ខ្មែរ​កម្ពុជា​ក្រោម​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក

ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក អក​អំបុក​និង​សំពះ​ព្រះ​ខែ រយៈពេល​បី​ថ្ងៃ នៅ​លើ​អតីត​ទឹក​ដី​កម្ពុជា​ក្រោម​ដែល​កំពុង​តែ​កាន់កាប់​ដោយ​អាជ្ញាធរ​វៀតណាម​ឯ​ណោះ​វិញ​ក៏​មាន​ការ​រៀបចំ​នូវ​កម្មវិធី​បុណ្យ​អុំ​ទូក​នេះ​ដែរ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​កម្សាន្ត​ទៅ​ក្នុង​កម្មវិធី​នោះ​បាន​រៀបរាប់​តាម​ទូរស័ព្ទ​ពី​កម្ពុជា​ក្រោម​មក​ថា ពិធី​បុណ្យ​នៅ​ឆ្នាំ​នេះ​មាន​ភាព​សប្បាយ​រីករាយ​ជាង​រាល់​ឆ្នាំ ដោយ​អាជ្ញាធរ​វៀតណាម​បាន​បើក​ឲ្យ​មាន​ការ​ប្រារព្ធ​ពិធី​ធំដុំ មាន​អ្នក​ចូលរួម​ក៏​ច្រើន និង​មាន​ចំនួន​ទូក​ក៏​ច្រើន​ដែរ​ដល់​ទៅ​ជាង​៤០​ទូក។

ប្រភព​ពី​សហព័ន្ធ​ខ្មែរ​ក្រោម​ប្រចាំ​នៅ​ក្រុង​ភ្នំពេញ​បាន​អះអាង​ថា ពិធី​បុណ្យ​អុំ​ទូក​នៅ​កម្ពុជា​ក្រោម​ត្រូវ​បាន​គេ​ធ្វើ​នៅ​ទី​ប្រជុំ​ជន​ខេត្ត​ឃ្លាំង​រយៈពេល​ពីរ​ថ្ងៃ ដែល​បាន​បញ្ចប់​កាល​ពី​ម្សិលមិញ​នេះ៕