ប្រជាពលរដ្ឋមួយចំនួនមានការត្អូញត្អែរពីទំនិញឡើងថ្លៃសព្វសារពើ តែចំណូលរកបានតិច មិនអាចផ្គត់ផ្គង់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបាន ពួកគេទាំងនោះសុំឲ្យគ្រប់គណបក្សនយោបាយបានជាប់ឆ្នោត ដែលប្រជាពលរដ្ឋបានបោះឆ្នោតជូនហើយនោះ ពិសេស គណបក្សឈ្នះឆ្នោត ជួយរកមធ្យោបាយទប់ស្កាត់អតិផរណាផង។
ស្ត្រីអ្នកលក់ដូរ រៀបចំមាន់ដែលធ្វើរួច ទុកលក់ឲ្យអតិថិជន។
បណ្តាប្រជាពលរដ្ឋបានថ្លែងដូច្នេះ ដោយឆ្លងតាមបទពិសោធន៍នៃការបោះឆ្នោតប៉ុន្មានអាណត្តិកន្លងមក ការដឹកនាំរបស់រដ្ឋាភិបាលចាស់មិនធ្វើឲ្យជីវភាពរបស់ពួកគេ មានការផ្លាស់ប្តូរនោះទេ។
អ្នករត់តាក់ស៊ីឈ្មោះ ហៃ បានអង្គុយក្រោមដើមពោធិ៍បេនឡានកំពង់ចាម រង់ចាំភ្ញៀវជិះរថយន្តរបស់លោក បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងអស់សង្ឃឹមថា សព្វថ្ងៃ ពុំមានភ្ញៀវជិះតាក់ស៊ីច្រើនទេ ៣ថ្ងៃទើបបានមួយជើង។
លោកបានបន្តថា ដោយសារប្រជាពលរដ្ឋរកចំណូលមិនសូវបាន គេមិនសូវធ្វើដំណើរទៅណាមកណានោះទេ ៖ «ទប់ទល់អត់បាន ទំនិញវាថ្លៃពេក។ សូម្បីតែត្រីមួយគីឡូ ១ម៉ឺន ហើយយើងរត់មួយជើងៗ បានតែលុយ ៦-៧ម៉ឺនប៉ុណ្ណឹង រួចទម្រាំបានចេញមួយជើងៗ ដល់វេនយូរ ជួន ១០ថ្ងៃបានមួយជើង។ ចំណាយទៅលើកូនរៀនផង ជំងឺឈឺថ្កាត់ផង រួចជីវភាពរស់នៅសព្វថ្ងៃវាថ្លៃពេក ពិបាករស់នៅ»។
អាជីវករឈ្មោះ ផល្លា បានត្អូញត្អែរនៅក្នុងតូបលក់អីវ៉ាន់ថា អ្នកស្រីលក់មិនសូវដាច់ទេ ដោយតម្លៃទំនិញពីមួយខែទៅមួយខែ កាន់តែឡើងថ្លៃ ហើយម្យ៉ាងទៀត អ្នកស្រីបានចំណាយលើការបង់ថ្លៃជួលតូប គឺការលក់មិនអាចស្វែងរកប្រាក់ចំណេញបានច្រើន។
អ្នកស្រី ផល្លា ថ្លែងដូច្នេះថា ៖ «សំណូមពរកុំឲ្យអីវ៉ាន់ឡើងថ្លៃ ហើយជួយមើលដូចថា អ្នករកស៊ីកំប៉ិកកំប៉ុក រកអត់បានស៊ីទេ រាល់ថ្ងៃ ព្រោះយើងដើមទុនតិចតួច យើងរកស៊ីអត់ឈ្នះគេ អ្នកមានដើមទុនធំទេ បានតែមួយស៊ីៗហ្នឹង អត់ចង់គ្រាន់ទេ។ ខ្ញុំរាល់ថ្ងៃរកតែស៊ីខ្លួនឯង ចិញ្ចឹមកូនតែមួយទៀត អត់គ្រាន់»។
ម្ចាស់អាជីវកម្មទូកដរដែលឆ្លងកាត់ទន្លេមេគង្គកំពង់ចាម-ស្រុកកោះសូទិន ឈ្មោះ សុខ ណាំ បានមានប្រសាសន៍ថា រូបលោកមានមុខរបរច្បាស់លាស់មួយហើយ ប៉ុន្តែស្ទើរតែមិនអាចទប់ទល់នឹងការចំណាយប្រចាំថ្ងៃបាន ដោយសារទំនិញគ្រប់មុខឡើងថ្លៃ ចុះប្រជាពលរដ្ឋដែលគ្មានមុខរបរច្បាស់លាស់ទៅវិញ តើពួកគេមានការលំបាកយ៉ាងណា។
លោកបានបន្តថា ភោគផលក្នុងស្រុកដែលប្រជាកសិករផលិតបាន មិនមានទីផ្សារច្បាស់លាស់ ហើយមានតម្លៃទាប ប៉ុន្តែផលិតផល ឬទំនិញនាំចូលពីបរទេសមានតម្លៃខ្ពស់ជាង ដែលគ្មានតុល្យភាពនឹងគ្នា។
លោក សុខ ណាំ មានប្រសាសន៍យ៉ាងដូច្នេះ ៖ «អ្នកខ្សត់ខ្សោយរាងពិបាកដែរ ពិបាកត្រង់ថា គ្នារកអត់បាន ប៉ុន្តែដល់ទំនិញវាឡើងថ្លៃ។ លំបាកក៏នៅតែតស៊ូដែរ មិនដឹងធ្វើម៉េច»។
ពលរដ្ឋឈ្មោះ វ៉ាន់ថេង នៅភូមិទី២ ឃុំកោះសូទិន ស្រុកកោះសួទិន បានមានប្រសាសន៍ដោយគ្មានសង្ឃឹមទៅលើគណបក្សដែលឈ្នះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា ថា នឹងបញ្ចុះតម្លៃទំនិញជូនប្រជាពលរដ្ឋបាននោះទេ ព្រោះលោកថា គណបក្សនេះបានកាន់អំណាចច្រើនអាណត្តិមកហើយ ប៉ុន្តែពុំមានវិធានការណាមួយធ្វើឲ្យទំនិញចុះថ្លៃបាន។
លោក វ៉ាន់ថេង ថ្លែងដូច្នេះថា ៖ «មិត្តភក្តិខ្ញុំធ្វើការ ប្រាក់ខែរបស់មន្រ្តីរាជការតិចទេ ប៉ុន្តែខ្លះគេមានឡានជិះអី អាហ្នឹងជារបររកស៊ីគេ ក៏មិនដឹង បានលុយពីត្រង់ណាមក កេងប្រវ័ញ្ចពីត្រង់ណាមក ខ្ញុំអត់ដឹងទេ»។
ពលរដ្ឋម្នាក់ទៀត ឈ្មោះ សុង លី បានមានប្រសាសន៍ថា គាត់មានកូនច្រើនកំពុងសិក្សា ត្រូវចំណាយច្រើនលើកូន ហើយណាមួយ ទំនិញឡើងថ្លៃ ប្រាក់ចំណូលរកបានសម្រាប់ផ្គត់ផ្គង់គ្រួសារមានការលំបាកណាស់ ៖ «ដោះស្រាយបញ្ហាទំនិញឡើងថ្លៃហ្នឹង ឲ្យបានធូរស្រាលទៅ ប្រជាពលរដ្ឋ លោកក៏រាងធូរស្រាលទៅវិញដែរ»។
ប្រធានការិយាល័យសេដ្ឋកិច្ចខេត្តកំពង់ចាម លោក ប្លុង អោន មិនបានបកស្រាយជុំវិញការត្អូញត្អែររបស់ប្រជាពលរដ្ឋខាងលើនោះទេ ដោយលោកបានឆ្លើយថា ជាប់ប្រជុំ ៖ «ចំពោះបញ្ហាហ្នឹង ឥឡូវ ខ្ញុំកំពុងជាប់ប្រជុំ ខ្ញុំប្រចាំការនៅព្រំដែន ខ្ញុំជាប់រវល់ប្រជុំជាមួយភាគីវៀតណាម»។
រីឯអភិបាលរងខេត្តកំពង់ចាម លោក សឹម សុខព្រី បានមានប្រសាសន៍ថា ទំនិញឡើងថ្លៃ ជារឿងធម្មតាទៅវិញ ព្រោះឡើងថ្លៃទូទៅ ៖ «ទំនិញឡើងថ្លៃវាទូទៅហើយ អត់មានអីទេ វាធម្មតា»។
ទោះជាយ៉ាងណា បណ្តាអង្គការសង្គមស៊ីវិលបានយល់ឃើញថា ទំនិញឡើងថ្លៃគឺជះឥទ្ធិពលអាក្រក់ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រោះវាធ្វើឲ្យសេដ្ឋកិច្ចគ្រួសារមានការធ្លាក់ចុះ ដែលធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋជួបប្រទះនូវការលំបាក ពិសេសប្រជាពលរដ្ឋរស់នៅតាមតំបន់ជនបទដាច់ស្រយាល គ្មានការងារធ្វើ គ្មានប្រាក់ចំណូលប្រចាំថ្ងៃ។
មន្រ្តីសម្របសម្រួលស្តីទីអង្គការលីកាដូ ខេត្តកំពង់ចាម លោក ប៊ូ វីរៈ បានមានប្រសាសន៍ថា គ្រប់អាណត្តិនៃការបោះឆ្នោតគណបក្សនយោបាយតែងតែលើកគោលនយោបាយល្អៗ មកបង្ហាញប្រជាពលរដ្ឋដើម្បីឲ្យបោះឆ្នោតជូន។ ហើយនៅពេលដែលប្រជាពលរដ្ឋបានបោះឆ្នោតជូនហើយ គណបក្សទាំងនោះ គួរតែជួយដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ពិសេសគឺគណបក្សដែលកាន់អំណាចដឹកនាំរដ្ឋាភិបាលថ្មី នាពេលខាងមុខ។
លោក ប៊ូ វីរៈ មានប្រសាសន៍ថា ៖ «បក្សណាក៏ដោយឲ្យតែឈ្នះឆ្នោត គេតែងនិយាយថា បញ្ចុះថ្លៃទំនិញ បញ្ចុះថ្លៃប្រេងសាំង ដើម្បីឲ្យប្រជាពលរដ្ឋ មានការធូរស្បើយ តែចំពោះបច្ចុប្បន្ននេះ មិនទាន់មានឃើញទំនិញ ឬក៏ប្រេងសាំងអីចុះថោក ទៅតាមការសន្យារបស់គណបក្សនីមួយៗ ដែលបានឃោសនានោះទេ»។
ប្រធានអង្គការអាដហុក កំពង់ចាម និងជាមន្រ្តីសម្របសម្រួលនិងឃ្លាំមើលការបោះឆ្នោតរបស់អង្គការខុមហ្រ្វែល លោក នាង សូវ៉ាត បានមានប្រសាសន៍ថា ប្រសិនបើគណបក្សនយោបាយមិនបានអនុវត្តនូវការសន្យាដែលខ្លួនបានសន្យានៅមុនពេលបោះឆ្នោតទេនោះ ប្រជាពលរដ្ឋនឹងអស់ជំនឿលើការបោះឆ្នោត និងលើការសន្យាទាំងអស់។
លោក នាង សូវ៉ាត មានប្រសាសន៍ថា ៖ «ការឡើងថ្លៃរបស់ពិភពលោក ហើយប្រជាពលរដ្ឋនៅប្រទេសកម្ពុជាយើង ក៏ត្រូវតែឡើងថ្លៃដែរ រដ្ឋាភិបាលត្រូវតែបង្ហាញឲ្យច្បាស់ថា ការឡើងថ្លៃនេះ មិនមែនជាការព្រងើយកន្តើយរបស់រដ្ឋាភិបាលទេ គឺរដ្ឋាភិបាលយកចិត្តទុកដាក់ហើយ ប៉ុន្តែ វាជាការឡើងថ្លៃរបស់ទំនិញនៅលើពិភពលោក ត្រូវតែបង្ហាញ ប៉ុន្តែប្រជាពលរដ្ឋ រាល់ថ្ងៃនេះ គាត់អត់ជឿទេ គាត់ថាទំនិញឡើងថ្លៃរាល់ថ្ងៃនេះ ដោយសារតែស្ថាប័នពាក់ព័ន្ធនឹងសេដ្ឋកិច្ចហ្នឹងឯង មានអំពើពុករលួយ ដូចជាច្រកព្រំដែន ដូចជា ពន្ធដារផ្សេងៗ ដែលរឹតត្បិតច្រើនទៅលើឈ្មួញ ម្ល៉ោះហើយ ឈ្មួញដំឡើងថ្លៃស្រេចនឹងចិត្ត ព្រោះអីកន្លងមក យើងមើលឃើញដែរ មានពេលខ្លះ ឈ្មួញអាចធ្វើព្យុះ ធ្វើភ្លៀងបាន ព្រោះឈ្មួញទាំងអស់នោះ គាត់សុទ្ធតែមានខ្សែ មានខ្នង គាត់មានយសជាឧកញ៉ា គាត់ជាគ្រួសារគយ»។
សូមជម្រាបថា នៅមុនពេលបោះឆ្នោត ក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោតគ្រប់គណបក្សនយោបាយ បានបង្ហាញពីគោលនយោបាយរបស់ខ្លួនថា ជួយដោះស្រាយនូវរាល់ទុក្ខកង្វល់របស់ប្រជារាស្រ្ត ដូចជា ទំនិញឡើងថ្លៃជាដើម៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
អតិផរណាប៉ះពាល់ដល់កិច្ចប្រឹងប្រែងអនុវត្តគោលនយោបាយវិមជ្ឈការ
កម្មកររោងចក្រកាត់ដេរត្អូញត្អែរពីជីវភាពលំបាកដោយសារទំនិញឡើងថ្លៃ
អតិផរណាបង្ខំកម្មការិនីរោងចក្រឲ្យចាកចោលម៉ាស៊ីនដេរទៅធ្វើស្រីលក់ស្រាបៀរ
អតិផរណាកើនដល់២៥%ក្នុងឆមាសទី១ ឆ្នាំ២០០៨
កសិករនៅតាកែវនិងកំពង់ស្ពឺរអ៊ូពីបញ្ហាជីគីមីឡើងថ្លៃ
ពលរដ្ឋនៅខេត្តក្រចេះត្អូញត្អែរអំពីបញ្ហាតម្លៃទំនិញឡើងខ្ពស់
ពលរដ្ឋត្អូញត្អែរអំពីបញ្ហាទំនិញឡើងថ្លៃនៅក្រោយការបោះឆ្នោត
នាយករដ្ឋមន្ត្រីនិយាយពីបញ្ហាទំនិញឡើងថ្លៃ, មន្ត្រីបក្សប្រឆាំងថា រដ្ឋាភិបាលត្រូវតែដោះស្រាយ
កម្ពុជាស្ថិតក្នុងចំណោមប្រទេស២២ ដែលរងការគំរាមដោយវិបត្តិស្បៀងអាហារ