច​ប្រជុំ​ស្ដី​ពី​បញ្ហា​នៅ​កម្ពុជា

អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​រារាំង​រថយន្ត​ដឹក​ព្រះពុទ្ធ​បដិមា​របស់​ម៉មសូណង់ដូ

ប្រជា​នេសាទ​ប្រតិកម្ម​ចំពោះ​ការ​កំណត់​ប្រភេទ​ឧបករណ៍​នេសាទ

បញ្ហា​ធូលី​ហុយ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣​ប៉ះពាល់​ដល់​សុខភាព​អ្នក​ស្រុក

ពលរដ្ឋ​នៅ​ព្រៃវែង​ត្អូញ​ពី​បញ្ហា​សមត្ថកិច្ច​ស្ទាក់​ទារ​ប្រាក់​តាម​ផ្លូវ

ក្រសួង​សុខាភិបាល​បារម្ភ​ចំពោះ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ

អ្នក​ភូមិ​នៅ​ខេត្ត​កណ្ដាល​និង​កំពង់ស្ពឺ​បារម្ភ​ពី​បញ្ហា​សុខភាព

សមាជិក​អាស៊ាន​ប្រជុំ​គ្នា​រក​វិធានការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន