ស្ត្រី​ម្ចាស់​ផ្ទះ​ជួញ​ដូរ​សត្វ​ព្រៃ​ចោទ​មន្ត្រី Wild Aid ថា​ធ្វើ​ឲ្យ​បាត់​ទ្រព្យ​សម្បត្តិ​គាត់

ការ​ឆ្មក់​ចូល​ឆែកឆេរ​ផ្ទះ​អ្នក​ជួញ​ដូរ​សត្វ​ព្រៃ ដោយ​មន្ត្រី​អង្គការ​អភិរក្ស​សត្វ​ព្រៃ​វ៉ាយអេដ (Wild Aid) ត្រូវ​បាន​ម្ចាស់​ផ្ទះ​ចោទ​ប្រកាន់​ថា ធ្វើ​ឲ្យ​បាត់​មាស និង​ពេជ្រ​របស់​អ្នក​ភូមិ​ក្នុង​តម្លៃ​ច្រើន​ពាន់​ដុល្លារ ប៉ុន្តែ មន្ត្រី​អង្គការ​វ៉ាយអេដ ចាត់​ទុក​ថា​នេះ​ជា​ការ​ចោទ​ប្រកាន់​ដោយ​សារ​កំហឹង។

0:00 / 0:00

ស្ត្រី​ជា​ម្ចាស់​ផ្ទះ​ជួញ​ដូរ​សត្វ​ព្រៃ​នៅ​ភូមិ​ស្វាយដូនកែវ ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ បាន​ចោទ​ប្រកាន់​មន្ត្រី​អង្គការ​អភិរក្ស​សត្វ​ព្រៃ និង​ក្រុម​ចម្រុះ​ដែល​ចុះ​ទៅ​ឆែក​ចាប់​សត្វ​ព្រៃ បណ្ដាល​ឲ្យ​បាត់​មាស និង​ពេជ្រ​ក្នុង​ផ្ទះ​គាត់។

អ្នកស្រី លី វ៉ាន់នី អាយុ​២៥​ឆ្នាំ មាន​មុខ​របរ​ជា​អ្នក​សំអាង​ការ អ្នកស្រី​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា ថា មន្ត្រី​អង្គការ​អភិរក្ស​សត្វ​ព្រៃ​ដែល​គាត់​បាន​ស្គាល់​ឈ្មោះ​ពីរ​រូប គឺ​លោក ពៅ សារី និង​លោក អ៊ូ សុវណ្ណារ៉េត ព្រម​ទាំង​សមត្ថកិច្ច​ប៉ូលិស ប៉េអិម​ជាច្រើន​នាក់​ទៀត កាល​ពី​ថ្ងៃ​២៦ កក្កដា បាន​ឆ្មក់​ចូល​ឆែកឆេរ​ផ្ទះ​គាត់​រក​ចាប់​សត្វ​ព្រៃ។

គាត់​បន្ត​ថា សកម្មភាព​នេះ​បាន​បណ្ដាល​ឲ្យ​បាត់​បង់​គ្រឿង​អលង្ការ​ដែល​ជា​មាស​ទឹក​ដប់​មួយ​ចំនួន មាស​ទឹក​៧​មួយ​ចំនួន និង​ចិញ្ចៀន​ពេជ្រ​មួយ​វង់​តម្លៃ​សរុប​ជា​ទឹក​ប្រាក់​ជិត​មួយ​ម៉ឺន​ដុល្លារ​អាមេរិក៖ «បាត់​មាស​សុទ្ធ​៣​តម្លឹង​កន្លះ ប្លាទីន​ហ្នឹង របស់​ម្ដាយ​ក្មេក​ខ្ញុំ​៥​តម្លឹង​៣ជី​៨ហ៊ុន និង​របស់​ខ្ញុំ​៨ជី​កន្លះ និង​ចិញ្ចៀន​ពេជ្រ​មួយ​វង់ តម្លៃ​៦០០​ដុល្លារ។ របស់​ទាំង​នេះ ខ្ញុំ​មាន​វិក្កយបត្រ​ទិញ​ទាំង​អស់។ ខ្ញុំ​ដាក់​គ្រឿង​អលង្ការ​ខ្ញុំ​ក្នុង​ស្រោម​ខ្នើយ ក៏​គេ​យក​ដែរ»

មន្ត្រី​អង្គការ​អភិរក្ស​សត្វ​ព្រៃ គឺ​លោក អ៊ូ វណ្ណារ៉េត សុំ​មិន​ឆ្លើយ​តប​សំណួរ​របស់​វិទ្យុ​អាស៊ី​សេរី ទេ នៅ​ថ្ងៃ​ទី​១៤ សីហា រហូត​ដល់​មាន​ការ​អនុញ្ញាត​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​នេះ៖ «ខ្ញុំ​ធ្វើ​ការ​ជាមួយ​អង្គការ ដូច្នេះ​មុន​នឹង​និយាយ​អ្វី​ជាមួយ​អ្នក​កាសែត ទាល់​ខ្ញុំ​សួរ​ប្រធាន​ខ្ញុំ​សិន​បង»

យ៉ាង​នេះ​ក្ដី ប្រធាន​ក្រុម​បង្ក្រាប​បទល្មើស​សត្វ​ព្រៃ​ចល័ត​នៃ​អង្គការ​អភិរក្ស​សត្វ​ព្រៃ​វ៉ាយអេដ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ពន្យល់​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ថា កើត​ចេញ​ពី​ការ​ខឹង​សម្បារ​ដោយ​សារ​អង្គការ​នេះ​បាន​ចាប់​សត្វ​ព្រៃ​ល្មើស​ច្បាប់​របស់​ស្ត្រី​រូប​នេះ៖ «តាម​ពិត ប្រតិបត្តិការ​នេះ​យើង​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ។ តាម​ដែល​ខ្ញុំ​ដឹង នៅ​ពេល​ដែល​យើង​ធ្វើ​កំណត់​សាមីខ្លួន គេ​បាន​ផ្ដិត​មេដៃ​ទទួល​ស្គាល់ អី​ថា​អត់​មាន​បាត់​អី​ទេ។ តែ​មនុស្ស​ហ្នឹង ប្រហែល​ជា​មាន​ល្បិច​អី​ហើយ បាន​ជា​ទៅ​ដល់​ប៉ុស្តិ៍​ប៉ូលិស​គេ​ថា​មាន​បាត់​អី​ហ្នឹង​ទៅ»

ទាក់​ទិន​នឹង​ការ​ចោទ​ប្រកាន់​នេះ​ដែរ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយដូនកែវ គឺ​លោក គុយ បូរ៉ា ដែល​បាន​ដឹកនាំ​កម្លាំង​ចូល​រួម​សហការ​ជាមួយ​អង្គការ​អភិរក្ស​សត្វ​ព្រៃ​ក្នុង​ការ​ឆ្មក់​ចូល​ឆែកឆេរ​ផ្ទះ​អ្នកស្រី លី វ៉ាន់នី នោះ មាន​ប្រសាសន៍​ថា នេះ​ជា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ពិត៖ «ខាង​ប៉ូលិស​ប៉ុស្តិ៍​យើង គ្រាន់​តែ​តាម​សហការ​ទេ។ ខាង​អង្គការ​គេ​ជា​អ្នក​ធ្វើ​ការ​ឆែកឆេរ។ ប៉ុន្តែ តាម​ការ​ពិនិត្យ​របស់​ខ្ញុំ​ឃើញ​ថា អង្គការ​គេ​ធ្វើ​ត្រឹមត្រូវ​ណាស់។ ចំណែក​សត្វ​គេ​យក​ទៅ​លែង​នៅ​តំបន់​អភិរក្ស​អស់​ហើយ»

ការ​ឆ្មក់​ចូល​ឆែកឆេរ​ផ្ទះ​អ្នក​ជួញ​ដូរ​សត្វ​ព្រៃ អ្នកស្រី លី វ៉ាន់នី នេះ បាន​រក​ឃើញ​ប្រវឹក​២៣​ក្បាល ពស់​៥៦​គីឡូក្រាម អណ្ដើក​១៧​គីឡូក្រាម សត្វ​ត្រកួត​មួយ​ក្បាល​ទម្ងន់​១,៧​គីឡូក្រាម។ អ្នកស្រី លី វ៉ាន់នី បាន​ឲ្យ​ដឹង​ថា អ្នកស្រី​ព្រម​ទទួល​កំហុស និង​ទទួល​ការ​ផាក​ពិន័យ​តាម​ផ្លូវ​ច្បាប់​ចំពោះ​បទល្មើស​នេះ។ តែ​អ្នកស្រី​បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ អង្គការ​សិទ្ធិ​មនុស្ស​នានា ប្រចាំ​ខេត្ត​ពោធិ៍សាត់ ចំពោះ​ករណី​បាត់​បង់​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​អ្នកស្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។