ស្រ្ដី​ម្នាក់​អះអាង​ថា​ជា​ម្ដាយ​បង្កើត​របស់​កុមារី​ដែល​ត្រូវ​ម្ដាយ​ចិញ្ចឹម​ធ្វើ​បាប

ស្រ្តី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បាន​ចេញ​មុខ​មក​អះអាង​ថា ជា​ម្តាយ​របស់​កុមារី​រង​គ្រោះ​អាយុ​១១​ឆ្នាំ ដែល​កុមារ​រូប​នោះ​បាន​រង​គ្រោះ​ដោយ​ម្តាយ​ចិញ្ចឹម​ជា​គ្រូ​បង្រៀន​ធ្វើ​ទារុណកម្ម​ក្នុង​រូបភាព​ធ្ងន់ធ្ងរ ហើយ​ទើប​តែ​ឡើង​សវនាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កន្លង​មក​នេះ។

0:00 / 0:00

អ្នកស្រី ថេង ចន្ថា អាយុ​៣៥​ឆ្នាំ បច្ចុប្បន្ន​មាន​ទី​លំនៅ​ឯ​ខេត្ត​សៀមរាប បាន​អះអាង​ថា ខ្លួន​ពិត​ជា​ម្តាយ​របស់​កុមារី​អាយុ​១១​ឆ្នាំ​នេះ​ពិត​ប្រាកដ​មែន ហើយ​ខ្លួន​ពិត​ជា​បាន​ប្រគល់​កូន​ស្រី​រង​គ្រោះ​នេះ​ទៅ​ឲ្យ​ឈ្មោះ ថឺង រ៉េត អាយុ​៦១​ឆ្នាំ ជា​អ្នក​ស៊ី​ឈ្នួល​ចិញ្ចឹម​តាំង​ពី​អាយុ​៤​ឆ្នាំ​មក​ម្ល៉េះ។ ក៏​ប៉ុន្តែ​បាន​បែក​គ្នា​និង​បាត់​ដំណឹង​ទើប​រក​មិន​ឃើញ​កន្លង​មក​នេះ។ ស្រ្តី​រូប​នេះ​បាន​បន្ត​ទៀត​ថា គាត់​ទើប​តែ​បាន​ដឹង​ដំណឹង​តាម​រយៈ​កាសែត ទស្សនាវដ្តី​ប៉ុណ្ណោះ។ គាត់​មាន​បំណង​យក​កុមារី​រង​គ្រោះ​នេះ​មក​បី​បាច់​ថែ​រក្សា​វិញ។

អ្នកស្រី ថែង ចន្ថា បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយ​ចិត្ត ហើយ​ត្រេកអរ​រក​អ្វី​និយាយ​មិន​បាន​ទេ។ សប្បាយ​ចិត្ត​នឹង​បាន​ជួប​កូន។ ខ្ញុំ​មាន​បំណង​សុំ​អង្គការ​យក​ទៅ​ចិញ្ចឹម​វិញ។ ខ្ញុំ​មាន​អារម្មណ៍​រន្ធត់​ហើយ​ស្ដាយ​ក្រោយ។ កាល​ហ្នុង​ខ្ញុំ​ជួល​គាត់​មើល ដល់​ពេល​ក្រោយ​មក​គាត់​យក​កូន​ខ្ញុំ​មក​នៅ​ភ្នំពេញ ដល់​ពេល​ខ្ញុំ​ទៅ​រក​នៅ​កំពត​វិញ​រក​អត់​ឃើញ»

បើ​ទោះ​បី​ជា​មាន​ការ​ស្នើ​សុំ​នៅ​ក្នុង​កិច្ច​ជំនួប​រវាង​ម្តាយ​និង​កូន​និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​នៅ​ថ្ងៃ​អង្គារ ទី​២ កុម្ភៈ បែប​នេះ​ក្តី អ្នកស្រី សន ស៊ូដាឡែន មេធាវី​នៃ​អង្គការ​លីកាដូ បាន​ឲ្យ​ដឹង​ថា ទាល់​តែ​មាន​សាលក្រម​ពី​តុលាការ​អនុញ្ញាត​ឲ្យ​កូន​នេះ​ទៅ​រស់​នៅ​ជាមួយ​ម្តាយ​ជាមុន​សិន​ ទើប​សម្រេច​បាន។

អ្នកស្រី សន ស៊ូដាឡែន មាន​ប្រសាសន៍​ថា ៖ «ដំណាក់កាល​ដែល​យើង​រង់ចាំ​ការ​ប្រកាស​សាលក្រម​ថា តើ​ជនល្មើស​ដែល​ធ្វើ​នូវ​អំពើ​ដូច​គាត់​អ៊ីចឹង ជួញ​ដូរ ទាំង​បង្ក​របួស​ស្នាម​ធ្វើ​ទារុណកម្ម​ហ្នឹង ប្រកាស​សាលក្រម​ថា​យ៉ាង​ម៉េចៗ។ គាត់​ចង់​បាន​កូន​វិញ​ទាល់​តែ​មាន​ការ​ប្រកាស​សាលក្រម​មួយ​ថា ២​នាក់​ហ្នឹង​គឺ​ជា​ម្ដាយ​និង​កូន»

ទាក់ទង​ទៅ​នឹង​បញ្ហា​ខាង​លើ​នេះ​ដែរ អ្នកស្រី សឹង្ហ វាសនា ប្រធាន​សង្រ្គោះ​វិបត្តិ​នៃ​អង្គការ​ហាហ្កា ដែល​បាន​យក​កុមារី​រង​គ្រោះ​ទៅ​ថែទាំ​និង​ព្យាបាល​ជំងឺ​មាន​ប្រសាសន៍​ថា ពួកគាត់​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ដែល​បាន​ដឹង​ថា មាន​ស្រ្តី​ម្នាក់​មក​អះអាង​ថា ជា​ម្តាយ​របស់​កុមារី​រង​គ្រោះ។ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ពួកគាត់​សប្បាយ​ចិត្ត ប្រសិន​បើ​ស្រ្តី​រូប​នេះ​ជា​ម្តាយ​ពិត​ប្រាកដ​មែន។ អ្នកស្រី​បន្ត​ថា អង្គការ​ហាហ្កា​កំពុង​យក​កុមារ​រង​គ្រោះ​ទៅ​ព្យាបាល​ជំងឺ ចិញ្ចឹម ផ្គត់ផ្គង់​សម្លៀក​បំពាក់ ការ​ហូប​ចុក​និង​ផ្តល់​ការ​សិក្សា​រហូត​ដល់​ថ្នាក់​មហាវិទ្យាល័យ។

អ្នកស្រី សឹង្ហ វាសនា បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ដោយសារ​តែ​កំពុង​តែ​រឿង​ក្ដី​នៅ​តុលាការ​អត់​ទាន់​ចប់​ផង ហើយ​ស្រាប់​តែ​លេច​ម្ដាយ​បង្កើត​ចេញ​មក ហើយ​អត់​មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា ជា​ម្ដាយ​បង្កើត​នៅ​ឡើយ​ទេ យើង​ត្រូវ​ទៅ​តុលាការ​សិន ហើយ​សុំ​ទៅ​ចៅក្រម​ឲ្យ​គាត់​ជួយ​រឿង​ហ្នឹង»

គួរ​បញ្ជាក់​ថា កុមារ​រង​គ្រោះ​អាយុ​១១​ឆ្នាំ បាន​ត្រូវ​ម្តាយ​ចិញ្ចឹម​ធ្វើ​ទារុណកម្ម​ក្នុង​រូបភាព​ធ្ងន់ធ្ងរ​នោះ បាន​ត្រូវ​គេ​ជួយ​សង្រ្គោះ ហើយ​បាន​ប្តឹង​ដល់​ជន​ជាប់​ចោទ​ជា​ស្រ្តី​ម្តាយ​ចិញ្ចឹម​ឈ្មោះ មាស ណារី អាយុ​៤១​ឆ្នាំ មាន​មុខ​របរ​ជា​គ្រូ​បង្រៀន​ជន​ជាប់​ចោទ​ឈ្មោះ វ៉ា រឿន អាយុ​៦២​ឆ្នាំ​ជា​ប្តី ជា​អតីត​មន្រ្តី​ក្រសួង​អប់រំ បច្ចុប្បន្ន​ចូល​និវត្តន៍ និង​ស្រ្តី​វ័យ​ចំណាស់​ម្នាក់​ទៀត​ឈ្មោះ ថឺង រ៉េត អាយុ​៦១​ឆ្នាំ​ជា​យាយ​ចិញ្ចឹម។

កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៦ មករា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជម្រះ​ក្តី​លើ​ជន​សង្ស័យ​៣​រូប ក្នុង​នោះ​២​រូប​ជា​ប្តី​ប្រពន្ធ ក្នុង​បទ​ចោទ​លើ​ករណី​ជួញ​ដូរ​មនុស្ស​ដោយ​មាន​គោលដៅ​ក្នុង​រូប​ភាព​ស្មុំ​កូន​ចិញ្ចឹម​និង​ការ​ធ្វើ​ទារុណកម្ម​លើ​កុមារ​ក្នុង​រូបភាព​ធ្ងន់ធ្ងរ។ ក៏​ប៉ុន្តែ​ប្រធាន​សវនាការ ចៅក្រម​សាលា​ដំបូង​បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​ជន​ជាប់​ចោទ ហើយ​នឹង​ប្រកាស​សាលក្រម​នៅ​នៅ​ថ្ងៃ​ទី​១៩ កម្ភៈ ខាង​មុខ​នេះ៕