WHO​និង​ក្រសួង​សុខាភិបាល​គ្រោង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​គ្រុន​ផ្តាសាយថ្មី

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​​​៧ តុលា​នេះ​ថា គេ​គ្រោង​នឹង​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ និង​ចាប់​ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​រយៈ​បណ្តាញ​សារព័ត៌មាន ជាមួយ​នឹង​ក្រសួង​សុខាភិបាល​កម្ពុជា ស្តី​ពី​គ្រោះ​ថ្នាក់​នៃ​ជំងឺ​គ្រុន​ផ្តាសាយ A​(H1N1) នា​ពេល​ឆាប់ៗ​ខាង​មុខ។

0:00 / 0:00

ការ​ថ្លែង​ដូច្នេះ​របស់​លោក នីម៉ា អាសហ្គារី មន្ត្រី​ជំនាញ​ផ្នែក​សុខភាព​នៃ​អង្គការ​សុខភាព​ពិភព​លោក​ជាមួយ​វិទ្យុ​អាស៊ី​សេរី បាន​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​អ្នក​ជំងឺ​ថ្មី​ម្នាក់​ទៀត បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត កាល​ពី​ថ្ងៃ​អង្គារ ទី​៦ តុលា កន្លង​មក។

មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​រួប​នេះ​បាន​ថ្លែង​ថា ថ្វី​បើ​ចំនួន​អ្នក​ស្លាប់​នៅ​កម្ពុជា មិន​ទាន់​ខ្ពស់​នៅ​ឡើយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​បណ្តា​ប្រទេស ដែល​កំពុង​អភិវឌ្ឍន៍​ដូចគ្នា​នេះ ប៉ុន្តែ​គេ​គួរ​តែ​ឲ្យ​ប្រជាជន​ប្រុង​ប្រយ័ត្ន។

លោក នីម៉ា អាសហ្គារី បាន​ថ្លែង​ឲ្យ​ដឹង​ដូច្នេះ ៖ «នឹង​រៀបចំ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​បន្ថែម​ទៀត ផ្ដោត​អំពី​ការ​ក្អក​ត្រូវ​ខ្ទប់​មាត់ សម្អាត​ដៃ​នឹង​សាប៊ូ ហើយ​សម្រាក​នៅ​ផ្ទះ​នៅ​ពេល​ឈឺ និង​មិន​ត្រូវ​ចម្លង​មេរោគ​នេះ​ទៅ​អ្នក​ដទៃ​ទៀត ហើយ​ទាំង​អស់​នេះ​សុទ្ធតែ​ការងារ​ដែល​អង្គការ​សុខភាព​ពិភពលោក​ត្រូវ​ធ្វើ​ជាមួយ​នឹង​ក្រសួង​សុខាភិបាល»

របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​អះអាង​ថា មក​ដល់​ពេល​នេះ​មាន​មនុស្ស​ចំនួន​៣​នាក់​ហើយ​បាន​ស្លាប់​នៅ​កម្ពុជា ដោយសារ​ជំងឺ​គ្រុន​ផ្តាសាយ A(H1N1) ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​ចំនួន​១២០​នាក់។

ករណី​អ្នក​ជំងឺ​ចុង​ក្រោយ​ដែល​បាន​ស្លាប់​ថ្មីៗ​នេះ ជា​ស្ត្រី​មាន​ផ្ទៃ​ពោះ​ចំនួន​៧​ខែ បាន​ឆ្លង​មេរោគ​គ្រុន​ផ្តាសាយ​នៅ​ក្នុង​ស្រុក ក៏ប៉ុន្តែ​ក្រុម​វេជ្ជបណ្ឌិត​បាន​ជួយ​សង្គ្រោះ​ទារិកា​នោះ​ដោយ​សុវត្ថិភាព។

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​បន្ថែម​ថា ក្រៅ​ពី​យុទ្ធនាការ​អប់រំ​បន្ថែម​នោះ ក្រសួង​សុខាភិបាល​បាន​បង្កើត​កន្លែង​ព្យាបាល​របស់​រដ្ឋ​ចំនួន​២​កន្លែង​រួច​ហើយ គឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​និង​មន្ទីរពេទ្យ​រុស្ស៊ី សម្រាប់​ទទួល​អ្នក​ជំងឺ A(H1N1) ហើយ​លោក​បាន​តម្រូវ​ឲ្យ​គ្រប់​មន្ទីរ​ព្យាបាល​ឯកជន​ត្រូវ​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ​រដ្ឋ​ជា​បន្ទាន់ ពេល​មាន​ករណី​សង្ស័យ។

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង មាន​ប្រសាសន៍​ដូច្នេះ ៖ «ករណី​ដែល​សង្ស័យ​ត្រូវ​ទាក់​ទង​នឹង​អ្នក​ឆ្លើយ​តប​បន្ទាន់ ដើម្បី​នឹង​ធ្វើ​តេស្ត ហើយ​បើ​ឃើញ​មាន A(H1N1) ហ្នឹង​ហើយ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ឬ​មន្ទីរពេទ្យ​ខ្មែរ​សូវៀត»

គួរ​ជម្រាប​ជូន​ថា របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹង​ថា ជំងឺ​គ្រុន​ផ្តាសាយ A(H1N1) បាន​រាតត្បាត​នៅ​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ជំងឺ​សរុប​ចំនួន​៣៤០.០០០ (បី​សែន​បួន​ម៉ឺន) ករណី​ហើយ​មក​ដល់​ពេល​នេះ។

ប្រភព​ពី​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ប្រទេស​ជឿនលឿន​បាន​ចាប់​ផ្តើម​ប្រើ​ប្រាស់​នូវ​វ៉ាក់សាំង​សម្រាប់​ការពារ ប៉ុន្តែ​កម្ពុជា​នៅ​មិន​ទាន់​មាន​វ៉ាក់សាំង​នោះ​នៅ​ឡើយ​ទេ៕