រដ្ឋាភិបាលកម្ពុជាគ្រោងនឹងរៀបចំឲ្យមានពិធីបដិសណ្ឋារកិច្ចដ៏ធំមួយនៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក នៅល្ងាចថៃ្ងច័ន្ទ ទី១៤ កក្កដានេះ ដើម្បីស្វាគមន៍ការវិលត្រទ្បប់នៃគណៈប្រតិភូខែ្មរមកពីប្រទេសកាណាដាវិញ ដែលបានទទួលជោគជ័យក្នុងការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិភណ្ឌពិភពលោករបស់អង្គការ UNESCOនោះ ។
ប្រាសាទព្រះវិហារ នៅលើភ្នំដងរែកនៃខេត្តព្រះវិហារ។
ប្រភពបានឲ្យដឹងថា គេគ្រោងរៀបចំឲ្យមានអ្នកចូលរួមចំនួនច្រើនម៉ឺននាក់ ប៉ុន្តែដោយមានការព្រួយបារម្ភខ្លាចមានភ្លៀងនៅល្ងាចថៃ្ងច័ន្ទនោះ គេបានសម្រួលឲ្យមានមនុស្សចូលរួមចំនួនរវាងពី ៦.០០០នាក់ ទៅ ៨.០០០នាក់វិញ គឺធ្វើនៅក្នុងពហុកីទ្បដ្ឋានជាតិអូទ្បាំពិក ។
លោក ផៃ ស៊ីផាន នាយកនៃការិយាល័យព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តីបានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ៖ «ជាការផ្ដល់កិត្តិយសនៃការខិតខំ ជាសេចក្ដីថ្លែងអំណរគុណនិងការគោរពដល់គណៈប្រតិភូដែលបានដាក់[ប្រាសាទព្រះវិហារ]ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ នេះគឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន...» ។
លោក ផៃ ស៊ីផាន បានឲ្យដឹងថា គណៈប្រតិភូខែ្មរដែលវិលត្រទ្បប់មកកម្ពុជាវិញនោះ រួមមានលោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តី លោក វ៉ា គឹមហុង ប្រធានគណៈកម្មការចម្រុះដោះស្រាយបញ្ហាព្រំដែនទទួលបន្ទុកផែនទី លោក ទ្បុង វីសាលោ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងលោកស្រី ចាន់ ថានី តំណាងអង្គការ UNESCO កម្ពុជា ព្រមទាំងមន្រ្តីមួយចំនួនទៀត ។
ពិធីនោះ លោកបានមានប្រសាសន៍ថា នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៥ល្ងាច ថៃ្ងច័ន្ទ ក្រោមកិច្ចការពារសន្តិសុខយ៉ាងម៉ត់ចត់ដោយសមត្ថកិច្ចក្រុងភ្នំពេញ ។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសមរង្ស៊ី បានមានប្រសាសន៍អត្ថាធិប្បាយ រិះគន់ចំពោះការរៀបចំពិធីនាពេលខាងមុខនេះ ថា ៖ «ដើម្បីយកចំណេញនយោបាយ ជាពិសេស ដោយសារជិតបោះឆ្នោត ធ្វើឲ្យគណបក្សប្រជាជនខ្លួនឯងបានទទួលផលចំណេញពីបញ្ហានេះ ។ អ្វីដែលរដ្ឋាភិបាលបង្កើតជាពិធីបុណ្យអបអរសាទរនេះ វាជារឿងចម្លែក ពីព្រោះវាមិនមែនជាការបានចំណេញដី ហើយក៏មិនមែនជាការទើបទទួលបានជ័យជំនះយកបានប្រាសាទព្រះវិហារពីការឈ្លានពានរបស់ថៃឯណា វាគ្រាន់តែជាសម្បត្តិរបស់យើងមួយ ហើយយើងយកទៅដាក់ជាបេតិកភណ្ឌពិភពលោក ដូចគ្នានឹងប្រទេស ៣០-៤០ទៀតដែលគេដាក់ដែរ» ។
សូមរំឭកថា ប្រាសាទព្រះវិហារដែលបានកសាងទ្បើងកាលពីសតវត្សរ៍ទី១១ នៅលើខ្នងភំ្នដងរែកជាប់នឹងព្រំដែនប្រទេសថៃនោះ ត្រូវបានគណៈកម្មាធិការបេតិភណ្ឌពិភពលោករបស់អង្គការ UNESCO បានសម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិភណ្ឌពិភពលោកក្នុងកិច្ចប្រជុំលើកទី៣២ ក្នុងទីក្រុងកេបិកប្រទេសកាណាដា កាលពីថៃ្ងទី ៧ ខែកក្កដា កន្លងទៅថ្មីៗនេះ ៕
ខ្មែរនៅក្រៅប្រទេសចង់ឃើញរដ្ឋាភិបាលប្តឹងថៃពីរឿងប្រាសាទព្រះវិហារ
កម្ពុជានឹងយកបញ្ហាប្រាសាទព្រះវិហារទៅតុលាការអន្តរជាតិ
អាជ្ញាធរជាតិចាប់ផ្ដើមជួសជុលប្រាសាទព្រះវិហារ
ខ្មែរប្រតិកម្មទៅនឹងមន្រ្តីថៃជុំវិញការចុះបញ្ជីប្រាសាទព្រះវិហារ
កម្ពុជាប្រតិកម្មនឹងការលើកឡើងរបស់រដ្ឋមន្ត្រីថៃពីរឿងប្រាសាទព្រះវិហារ
ស្ថានការណ៍នៅតំបន់ព្រំដែនប្រាសាទព្រះវិហារ
ស្ថានការណ៍នៅតំបន់ក្បែរប្រាសាទព្រះវិហារមានសភាពធម្មតាវិញហើយ
ទាហានខ្មែរនិងថៃពើបប្រយុទ្ធគ្នាមួយប្រាវក្បែរប្រាសាទព្រះវិហារ
មន្ត្រីជាន់ខ្ពស់គ្រោងទៅទស្សនកិច្ចតំបន់ប្រាសាទព្រះវិហារ
កម្ពុជាបដិសេធការលើកឡើងរបស់ក្រសួងការបរទេសថៃពីរឿងព្រះវិហារ
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.