អង្គការ​ការពារ​សត្វ​ព្រៃ​បារម្ភ​ចំពោះ​ផល​ប៉ះពាល់​ពី​ការ​ផ្ដល់​ដី​សម្បទាន

អង្គការ​ការពារ​បរិស្ថាន និង​សត្វ​ព្រៃ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ និង​សត្វ​ព្រៃ ចំពោះ​ការ​ផ្ដល់​ដី​សម្បទាន​រាប់​ពាន់​ហិកតារ​នៅ​ជ្រលង​ភ្នំ​ក្រវាញ ខេត្ត​ព្រះសីហនុ។

0:00 / 0:00

អង្គការ​ការពារ​សត្វ​ព្រៃ​អន្តរជាតិ Wildlife Alliance ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ដើម​ខែ​កក្កដា កន្លង​ទៅ​នេះ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ បដិសេធ​លើ​សំណើ​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​អូស្ត្រាលី​ចំនួន​ពីរ ឈ្មោះ Indochina Gateway Capital Ltd. និង​ក្រុមហ៊ុន BKK Partners ដែល​កំពុង​ស្នើ​សុំ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា ទំហំ ២៥.០០០​ហិកតារ (ពីរ​ម៉ឺន​ប្រាំ​ពាន់​ហិកតារ) ដើម្បី​ដាំ​ដំណាំ​ចេក និង​ដំណាំ​កសិឧស្សាហកម្ម​ផ្សេងៗ​ទៀត។

ការ​ទាមទារ​របស់​ក្រុម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​បាន​រក​ឃើញ​ក្រុមហ៊ុន​អូស្ត្រាលី​ទាំង​នេះ នឹង​ប្រើប្រាស់​ថ្នាំ​ពុល​សម្លាប់​សត្វ​ល្អិត រួម​ជាមួយ​ជី​គីមី​ទៅ​លើ​ដំណាំ​ដែល​ពួកគេ​គ្រោង​ដាំ ហើយ​ដែល​អាច​នាំ​ឲ្យ​ហិនហោច​ដល់​ជីវិត​សត្វ​ដំរី សត្វ​ក្រពើ​ព្រៃ ជីវចម្រុះ និង​ជីវិត​មនុស្ស​ប្រមាណ ២.៥០០​គ្រួសារ (ពីរ​ពាន់​ប្រាំ​រយ) នៅ​តំបន់​នោះ។

ប្រធាន​អង្គការ Wildlife Alliance លោក ម៉ៃខល ស្វ៊ឺន (Michael Zwirn) មាន​ប្រសាសន៍​ថា ក្រុម​របស់​លោក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ប្រព័ន្ធ​ការពារ​បរិស្ថាន និង​ជម្រក​សត្វ​ព្រៃ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ ដែល​អាច​រង​ការ​បំផ្លាញ​ពី​ការ​ប្រើប្រាស់​ថ្នាំ​គីមី​លើ​ដំណាំ​ចេក​ទៅ​តាម​គម្រោង​របស់​ក្រុមហ៊ុន​អូស្ត្រាលី​ទាំង​ពីរ​នោះ។

លោក ម៉ៃខល ស្វ៊ឺន បញ្ជាក់​ដូច្នេះ​ថា៖ «ការ​ព្រួយ​បារម្ភ​របស់​យើង​ដ៏​ធំ​បំផុត ដោយសារ​តំបន់​នោះ​គឺ​ជា​ជម្រក​សត្វ​ព្រៃ​ដែល​ជិត​ផុត​ពូជ​មួយ​ចំនួន រួម​ទាំង​សត្វ​ដំរី​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដ៏​ធំ​ដែរ។ យើង​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ចំពោះ​ភាព​ហិនហោច​ដល់​ជីវចម្រុះ និង​ការ​បំពុល​ទៅ​ដល់​ប្រព័ន្ធ​ខ្សែ​ទឹក​ខាង​ក្រោម​នៃ​ជ្រលង​ភ្នំ​ក្រវាញ»

លោក​ថ្លែង​បន្ត​ថា ប្រសិន​បើ​ក្រុមហ៊ុន​អូស្ត្រាលី​នេះ ចង់​ដាំ​ដំណាំ​ចេក ឬ​ដំណាំ​ផ្សេងៗ​ទៀត ពួកគេ​គួរ​ជ្រើសរើស​តំបន់​ណា​ដែល​មិន​មែន​ជា​តំបន់​អភិរក្ស​ជម្រក​សត្វ​ព្រៃ ឬ​តំបន់​ការពារ​ព្រៃ​ឈើ​សម្រាប់​ការ​ថែរក្សា​នៃ​ប្រព័ន្ធ​ការពារ​បរិស្ថាន​ដូច​តំបន់​ជួរ​ភ្នំ​ក្រវាញ​នោះ​ឡើយ។

ចំណែក​មន្ត្រី​គ្រប់គ្រង​កម្មវិធី​នៃ​អង្គការ Wildlife Alliance លោកស្រី ឡេសលី ភើមែន (Lesley Perlman) មាន​ប្រសាសន៍​តាម​រយៈ​សារ​អេឡិចត្រូនិក (E-mail) ថា ក្រុមហ៊ុនIndochina Gateway Capital Ltd. និង​ក្រុមហ៊ុន BKK Partnersកន្លង​មក​បាន​ធ្វើ​បទ​បង្ហាញ​ទៅ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​ជាមួយ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត អំពី​ឈ្មោះ​ថ្នាំ​គីមី​ពុល​សម្លាប់​សត្វ​ល្អិត និង​ថ្នាំ​ពុល​សម្លាប់​ជាតិ​ដុះ​ផ្សិត​ផ្សេងៗ​ចំនួន​បី​ប្រភេទ ដែល​គេ​គ្រោង​ប្រើប្រាស់​ទៅ​លើ​ដំណាំ​ចេក​នៅ​ទី​នោះ។

ថ្នាំ​គីមី​ពុល​ទាំង​បី​នោះ​មាន​ឈ្មោះ Chlorothalonil, Flocoumafen និង Diquat Dibromide ដែល​មាន​ការ​ហាមប្រាម​យ៉ាង​ខ្លាំង​ពី​អង្គការ​សុខភាព​ពិភពលោក និង​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​របស់​សហរដ្ឋ​អាមេរិក ដោយសារ​ថ្នាំ​គីមី​ទាំង​នេះ​មាន​សារធាតុ​ពុល​យ៉ាង​ខ្លាំង​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​សត្វ​ព្រៃ​ជីវចម្រុះ និង​ប្រព័ន្ធ​ការពារ​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​ក្រុមហ៊ុន​អូស្ត្រាលី​ទាំង​ពីរ​ខាង​លើ​នេះ​បាន​ទេ ទាក់ទង​ទៅ​នឹង​ភាព​ចម្រូងចម្រាស​នៃ​ការ​ប្រើប្រាស់​ថ្នាំ​គីមី​ពុល និង​ការ​សុំ​ដី​សម្បទាន​នៅ​តំបន់​អភិរក្ស​ភ្នំ​ក្រវាញ​នេះ។

លោក អ៊ុង ស៊ីនណារ៉ា អ្នក​ជំនាញ​ខាង​ការ​ប្រើប្រាស់​ថ្នាំ​ពុល​សម្លាប់​សត្វ​ល្អិត និង​ការ​ប្រើប្រាស់​ជី​គីមី​ទៅ​លើ​ដំណាំ​កសិកម្ម​ក្នុង​រដ្ឋ​តិចសាស់ មាន​ប្រសាសន៍​ថា ថ្នាំ​គីមី​សម្លាប់​សត្វ​ល្អិត ឬ​ជី​គីមី មិន​ត្រឹមតែ​អាច​សម្លាប់​សត្វ​ល្អិត​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​សម្លាប់​ជីវិត​មនុស្ស​ផង​ដែរ ព្រម​ទាំង​បំផ្លាញ​ដល់​គុណភាព​ដី​ថែម​ទៀត។

លោក​ពន្យល់​ដូច្នេះ ៖ «ថ្នាំ​ហ្នឹង​គេ​បង្កើត​ឡើង​សម្រាប់​សម្លាប់​សត្វ​ល្អិត ម្ល៉ោះ​ហើយ​ជាតិ​គីមី​ដែល​នៅ​ក្នុង​ថ្នាំ​ហ្នឹង គឺ​ប៉ះពាល់​អ្វី​នៅ​ក្នុង​ការ​រស់​នៅ​របស់​​សត្វ​លោក​ទាំង​អស់។ ដូច្នេះ​មនុស្ស​ក៏​ជា​សត្វ​លោក​ដែរ ម្ល៉ោះ​ហើយ​ថ្នាំ​គីមី​ហ្នឹង​ធ្វើ​ឲ្យ​យើង​ពិបាក​ដក​ដង្ហើម ហើយ​ឲ្យ​យើង​កម្រើក​ដៃ​កម្រើក​ជើង​អត់​កើត សត្វ​ល្អិត​កម្រើក​ដៃ​កម្រើក​ជើង​អត់​កើត ដូច្នេះ​មនុស្ស​ក៏​អ៊ីចឹង​ដែរ»

លោក អ៊ុង ស៊ីនណារ៉ា មាន​ប្រសាសន៍​បន្ត​ថា ថ្នាំ​គីមី​សម្លាប់​សត្វ​ល្អិត​នឹង​អាច​បំផ្លាញ​សត្វ​ផ្សេង​ទៀត ដែល​គេ​មិន​ចង់​សម្លាប់​ផង​ដែរ។

លោក​ថ្លែង​ថា រដ្ឋាភិបាល​គួរ​ចាត់​វិធានការ​ទប់ទល់​ការ​ប្រើប្រាស់​ថ្នាំ​គីមី​ពុល​ទាំង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​រក្សា​ដល់​បរិស្ថាន ក៏​ដូច​ជា​ពិភពលោក​ទាំង​មូល ៖ «អា​ជាតិ​គីមី​ដែល​យើង​បាញ់​សម្លាប់​សត្វ​ល្អិត​ហ្នឹង​វា​អាច​នៅ​ជាប់​ក្នុង​ដី​រយៈពេល​ពីរ​ឆ្នាំ​យ៉ាង​តិច។ វា​អត់​រលាយ​ទៅ​ណា​ទេ គឺ​នៅ​ហ្នឹង​ឯង ហើយ​បើ​យើង​បាញ់​ក្នុង​មួយ​ឆ្នាំៗ​ច្រើន​ទៅៗ វា​កាន់​តែ​កើន​ឡើងៗ ម្ល៉ោះ​ហើយ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ហ្នឹង​វា​ប៉ះពាល់​ច្រើន​យ៉ាង​ណាស់ ដែល​យើង​មិន​អាច​គិត​បាន។ វា​អាច​ប៉ះពាល់​លើ​សរសៃ​ប្រសាទ សរសៃ​ប្រសាទ​មិន​ដឹង​ជា​ស្អី? ជួនកាល​ទទេៗ​ទៅ​ស្រវាំង​ភ្នែក​ទៅ ជួនកាល​ទទេៗ​ស្ពឹក​ខ្នង​ទៅ ដក​ដង្ហើម​មិន​សូវ​រួច​ទៅ យើង​ខំ​ទៅ​ពេទ្យ យើង​អត់​ដឹង​ខ្លួន​ទេ ស្រាប់​តែ​ពីរ​បី​ឆ្នាំ​បាន​ចាប់​ផ្ដើម​មាន​មហារីក​អ៊ីចឹង​ទៅ។ ម្ល៉ោះ​ហើយ​ប្រសិន​បើ​មាន​នរណា​នៅ​ក្នុង​ប្រទេស​ខ្មែរ​ប្រើ​ថ្នាំ​ជាតិ​គីមី ដែល​អង្គការ​គេ​ហាម​មិន​ឲ្យ​ប្រើ គួរ​តែ​ចាប់​ហើយ»

ចំណែក​លោក​បណ្ឌិត យ៉ង សាំងកុមារ ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា មាន​ប្រសាសន៍​ថា ប្រសិន​បើ​ក្រុមហ៊ុន​អូស្ត្រាលី​ទាំង​នេះ​ប្រើប្រាស់​ថ្នាំ​គីមី​ពុល​ក្នុង​កម្រិត​ដ៏​ខ្លាំង​នេះ​មែន វា​ជា​អំពើ​ដ៏​ខុស​ច្បាប់​មួយ​ដែល​ក្រសួង​កសិកម្ម​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់ ៖ «ទី​មួយ​គឺ​យើង​ទាមទារ​ឲ្យ​ស្ថាប័ន​ជំនាញ ដូច​ជា​ក្រសួង​កសិកម្ម​នេះ គឺ​អនុញ្ញាត​ឲ្យ​បាន​ច្បាស់លាស់​សិន ពីព្រោះ​នៅ​តាម​ប្រទេស​កម្ពុជា​យើង ក៏​យើង​មាន​ហាម​នូវ​ថ្នាំ​មួយ​ចំនួន​ដែរ ជា​ពិសេស​ថ្នាំ​ពុល​ដែល​គ្រោះថ្នាក់​បំផុត​លេខ​មួយ​ហ្នឹង»

ឆ្លើយ​តប​ទៅ​នឹង​ក្រុម​អ្នក​ឃ្លាំ​មើល និង​ក្រុម​អភិរក្ស​បរិស្ថាន​ខាង​លើ ទាក់ទិន​ការ​ព្រួយ​បារម្ភ​អំពី​គម្រោង​ដាំ​ចេក​ក្នុង​តំបន់​អភិរក្ស​ជួរ​ភ្នំ​ក្រវាញ​របស់​ក្រុមហ៊ុន​អូស្ត្រាលី​នេះ​ដែរ លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ថា ក្រសួង​កសិកម្ម​នៅ​មិន​ទាន់​ធ្វើ​ការ​ពិចារណា​ចំពោះ​សំណើ​សុំ​ដី​សម្បទាន​របស់​ក្រុមហ៊ុន Indochina Gateway Capital Ltd. នោះ​ឡើយ​ទេ។

លោក​ថ្លែង​បន្ត​ថា កម្ពុជា​ក៏​កំពុង​រឹតត្បិត និង​ប្រុង​ប្រយ័ត្ន​ជា​អាទិភាព​ដល់​ការ​ប្រើប្រាស់​ថ្នាំ​គីមី​ពុល​ទៅ​លើ​ដំណាំ​ទាំង​ឡាយ​នៅ​ក្នុង​ប្រទេស​ផង​ដែរ ៖ «ពេល​នេះ​អត់​ទាន់​បាន​ទេ ព្រោះ​យើង​កំពុង​ធ្វើការ​សិក្សា​ចំពោះ​ការ​ស្នើ​សុំ​របស់​គាត់​លើ​ផ្ទៃ​ដី​ដែល​ត្រូវ​ការ​ដាំ។ ដូច្នេះ​ក្រុម​បច្ចេកទេស​របស់​យើង​កំពុង​ធ្វើការ​សិក្សា​អំពី​រឿង​នេះ​ឲ្យ​បាន​ដិតដល់។ ដោយ​ឡែក​ការ​ប្រើប្រាស់​ជី​គីមី​ជី​ស្អី​នេះ យើង​ក៏​មាន​បញ្ជី​ហាមឃាត់​ដែល​ត្រូវ​ឲ្យ​នាំ​ចូល គឺ​ថា យើង​ត្រូវ​ហ្មត់ចត់​ចំពោះ​ការ​នាំ​ចូល​មក ត្រូវ​មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​សិន»

លោក​រដ្ឋមន្ត្រី​ក៏​បាន​ឆ្លើយ​តប​ដោយ​ផ្ទាល់​ទៅ​អង្គការ Wildlife Alliance ផង​ដែរ​ថា ក្រសួង​កសិកម្ម​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ផល​ប៉ះពាល់​ទាំង​នោះ។

ជួរ​ភ្នំ​ក្រវាញ​ជា​តំបន់​អភិរក្ស​ដែល​សំបូរ​ទៅ​ដោយ​ព្រៃ​ឈើ និង​សត្វ​ព្រៃ​ជា​ច្រើន មាន​ដំរី ខ្លា​ព្រៃ ជ្រូក​ព្រៃ ក្រពើ ឈ្លូស ប្រើស និង​សត្វ​ជា​ច្រើន​ប្រភេទ​ទៀត។

ក្រុម​អ្នក​អភិរក្ស​និយាយ​ថា តំបន់​នេះ​ជា​តំបន់​មួយ​ដែល​មាន​សក្ដានុពល​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​កម្សាន្ត​បន្ថែម​ក្រៅ​ពី​ប្រាសាទ​អង្គរ និង​តំបន់​ឆ្នេរ​សមុទ្រ។ ម្យ៉ាង​ទៀត​តំបន់​ព្រៃ​ភ្នំ​នេះ​មាន​សារសំខាន់​បំផុត​សម្រាប់​ឲ្យ​សិស្សានុសិស្ស​ចុះ​ធ្វើ​កម្មសិក្សា ឬ​ការ​ស្រាវជ្រាវ​ពី​ធម្មជាតិ៕