មនុស្សព្រៃឈ្មោះនាង រចំ ភ្ញៀង ត្រូវបានរកឃើញ និងស្រង់ចេញពីអណ្តូងបង្គន់មួយរបស់អ្នកភូមិក្បែរផ្ទះគ្នាដែលមានជម្រៅជិត ១០ម៉ែត្រ។ ពួកអ្នកភូមិបានស្រង់យកនាងចេញមកវិញ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា នេះ បន្ទាប់ពីនាងធ្លាក់ចូលទៅក្នុងអណ្តូងនោះអស់រយៈពេល ៩ថ្ងៃកន្លងមក។
មានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត បន្ទាប់ពីគ្រួសារនាងប្រកាសអំពីការបាត់ខ្លួននាង រចំ ភ្ញៀង ចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ហើយក្រុមគ្រួសារ និងអ្នករស់នៅក្បែរខាងក្នុងស្រុកអូរយ៉ាដាវ ជាមួយគ្នា បានដាក់ការសង្ស័យថា នាង រចំ ភ្ញៀង អាចនឹងចូលទៅរស់នៅក្នុងព្រៃវិញ។
លោក សល់ លូ ជាឪពុកមនុស្សព្រៃឈ្មោះ រចំ ភ្ញៀង បានឲ្យដឹងនៅថ្ងៃទី៥ មិថុនានេះថា លោកនិងអ្នកភូមិជិតខាង បានស្វែងរក រចំ ភ្ញៀង មិនឃើញ រហូតកាលពីរសៀលថ្ងៃទី៤ ខែមិថុនា នៅពេលដែលអ្នកភូមិក្បែរផ្ទះគ្នាចូលទៅបត់ជើងនៅបង្គន់ក្រោយផ្ទះចម្ងាយ ២០០ម៉ែត្រនោះ ស្រាប់តែគេបានឮសំឡេងស្រែកពីក្នុងអណ្តូងបង្គន់។ ពេលនោះពួកអ្នកភូមិបាននាំគ្នាយកពិលឆ្លុះមើល និងបានដឹងថា នៅក្នុងអណ្តូងបង្គន់នោះមានមនុស្ស ហើយពួកអ្នកស្រុកក៏បានជួយចុះទៅស្រង់យកចេញមកវិញ និងបានឃើញថា នោះគឺជាកូនស្រីរបស់លោក។
លោក សល់ លូ បានឲ្យដឹងដូច្នេះ ៖ «អ្នកម្ចាស់ផ្ទះគេហ្នឹង គាត់ទៅបត់ជើងរាល់ថ្ងៃ មិនដឹងយ៉ាងម៉េចគេអត់ចាប់អារម្មណ៍ ដល់កូនគាត់ទៅបត់ជើងបានឮវាស្រែកនៅក្នុងហ្នឹង បានរត់ទៅរកពិលហ្នឹងទៅបញ្ចាំងបានឃើញ»។
លោក សល់ លូ បានរៀបរាប់ថា នៅពេលស្រង់ឡើងដល់ខាងលើ កូនស្រីរបស់លោកបានសន្លប់ ហើយបានដឹងខ្លួនវិញក្រោយពេលលោកបានសម្អាតលាមករួចរាល់អស់ ប៉ុន្តែនាងបានស្រែក និងថ្ងូរដោយការឈឺចាប់ជាប់រហូតចាប់ពីពេលដែលនាងបានដឹងខ្លួនវិញ។ ឥឡូវនេះនៅលើខ្លួនបា្រណរបស់នាងត្រូវរលាក និងកើតដំបៅ ដោយសារត្រាំនៅក្នុងអណ្តូងលាមកយូរថ្ងៃពេក។
ការធ្លាក់ចូលទៅក្នុងអណ្តូងបង្គន់របស់អ្នកជិតខាងនោះ លោក សល់ លូ បញ្ជាក់អំពីការសង្ស័យបែបនេះថា ៖ «គិតក្នុងចិត្តថា មានការសង្ស័យ វាតូចពេកអារន្ធបង្គន់ហ្នឹង ហេតុអីវាចុះនៅក្នុងបាន? ឲ្យខាងជំនាញគេពិនិត្យបញ្ជាក់»។
អនុប្រធានមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ លោក សេវ ឈឿន បានបញ្ជាក់ថា បានបញ្ជូនគ្រូពេទ្យទៅពិនិត្យសុខភាពរួចហើយ ហើយបានឃើញថា មនុស្សព្រៃនោះមានបញ្ហារលាកក្រពះ ប៉ុន្តែទោះជាយ៉ាងណា លោកនឹងបន្តពិនិត្យព្យាបាលនាងតទៅទៀត ដោយនាំក្រុមគ្រូពេទ្យចុះទៅព្យាបាលនៅល្ងាចថ្ងៃទី៥ មិថុនា នេះ។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី លោក ហ៊ីង ថានសុគន្ធា បានឲ្យដឹងដែរថា ក្នុងការពិនិត្យ និងព្យាបាលកន្លងមកឃើញថា មនុស្សព្រៃរូបនោះមានជំងឺផ្នែកសុខភាពផ្លូវចិត្ត។ លោកថា ការជាប់នៅក្នុងអណ្តូងបង្គន់យូរថ្ងៃនោះ នាងគួរតែស្រែកឲ្យគេបានដឹង ប៉ុន្តែនាងគ្មានសតិគ្រប់គ្រាន់ទេ។
លោក ហ៊ីង ថានសុគន្ធា មានប្រសាសន៍ដូច្នេះ ៖ «ខ្លាចក្រែងលោអណ្តូងហ្នឹងវារាក់ទេ មិនបានដល់ ១០ម៉ែត្រផង? អាចខ្យល់ចេញចូលបាន។ យើងថា អត់ទាន់អីទេ រស់នៅក្នុងហ្នឹងបាន ដោយសារមានទឹក និយាយរួមមនុស្សយើងឲ្យតែមានទឹកវាអាចរស់បាន។ ខ្យល់អុកស៊ីហ្សែនគ្រប់គ្រាន់ដែរ ព្រោះវាជម្រៅ ១០ម៉ែត្រ អត់អីទេនៅរតនគិរីយើង»។
នាង រចំ ភ្ញៀង ត្រូវគេហៅថា ជាមនុស្សព្រៃ បន្ទាប់ពីនាងបានបាត់ខ្លួនអស់រយៈពេល ១៨ឆ្នាំ តាំងពីមានអាយុ ៩ឆ្នាំម៉្លេះ ហើយត្រូវអ្នកស្រុក និងឪពុករបស់នាងចាប់នាំខ្លួនពីព្រៃមកវិញ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០០៧។
កាលពីឆ្នាំ១៩៨៩ មានក្មេងស្រី ២នាក់ គឺនាង រចំ ភ្ញៀង និងប្អូនស្រីជីដូនមួយរបស់នាងម្នាក់ទៀតឈ្មោះ រចំ ប៉ឺន អាយុ ៨ឆ្នាំ បានបាត់ខ្លួននៅក្នុងគ្រាចេញទៅឃ្វាលក្របីនៅចំណុចមិនឆ្ងាយពីភូមិក្នុងភូមិសាស្រ្តព្រៃស្មៅ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី៕