"មួយផ្ទះបួនប្រាំកី នៅតែមួយកីក៏មានដែរ បងឯងដើរមើលទៅ ទូទៅហើយឥឡូវ។ បើមុនមួយផ្ទះ មានបីបួនកី ហ្នឹងបានដោះសងរដ្ឋរួច ដល់ឥឡូវអស់ៗទៅ ខ្លះសល់តែមួយកីទេ ជាពិសេសផ្ទះខ្ញុំ ខ្ញុំធ្លាប់ធ្វើពីរកីបីកី ឥឡូវខ្ញុំនៅតែមួយកី ហើយជិតអស់ទៀតមួយកីហ្នឹង។ កូនទៅសុំគេធ្វើការភ្នំពេញ គេថាអត់មានទទួលទេ មានតែជម្រុះចេញ។ មិនដឹងទៅខាងណា មានតែក្រោមផ្ទះត្បាញ តែឥឡូវកីត្បាញដោះទុកចង់អស់ហើយ" ៖ ប្រជាពលរដ្ឋជាច្រើននៅតាមភូមិនានា ក្នុងឃុំកោះដាច់ បានត្អូញត្អែរពីការលំបាកក្នុងជីវភាព ដោយមុខរបរតម្បាញហូលផាមួងរបស់ពួកគាត់ជួបការលំបាកព្រោះគ្មានទីផ្សារ។
អង្គុយលើគ្រែរនាបមុខផ្ទះ អ្នកស្រី ជា ពុតថា បានត្អូញត្អែរប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ទាំងទឹកមុខក្រៀមក្រំថា រលកនៃវិបត្តិសេដ្ឋកិច្ចពិភពលោកបានបក់បោកបណ្តាលឲ្យជីវភាពអ្នកប្រកបមុខរបរតម្បាញ ហូល ផាមួង នៅកោះដាច់ទទួលរងផលវិបាកយ៉ាងធ្ងន់ធ្ងរ ដោយអតិថិជនដែលធ្លាប់តែមកទិញបានបាត់អស់។ គាត់បន្តថា ទោះបីជាគាត់បានទម្លាក់តម្លៃចុះដល់ទៅពាក់កណ្តាលក៏នៅតែលក់ពុំដាច់ដដែល។
អ្នកស្រី ជា ពុតថា បានប្រាប់ដូច្នេះ ៖ «ត្បាញបាន បានសងរដ្ឋបណ្ដើរៗទៅ ដល់ពេលឥឡូវសំពត់ចុះថោក ហើយសូត្រក៏អស់ពីកីអត់មានអីបង់ឲ្យរដ្ឋទេ។ ពីមុនមកលក់បានមួយក្បិនជាង ១០ដុល្លារ ដល់ឥឡូវបានតែ ៦ដុល្លារ ហើយមិនត្រូវពណ៌គេអត់យកទៀត។ ៦ដុល្លារហ្នឹងយកមកបានតែអង្ករមួយតៅអស់ហើយ មានអីតទៅមុខទៀត ២-៣ថ្ងៃបានៗមួយក្បិនទៀត ហើយអំបោះចាក់អត់គិតទេ គ្រាន់តែយកមកគិតថ្លៃសូត្រគេ គិតមិនរួចផង»។
កោះដាច់ គឺជាឃុំមួយដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ឃុំនេះស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។ បើគេចង់ធ្វើដំណើរទៅកាន់ឃុំកោះដាច់ គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៦ ហើយត្រូវឆ្លងដៃទន្លេមេគង្គតាមកាណូតដទើបទៅដល់ឃុំនេះ។ អ្វីដែលគួរចាប់អារម្មណ៍នោះ គឺអាជ្ញាធរឃុំបានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងឃុំនេះដល់ទៅជាង ៨៥% ប្រកបមុខរបរតម្បាញ ហូល ផាមួង។
នៅក្រោមផ្ទះ អ្នកស្រី សាត ម៉ុន ដែលមានមុខរបរតម្បាញម្នាក់ទៀត គេឃើញមានកីតម្បាញ៣ តែកី២ត្រូវបានគ្របទុក។ អ្នកស្រី សាត ម៉ុន មានប្រសាសន៍ទាំងទឹកភ្នែករលីងរលោងថា ដោយគ្មានអ្នកទិញទើបអ្នកស្រីសម្រេចដំណើរការត្បាញកីតែមួយគ្រាន់រកប្រាក់ទិញអង្ករឲ្យកូនហូប។ អ្នកស្រី បន្តថា គ្រួសារគាត់កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយសារគ្មានប្រាក់សងរំលោះប្រចាំខែឲ្យធនាគារដូចដែលធ្លាប់បានធ្វើកន្លងមកហើយ ធនាគារបានគំរាមរឹបអូសដីលំនៅគាត់។
អ្នកស្រី សាត ម៉ុន មានប្រសាសន៍ដូច្នេះ ៖ «មួយក្បិនហ្នឹងបើបូកទៅអស់ ៦-៧ដុល្លារហើយ ទាំងថ្លៃត្បាញ ថ្លៃអន្ទងហ្នឹង ថ្លៃអំបោះអីហ្នឹង មួយក្បិន ៧ដុល្លារ ហើយលក់ចេញបានតែ ៥,៥ដុល្លារ លក់អត់បានទេ យកមកលក់អស់ដើម។ ធ្វើយូរៗទៅសុទ្ធតែជំពាក់រដ្ឋទាំងអស់ ជុំវិញកោះដាច់ សុទ្ធតែជំពាក់លុយរដ្ឋទាំងអស់ ព្រោះយកលុយអង្គការធ្វើទាំងអស់ អត់ភាគតិចណាស់»។
ទោះបីជាយ៉ាងនេះក្តី ជំទប់ទី១ ឃុំកោះដាច់ អ្នកស្រី ប៉ាល់ សុខុម មានប្រសាសន៍ថា អាជ្ញាធរកំពុងខ្នះខ្នែងធ្វើការចរចាជាមួយធនាគារទាំងបីសុំការយោគយល់ ដោយឲ្យធនាគារពន្យារការសងរំលោះបណ្តោះអាសន្នមួយរយៈ។ ទន្ទឹមគ្នានេះ អ្នកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រឹងប្រែងប្រកបមុខរបរបន្ទាប់បន្សំបន្ថែម ដូចជាដាំបន្លែដើម្បីទប់ទល់ជីវភាព។
អ្នកស្រី ប៉ាល់ សុខុម មានប្រសាសន៍ដូច្នេះថា ៖ «ខ្ញុំក៏បានជម្រាបពីសំណូមពររបស់បងប្អូនប្រជាពលរដ្ឋហ្នឹង ហើយខាងធនាគារគេថាគេនឹងពាំនាំយកទៅពិភាក្សាជាមួយថ្នាក់លើគេ តែគេថាគេក៏មិនជាតឹងតែងអីដែរទេ។ យើងមានតែគម្រោងជួបពិភាក្សាជាមួយគេប៉ុណ្ណឹង»។
គួរបញ្ជាក់ថា ស្ទើរតែ ១០០% នៃអ្នកប្រកបមុខរបរតម្បាញ ហូល ផាមួង នៅឃុំកោះដាច់ បានខ្ចីប្រាក់ពីធនាគារឯកជននានា ដូចជា អេស៊ីលីដា, ស្ថាបនា និង អម្រឹត ជាដើម យកមកធ្វើជាទុនក្នុងការពង្រីកមុខរបរ និងកំពុងស្ថិតក្នុងស្ថានភាពប្រហាក់ប្រហែលអ្នកស្រី សាត ម៉ុន ផងដែរ។
ដូចគ្នានេះដែរ វិបត្តិគ្មានទីផ្សារលក់ហូល ផាមួង នៅឃុំកោះដាច់ បានបណ្តាលឲ្យយុវជនមួយចំនួន បញ្ចប់ការសិក្សាដើម្បីជួយគ្រួសារ។ អ្នកស្រី នួន ស៊ីណាត មានប្រសាសន៍ថា កូនប្រុសអាយុ ១៩ឆ្នាំរបស់គាត់ ដែលកំពុងរៀនថ្នាក់ទី១១ បង្ខំចិត្តបញ្ឈប់ការសិក្សាដើម្បីជួយគ្រួសារ។
អ្នកស្រីអំពាវនាវសុំឲ្យរាជរដ្ឋាភិបាលជួយអ្នកត្បាញ ហូល ផាមួង នៅឃុំកោះដាច់ ផង ៖ «ឃុំកោះដាច់ រឿងធ្វើត្បាញហ្នឹងងាប់ហើយ មិនថាគេមិនថាខ្ញុំទេ ងាប់អស់ហើយ។ ឲ្យសម្ដេច ហ៊ុន សែន ជួយផង ជួយប្រជាជនឃុំកោះដាច់ផង ជំពាក់លុយរដ្ឋច្រើនណាស់។ មុនសំពត់បានថ្លៃមួយដុំ ១៥-១៦ដុល្លារ អាចដោះស្រាយបាន ឥឡូវបាន ៥-៦ដុល្លារ រត់មិនរួចទេ»។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល គឺលោក ប្រាក់ ចំរើន ពន្យល់ចំពោះបញ្ហាខាងលើនេះថា រាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្ម ពុំទាន់មានគោលការណ៍ឧបត្ថម្ភទុនសម្រាប់ជួយប្រជាពលរដ្ឋនៅឡើយ តែអាជ្ញាធរខេត្តបានប្រឹងប្រែងជួយតាមលទ្ធភាពដែលអាចធ្វើបាន។
លោក ប្រាក់ ចំរើន មានប្រសាសន៍ថា ៖ «ចាត់ពិព័រណ៍ យើងធ្វើការផ្សព្វផ្សាយទៅ ពីព្រោះទំនិញអស់ហ្នឹង សំខាន់គឺភ្ញៀវទេសចរ គេដើរមើលតាមពិព័រណ៍ទៅ គេសួរយើងតើផលិតផលក្នុងស្រុកយើង តើវាល្អ ឬយ៉ាងម៉េច? កន្លែងផលិតនៅកន្លែងណាអីកន្លែងណា ហ្នឹងគេចុះទៅដល់ហ្នឹងហើយ។ ហ្នឹងខាងខ្ញុំធ្វើអ៊ីចឹង កន្លងមកក្រសួងពាណិជ្ជកម្មគឺមានគោលការណ៍អ៊ីចឹង»។
តំណាងរាស្ត្រខេត្តកណ្តាល មកពីគណបក្សសមរង្ស៊ី គឺលោក ចាន់ ចេង មានប្រសាសន៍ថា ៖ «អ្នកតំណាងរាស្រ្ដ មិនមែនតែរូបខ្ញុំទេ ត្រូវគិតទាំងអស់គ្នា គឺត្រូវតែរដ្ឋហ្នឹងទម្លាក់លុយមកដើម្បីទិញផលិតផលរបស់គាត់ ដើម្បីរកទីផ្សារយកទៅលក់ឲ្យគាត់។ ពីព្រោះបញ្ហាទាំងអស់នេះកើតឡើងដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោកជះឥទ្ធិពលមកដល់ប្រទេសកម្ពុជាយើង ហើយប្រទេសកម្ពុជាយើង រដ្ឋាភិបាលលោកគិតថា មានប៉ះបន្តិចបន្តួច មិនមែនបន្តិចបន្តួចទេ គឺប៉ះពាល់ច្រើន។ អ៊ីចឹងក្នុងផលិតផលរបស់គាត់ រដ្ឋត្រូវតែធានា ហើយត្រូវទិញផលិតផលរបស់គាត់ហ្នឹងយកទៅរកទីផ្សារ ឬមួយក៏ទិញមកទុកសិន ដើម្បីឲ្យគាត់មានលទ្ធភាពចិញ្ចឹមជីវភាពគាត់បន្តទៀត»។
អភិបាលខេត្តកណ្តាល លោក ឈុន ស៊ីរុន មានប្រសាសន៍ថា អាជ្ញាធរខេត្តនឹងជួបពិភាក្សាជាមួយធនាគារ ដើម្បីជួយដោះស្រាយកង្វល់ អំពីការរឹបអូសផ្ទះសម្បែង ឬ ដីធ្លីដោយសារប្រាក់កម្ចីពង្រីកមុខរបរត្បាញ ហូល ផាមួង របស់ប្រជាពលរដ្ឋ ក្នុងឃុំកោះដាច់ ក្នុងពេលឆាប់ៗនេះ និងមិនឲ្យបញ្ហានេះកើតមានឡើយ។
សូមបញ្ជាក់ដែរថា ឃុំកោះដាច់ មានប្រជាពលរដ្ឋរស់នៅចំនួន ២.៩១៣គ្រួសារ គិតជាចំនួនមនុស្សមាន ១២.៧៦៧នាក់ ជាង ៨៥ភាគរយនៃប្រជាពលរដ្ឋក្នុងឃុំនេះ ប្រកបមុខរបរត្បាញ ហូល ផាមួង ដែលជាមុខរបរកេរដំណែលតាំងពីដូនតាមកម្ល៉េះ៕
