លោក អុង អឿន អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការបុណ្យជាតិ អន្តរជាតិ បានមានប្រសាសន៍នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ថា ចាប់តាំងពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា នៃពិធីបុណ្យអុំទូកក្នុងខេត្តបន្ទាយមានជ័យ មនុស្សជាច្រើនម៉ឺននាក់បានចូលរួមទស្សនា។
លោក អុង អឿន បានបញ្ជាក់ថា ៖ «អំពីសន្តិសុខអី សណ្តាប់ធ្នាប់អី យើងអត់មានអីគួរឲ្យកត់សម្គាល់ទេ ព្រោះយើងបានពង្រឹងកម្លាំងរបស់យើង ទាំងអាវុធហត្ថ ទាំងប៉ូលិសខេត្តអី យើងពង្រឹងបានល្អ ហើយយើងសង្ឃឹមថា រយៈពេលបីថ្ងៃបីយប់នឹងបានជោគជ័យ»។
លោកបន្តថា គ្រាន់តែយប់ថ្ងៃទី១ មានប្រជាពលរដ្ឋជាង៣ម៉ឺន៥ពាន់នាក់បានចូលរួមអបអរសាទរ។ ជាមួយគ្នានេះក៏មានភ្ញៀវអន្តរជាតិចូលរួមផងដែរ ៖ «ថ្ងៃទី១នោះមានប្រតិភូអញ្ជើញមកពីប្រទេសកូរ៉េខាងត្បូង ប្រតិភូរបស់ជប៉ុន និងប្រតិភូរបស់វៀតណាម ហើយថ្ងៃនេះមានប្រតិភូប្រទេសចិនអញ្ជើញចូលរួម»។
លោក រ៉ែម វីរៈ អធិការនៃអធិការដ្ឋាននគរបាលក្រុងសេរីសោភ័ណបានថ្លែងថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទូទៅមានភាពល្អប្រសើរ។
លោក រ៉ែម វីរៈ បានឲ្យដឹងថា ៖ «បញ្ហាចរាចរណ៍វាអត់មានការកកស្ទះទេ ដោយសារយើងបានរៀបចំកម្លាំងចរាចរណ៍តាមដងផ្លូវនោះ យើងបញ្ចៀសទៅតាមផ្លូវមួយចំនួនដែលយើងអាចបញ្ចៀសបាន គឺអត់មានស្ទះអីទាំងអស់»។
គណៈកម្មការរៀបចំបុណ្យអុំទូកខេត្តបន្ទាយមានជ័យបានឲ្យដឹងថា កីឡាករអុំទូកប្រុសស្រីសរុបមានចំនួន៨៧២នាក់ មានទូកចំនួន១៦ ទូកប្រភេទទី១មានចំណុះ៧៨នាក់ ទី២មានចំណុះ៥០ទៅ៦០នាក់ និងប្រភេទទី៣មាន២៥នាក់។ ពិធីបុណ្យអុំទូកនេះត្រូវបានអាជ្ញាធររៀបចំធ្វើឡើងនៅតាមដងស្ទឹងសេរីសោភ័ណទឹកថ្លា ជាប់អគារសកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ។
ក្រៅពីការកត់សម្គាល់ទិដ្ឋភាពទូទៅថាមានភាពល្អប្រសើរនោះ ក្រុមអ្នកទស្សនាការប្រណាំងទូកខ្លះបានថ្លែងថា ពួកគេមានការពេញចិត្តនិងស្វាគមន៍ចំពោះការរៀបចំពិធីបុណ្យអុំទូកផ្ទាល់នៅក្នុងខេត្ត ព្រោះខេត្តបន្ទាយមានជ័យមានចម្ងាយនៅជាប់ព្រំដែនថៃ ដែលធ្វើឲ្យពួកគេខ្លះអត់លទ្ធភាពធ្វើដំណើរទៅចូលរួមទស្សនាបាននៅឯទីក្រុងភ្នំពេញ។
នេះជាលើកទី២ហើយដែលខេត្តបន្ទាយមានជ័យបានរៀបចំពិធីបុណ្យអុំទូក បន្ទាប់ពីបានធ្វើលើកទី១ កាលពីឆ្នាំ២០០៨ ដោយនៅឆ្នាំ២០០៩នេះមានទូកកើនឡើងលើសឆ្នាំ២០០៨ចំនួន៤ទូក។ ដូចគ្នានេះដែរ នៅឯឃុំបន្ទាយឆ្មារ ស្រុកថ្មពួក អ្នកភូមិនិងអាជ្ញាធរមូលដ្ឋានក៏បានរៀបចំពិធីបុណ្យអុំទូកនេះបានចំនួនបីលើកដែរ ប៉ុន្តែពួកគេប្រារព្ធពិធីបុណ្យអុំទូកនេះតែមួយថ្ងៃទេតាមធនធានដែលពួកគេមាន៕
