អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងនៅថ្ងៃ៧ តុលានេះថា គេគ្រោងនឹងធ្វើសេចក្តីថ្លែងការណ៍រួមមួយ និងចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយតាមរយៈបណ្តាញសារព័ត៌មាន ជាមួយនឹងក្រសួងសុខាភិបាលកម្ពុជា ស្តីពីគ្រោះថ្នាក់នៃជំងឺគ្រុនផ្តាសាយ A(H1N1) នាពេលឆាប់ៗខាងមុខ។
អ្នកដំណើរពាក់ម៉ាសមុខ ខណៈដើរកាត់ផ្សារមួយ នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃ៦ តុលា ២០០៩។
ការថ្លែងដូច្នេះរបស់លោក នីម៉ា អាសហ្គារី មន្ត្រីជំនាញផ្នែកសុខភាពនៃអង្គការសុខភាពពិភពលោកជាមួយវិទ្យុអាស៊ីសេរី បានធ្វើឡើងនៅក្រោយពេលដែលអ្នកជំងឺថ្មីម្នាក់ទៀត បានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃអង្គារ ទី៦ តុលា កន្លងមក។
មន្ត្រីអង្គការសុខភាពពិភពលោករួបនេះបានថ្លែងថា ថ្វីបើចំនួនអ្នកស្លាប់នៅកម្ពុជា មិនទាន់ខ្ពស់នៅឡើយបើប្រៀបធៀបទៅនឹងបណ្តាប្រទេស ដែលកំពុងអភិវឌ្ឍន៍ដូចគ្នានេះ ប៉ុន្តែគេគួរតែឲ្យប្រជាជនប្រុងប្រយ័ត្ន។
លោក នីម៉ា អាសហ្គារី បានថ្លែងឲ្យដឹងដូច្នេះ ៖ «នឹងរៀបចំការផ្សព្វផ្សាយជាសាធារណៈបន្ថែមទៀត ផ្ដោតអំពីការក្អកត្រូវខ្ទប់មាត់ សម្អាតដៃនឹងសាប៊ូ ហើយសម្រាកនៅផ្ទះនៅពេលឈឺ និងមិនត្រូវចម្លងមេរោគនេះទៅអ្នកដទៃទៀត ហើយទាំងអស់នេះសុទ្ធតែការងារដែលអង្គការសុខភាពពិភពលោកត្រូវធ្វើជាមួយនឹងក្រសួងសុខាភិបាល»។
របាយការណ៍របស់ក្រសួងសុខាភិបាលបានអះអាងថា មកដល់ពេលនេះមានមនុស្សចំនួន៣នាក់ហើយបានស្លាប់នៅកម្ពុជា ដោយសារជំងឺគ្រុនផ្តាសាយ A(H1N1) ក្នុងចំណោមអ្នកជំងឺសរុបចំនួន១២០នាក់។
ករណីអ្នកជំងឺចុងក្រោយដែលបានស្លាប់ថ្មីៗនេះ ជាស្ត្រីមានផ្ទៃពោះចំនួន៧ខែ បានឆ្លងមេរោគគ្រុនផ្តាសាយនៅក្នុងស្រុក ក៏ប៉ុន្តែក្រុមវេជ្ជបណ្ឌិតបានជួយសង្គ្រោះទារិកានោះដោយសុវត្ថិភាព។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់បន្ថែមថា ក្រៅពីយុទ្ធនាការអប់រំបន្ថែមនោះ ក្រសួងសុខាភិបាលបានបង្កើតកន្លែងព្យាបាលរបស់រដ្ឋចំនួន២កន្លែងរួចហើយ គឺនៅមន្ទីរពេទ្យកាល់ម៉ែតនិងមន្ទីរពេទ្យរុស្ស៊ី សម្រាប់ទទួលអ្នកជំងឺ A(H1N1) ហើយលោកបានតម្រូវឲ្យគ្រប់មន្ទីរព្យាបាលឯកជនត្រូវបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យរដ្ឋជាបន្ទាន់ ពេលមានករណីសង្ស័យ។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង មានប្រសាសន៍ដូច្នេះ ៖ «ករណីដែលសង្ស័យត្រូវទាក់ទងនឹងអ្នកឆ្លើយតបបន្ទាន់ ដើម្បីនឹងធ្វើតេស្ត ហើយបើឃើញមាន A(H1N1) ហ្នឹងហើយ ត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ឬមន្ទីរពេទ្យខ្មែរសូវៀត»។
គួរជម្រាបជូនថា របាយការណ៍របស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ជំងឺគ្រុនផ្តាសាយ A(H1N1) បានរាតត្បាតនៅក្នុងពិភពលោក ដោយមានអ្នកជំងឺសរុបចំនួន៣៤០.០០០ (បីសែនបួនម៉ឺន) ករណីហើយមកដល់ពេលនេះ។
ប្រភពពីក្រសួងសុខាភិបាលបញ្ជាក់ថា ប្រទេសជឿនលឿនបានចាប់ផ្តើមប្រើប្រាស់នូវវ៉ាក់សាំងសម្រាប់ការពារ ប៉ុន្តែកម្ពុជានៅមិនទាន់មានវ៉ាក់សាំងនោះនៅឡើយទេ៕
អ្នកកើតជំងឺផ្ដាសាយA(H1N1)នៅកម្ពុជាកើនដល់៤៤៤នាក់
មន្ត្រីសុខាភិបាល៖ ពលរដ្ឋយកចិត្តទុកដាក់ក្នុងការការពារជំងឺផ្តាសាយថ្មី
មន្ទីរសុខាភិបាលខែត្រសៀមរាបគ្រោងធ្វើយុទ្ធនាការផ្សព្វផ្សាយពីផ្តាសាយថ្មី
សហជីពកម្មករសុំឲ្យអាជ្ញាធរផ្សព្វផ្សាយពីវិធីការពារជំងឺផ្ដាសាយថ្មី
ថ្នាំបង្ការជំងឺគ្រុនផ្តាសាយA(H1N1)នឹងមកដល់កម្ពុជាខែក្រោយ
មន្រ្តីសុខាភិបាលបារម្ភពីការឆ្លងនៃជំងឺផ្ដាសាយថ្មីក្នុងពេលអុំទូក
WHOនិងអាជ្ញាធរត្រៀមចែកខិត្តប័ណ្ណអប់រំពីផ្ដាសាយថ្មីក្នុងពិធីបុណ្យអុំទូក
ពលរដ្ឋបារម្ភពីការឆ្លងរាតត្បាតនៃគ្រុនផ្ដាសាយA(H1N1)នៅកម្ពុជា
អ្នកស្លាប់ដោយសារគ្រុនផ្ដាសាយ A(H1N1) កើនដល់៣នាក់ហើយនៅកម្ពុជា