សាក្សី​ម្នាក់​ចូល​បំភ្លឺ​តុលាការ​ទាក់ទង​រឿង​ក្ដី​អ្នក​បឹង​កក់

សាលាដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​សាក្សី​ម្នាក់​ឲ្យ​ចូល​បំភ្លឺ​ពី​បញ្ហា​របស់​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ការពារ​ដីធ្លី​នៅ​តំបន់​បឹងកក់ ដែល​ត្រូវ​តុលាការ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១២។

0:00 / 0:00

លោក ហម ប៊ុនរិទ្ធិ មេធាវី​ការពារ​ក្ដី​អ្នកស្រី យ៉ោម បុប្ផា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ តុលា ថា សាក្សី​ម្នាក់​ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តែ សំអាង ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​តុលាការ។

លោក​អះអាង​បន្ត​ថា សាក្សី​នឹង​ត្រូវ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​រឿង​ក្ដី​របស់​អ្នកស្រី យ៉ោម បុប្ផា មាន​ពីរ​នាក់ ហើយ​តុលាការ​ទើប​តែ​កោះ​ហៅ​បាន​ម្នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៩ តុលា៖ «ពីរ​នាក់​ហ្នឹង​គឺ​តុលាការ​បាន​ស្ដាប់​ម្នាក់​ហើយ ហើយ​សង្ឃឹម​ថា លោក​ចៅក្រម​នឹង​ស្ដាប់​សាក្សី​ម្នាក់​ទៀត​នៅ​ថ្ងៃ​ណា​មួយ»

អ្នកស្រី ផាន់ ឈុនរ៉េត ដែល​ជា​សាក្សី​បាន​ចូល​ផ្ដល់​សក្ខីកម្ម​នៅ​តុលាការ​ក្នុង​រឿងរ៉ាវ​នៃ​ការ​ចោទ​ថា អ្នកស្រី យ៉ោម បុប្ផា បាន​ប្រព្រឹត្ត​បទល្មើស​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​នោះ មាន​ប្រសាសន៍​ថា ក្រឡា​បញ្ជី​បាន​សាកសួរ​អ្នកស្រី​ពី​ហេតុការណ៍​នៃ​ថ្ងៃ​កើត​ហេតុ។

អ្នកស្រី​បញ្ជាក់​ថា នៅ​ចំពោះ​ក្រឡា​បញ្ជី អ្នកស្រី​បាន​ឆ្លើយ​ទៅ​តាម​ហេតុការណ៍​ជាក់ស្ដែង​ដែល​អ្នកស្រី​បាន​ឃើញ។ អ្នកស្រី​លើក​ឡើង​ថា អ្នកស្រី យ៉ោម បុប្ផា មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដោយ​ផ្ទាល់ ឬ​បង្ហាញ​អាកប្បកិរិយា​ណា​មួយ​បញ្ជា​ឲ្យ​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ​វាយ​បុរស​រង​គ្រោះ​ពីរ​នាក់ គឺ​លោក វ៉ាត ថៃសេង និង លោក ង៉ែត ចិត្ត ដូច​ការ​ប្រកាន់​របស់​តុលាការ​នោះ​ទេ៖ «ហើយ បុប្ផា ខ្ញុំ​គ្រាន់​តែ​បញ្ជាក់​ចុង​ក្រោយ​ថា បុប្ផា អត់​បាន​វ៉ៃ​គេ​ទេ ហើយ​ក៏​អត់​បាន​ចូល​ផ្ទះ​ហ្នឹង​ដែរ ខ្ញុំ​គ្រាន់​តែ​និយាយ​ប៉ុណ្ណឹង»

ជាមួយ​គ្នា​នឹង​ការ​ចូល​ខ្លួន​ផ្ដល់​សក្ខីកម្ម​របស់​អ្នកស្រី ផាន់ ឈុនរ៉េត នេះ​ដែរ អ្នក​ភូមិ​បឹងកក់​ជាង ៣០​នាក់ ចូល​សាកសួរ​តុលាការ​ពី​បណ្ដឹង​របស់​ពួកគាត់ ដែល​តុលាការ​បាន​តម្កល់​ទុក​មិន​ចាត់ការ​ជា​ច្រើន​ខែ​មក​ហើយ។

អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​ថា ពាក្យ​បណ្ដឹង​របស់​អ្នក​បឹងកក់ ជា​ច្រើន​ករណី​ដែល​បាន​ប្ដឹង​មន្ត្រី​អាជ្ញាធរ​ពី​បទ​ប្រើ​ហិង្សា​ផ្សេងៗ ដូចជា​ការ​វាយ​អ្នកស្រី បូវ ស្រីស្រស់ ឲ្យ​រលូត​កូន ការ​បង្ក​របួស​ស្នាម​លើ​អ្នក​ភូមិ​ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​នៃ​ការ​ធ្វើ​កូដកម្ម​កន្លង​មក មិន​ទាន់​ត្រូវ​តុលាការ​ដោះស្រាយ​នោះ​ឡើយ៖ «ព្រោះ​ពាក្យ​បណ្ដឹង​របស់​ពួក​ខ្ញុំ​នេះ ខ្ញុំ​ដាក់​នៅ​ថ្ងៃ​ទី​៧ ខែ​១២ ឆ្នាំ​២០១១ ដូច​យាយ ង៉ែត ឃុន យាយ សួង សម័យ ដែរ ប៉ុន្តែ​អត់​មាន​ដំណោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ទេ ដែល​ខ្ញុំ​បាន​ប្ដឹង​ទៅ​លោក សុខ ប៉េងវុទ្ធ»

ទោះ​យ៉ាង​ណា អ្នកស្រី ទេព វន្នី អះអាង​បន្ត​ថា បន្ទាប់​ពី​អ្នក​ភូមិ​បាន​ជួប​មន្ត្រី​នៃ​តុលាការ ពួកគេ​ប្រាប់​ថា ព្រះរាជអាជ្ញា លោក មាស ច័ន្ទពិសិដ្ឋ ដែល​កាន់​ក្ដី​របស់​អ្នកស្រី និង​អ្នក​ភូមិ​ផ្សេង​ទៀត​នោះ មិន​មក​ធ្វើ​ការ​នោះ​ទេ។ មន្ត្រី​ទាំង​នោះ​សុំ​ឲ្យ​អ្នក​ភូមិ​មក​សាកសួរ​ម្ដង​ទៀត នៅ​ថ្ងៃ​ទី​១០ តុលា។ ចំណែក​រឿង​ក្ដី​របស់​អ្នកស្រី បូវ ស្រីស្រស់ ដែល​ប្ដឹង​អាជ្ញាធរ​ពី​បទ​បាន​ប្រព្រឹត្ត​បទល្មើស​វាយ​អ្នកស្រី​ឲ្យ​រលូត​កូន​នោះ មន្ត្រី​តុលាការ​ក៏​មិន​ទាន់​បញ្ជាក់​ថ្ងៃ​កំណត់​ច្បាស់លាស់​ក្នុង​ការ​លើក​យក​បញ្ហា​នេះ​មក​ចាត់ការ​ដែរ។

រឿងរ៉ាវ​ក្ដី​ដែល​នាំ​ឲ្យ​កើត​ការ​ប្ដឹងផ្ដល់​គ្នា​រវាង​អ្នក​ភូមិ​បឹងកក់ ជាមួយ​នឹង​អាជ្ញាធរ និង​ចាប់​សកម្មជន​ដីធ្លី អ្នកស្រី យ៉ោម បុប្ផា ដាក់​គុក​នេះ ត្រូវ​គេ​ជឿ​ថា បណ្ដាល​មក​ពី​បញ្ហា​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជា​ច្រើន​ឆ្នាំ​នៅ​តំបន់​នេះ។

កន្លង​មក អ្នក​ភូមិ​បឹង​កក់ ចំនួន ១៥​នាក់ ត្រូវ​តុលាការ​ចាប់​ដាក់​គុក និង​ដោះលែង ២​នាក់​វិញ ចំណែក ១៣​នាក់​ផ្សេង​ទៀត ត្រូវ​តុលាការ​កាត់​ក្ដី​ភ្លាមៗ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​ឲ្យ​ជាប់​គុក​ម្នាក់ ២​ឆ្នាំ​កន្លះ។ ប៉ុន្តែ​ស្ត្រី​ទាំង​នោះ​ត្រូវ​តុលាការ​ដោះ​លែង​មក​វិញ បន្ទាប់​ពី​ជាប់​គុក​បាន ១​ខែ ដោយ​មាន​កិច្ច​អន្តរាគមន៍​ពី​សំណាក់​សហគមន៍​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។