ស្ត្រី​ម្នាក់​និង​កុមារី​ម្នាក់​រង​របួស​ធ្ងន់​ដោយសារ​ជន​ល្មើស​ចាក់​សាំង​ដុត​ទាំង​រស់

ស្ត្រី​វ័យ​២១​ឆ្នាំ​និង​ក្មេង​ស្រីជំទង់ អាយុ​១៤​ឆ្នាំ​ម្នាក់ បាន​រង​គ្រោះ​ជា​ទម្ងន់​បន្ទាប់​​ពី​ខ្មែរ​អនិកជន​រស់នៅ​សហរដ្ឋ​អាមេរិក​ម្នាក់ ចាក់សាំង​ស្រោច​ដុត​ដោយសារ​មាន​ខឹង​នឹង​ការ​​ផ្តាច់​ចំណង​អាពាហ៍​ពិពាហ៍។

0:00 / 0:00

លោកស្រី ពិន សាវ៉ាត់ អាយុ​៥៦​ឆ្នាំ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៣ វិច្ឆិកា ថា កូន​ស្រី​ពីរ​នាក់​ម្នាក់ ឈ្មោះ យ៉ាន់ គឹមហ៊ាន អាយុ​២១​ឆ្នាំ រង​របួស​ឆេះ​រលាក​ពេញ​ខ្លួន និង​កូន​ស្រី​មា្នក់​ទៀត​ឈ្មោះ យ៉ាន់ ចាន់រិទ្ធ អាយុ ១៤​ឆ្នំា រង​របួស​ឆេះ​ជើង​ដៃ បន្ទាប់​ពី​ឈ្មោះ តាន់ នីឡុង អាយុ ៥៦​ឆ្នាំ ជា​អនិកជន​នៅ​សហរដ្ឋ​អាមេរិក​យក​សាំង​ចាក់​ដុត ខណៈ​ពួក​គេ​កំពុង​លាង​ចាន​នៅ​ផ្នែក​ខាង​ក្រោយ​ផ្ទះ។

លោកស្រី​បាន​បញ្ជាក់​ថា ឈ្មោះ តាន់ នីឡុង មាន​អាយុ​៥៦​ឆ្នាំ ស្មើ​នឹង​អាយុ​លោកស្រី ធ្លាប់​ភ្ជាប់​ពាក្យ​ជា​កូន​ស្រី​របស់​ខ្លួន ហើយ​មាន​ការ​ខឹង​សម្បា​ចំពោះ​ការ​ផ្តាច់​ពាក្យ​មិន​ឲ្យ​កូន​ស្រី​រៀបការ​ជាមួយ​ទើប​បង្ក​អំពើ​ហិង្សា​នេះ។

លោកស្រី ពិន សាវ៉ាត់ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «វា​សុំ​ចប់​គ្នា ហើយ​អាហ្នឹង​វា​ឆ្លើយ​ចប់ ក៏​ចប់​ទៅ ហើយ​ក៏​វា​ជិះ​ម៉ូតូ ចេញ​ទៅ អ្នក​ណា​ដឹង​ថា វា​មក​ធ្វើ​អ៊ីចឹង។ កូន​ខ្ញុំ​កំពុង​លាង​ចាន​នៅ​ខាង​ក្រោយ វា​មក​ចាក់​ពី​ក្រោយ​ដុត​កូន​ខ្ញុំ​ទាំង​រស់»

កុមារី​រង​គ្រោះ យ៉ាន់ ចាន់រិទ្ធ បាន​បញ្ជាក់​ពី​ហេតុការណ៍​ថា ៖ «លាង​ចាន​ជាមួយ​បង​ខ្ញុំ ឃើញ តាឡុង ហ្នឹង ដើរ​មក​យក​សាំង​ចាក់​លើ​ពីរ​នាក់​ខ្ញុំ ហើយ​ខ្ញុំ​ឈរ​ទៅ​មើល​ឃើញ​មុខ​ច្បាស់​ណាស់ តា​ឡុង​ហ្នឹង​ឯង អ្នក​ចាក់​សាំង​ដុត»

អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៧ និង​៣០​នាទី នា​ថ្ងៃ​សៅរ៍ ទី​២២ ខែ​វិច្ឆិកា នៅ​ភូមិ​បែកចាន ឃុំ​ព្រែក​ព្រះស្តេច ស្រុក​និង​ខែត្រ​បាត់ដំបង ខណៈ​ដែល​កូន​ទាំង​ពីរ​របស់​លោកស្រី​កំពុង​អង្គុយ​លាង​ចាន​នៅ​ខាង​ក្រោយ​ផ្ទះ។

ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់ នៅ​ពហុព្យាបាល​វិសាល​សុខ ក្នុង​ខែត្រ​បាត់ដំបង ហើយ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៣ ក្រុម​គ្រួសារ​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​ទីក្រុង​ភ្នំពេញ។

នាយ​ការិយាល័យ​ស្រាវជ្រាវ​នៃ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាត់ដំបង លោក តាន់ សុផល បាន​ថ្លែង​ថា លោក តាន់ នីឡុង ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​រក​ភស្តុតាង​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។

លោក តាន់ សុផល មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ជន​ល្មើស​វា​នៅ​ព្យាយាម​បដិសេធ យក​វា​មក​ដាក់​កង​រាជ​អាវុធ​ហត្ថ​ខែត្រ ប៉ុន្តែ​ខ្ញុំ​មក​កន្លែង​កើត​ហេតុ នៅ​កន្លែង​កើត​ហេតុ យើង​ប្រមូល​បាន ប្រដាប់​ដុត​សាំង​កុំ​ឲ្យ​វា​ឈួល​ខ្លួន»

លោកស្រី ពិន សាវ៉ាត់ ម្តាយ​ជន​រង​គ្រោះ បាន​ស្នើ​ឲ្យ​តុលាការ​កាត់​ទោស​តាម​ច្បាប់​និង​ទារ​សំណង​ជំងឺ​ចិត្ត​និង​ទាមទារ​ឲ្យ​មាន​ការ​ចេញ​ថ្លៃ​ព្យាបាល​ដល់​កូន​លោកស្រី​ទាំង​ពីរ។

បើ​តាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ លោក តាន់ នីឡុង វ័យ ៥៦​ឆ្នាំ ជា​អនិកជន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក បាន​ភ្ជាប់​ពាក្យ​ជាមួយ​ជន​រង​គ្រោះ ឈ្មោះ យ៉ាន់ គឹមហ៊ាន អាយុ ២១​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០០៨ ហើយ​ភាគី​ខាង​ស្រី​បាន​ផ្តាច់​ពាក្យ​វិញ​កាល​ពី​ដើម​ខែ​វិច្ឆិកា បន្ទាប់​ពី​មាន​ការ​មិន​ជឿ​ជាក់​គ្នា​ទៅ​វិញ​ទៅ​មក៕