លោក លឹង លឿង ជាមេភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា លោកបានកោះហៅសាក្សីបានចំនួន ៤នាក់ មកបំភ្លឺជុំវិញការចោទប្រកាន់ថា លោកស្រី សយ គង់ បានទទួលប្រាក់ចំនួន ៤.៩៥០ដុល្លាអាមេរិក ជាមួយនឹងសន្យាថា គេអាចរត់ការដោះលែងមនុស្សបីនាក់ចេញពីគុកព្រៃស។
លោក លឹង លឿង រៀបរាប់ដូច្នេះថា ៖ «សំណុំរឿងហ្នឹង មានតែបញ្ជូនទៅតុលាការទេ ព្រោះខ្ញុំសួរមេឃុំអម្បាញ់មិញ មេឃុំថា អត់ហ៊ានដោះស្រាយនៅកន្លែងនេះទេ។ សុខចិត្តដោះស្រាយជាមួយនឹង សយ គង់ គាត់ថា ដោះស្រាយអត់កើតទេ បើមិននេះបញ្ជូនទៅតុលាការ»។
លោកបានឲ្យដឹងថា លោកគ្រោងនឹងកោះហៅលោកស្រី សយ គង់ មកបំភ្លឺនាពេលខាងមុខនេះ។
លោកស្រី សយ គង់ ដែលទទួលរងការចោទប្រកាន់ខាងលើនេះ បានមានប្រសាសន៍ប្រតិកម្មបដិសេធថា ៖ «ព្រោះអីរឿងហ្នឹងអត់មានរឿងត្រូវប្ដឹងខ្ញុំទេ មានតែខ្ញុំត្រូវប្ដឹងវិញ ប្ដឹងពីបទបរិហារកេរ្តិ៍ខ្ញុំ»។
លោកស្រី យ៉ង រឿន រស់នៅក្នុងភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម បានមានប្រសាសន៍ថា កូនប្រុសរបស់លោកស្រីចំនួន ៣នាក់ ឈ្មោះ ម៉ាន់ ចាន់ថន, ម៉ាន់ ចន្ថា និង រឹម រឿយ ត្រូវបានតុលាការក្រុងភ្នំពេញបានកាត់ទោសកាលពីខែវិច្ឆិកា ឆ្នាំ២០០៧ ឲ្យជាប់គុកម្នាក់ៗមួយឆ្នាំកន្លះ ក្រោមបទចោទថា បានកាប់ទន្រ្ទានព្រៃខុសច្បាប់ក្នុងខេត្តព្រះវិហារ។
កាលពីពេលកន្លងទៅថ្មីៗនេះ កូនប្រុសរបស់លោកស្រីម្នាក់ ឈ្មោះ រឹម រឿយ ត្រូវបានគេដោះលែងពីគុកព្រៃសនោះហើយ ប៉ុន្តែកូនប្រុសពីរនាក់ទៀតកំពុងជាប់ក្នុងគុកព្រៃសនៅទ្បើយ។
លោកស្រីបានឲ្យដឹងថា លោកស្រីបានប្រគល់ប្រាក់ ៤.៩៥០ដុល្លារអាមេរិកឲ្យទៅលោកស្រី សយ គង់ ដែលបានសន្យាថា គេអាចរត់ការដោះលែងកូនប្រុសទាំង ៣នាក់របស់លោកស្រី ឲ្យចេញពីគុកព្រៃសបាន ៖ «ហើយគេនឹងដោះលែងកូនខ្ញុំឲ្យរួច បើកាលណាមិនរួច គេនឹងឲ្យលុយខ្ញុំវិញ។ ខ្ញុំមានតែសាក្សី ៣នាក់»។
សាក្សីឈ្មោះ នឿន នួន បានមានប្រសាសន៍ថា ៖ «យកលុយទៅឲ្យហើយ ទៅសួរថា ចាំមួយអាទិត្យទៀត ផុតមួយអាទិត្យហ្នឹងទៅ ខ្ញុំទៅសួរថ្ងៃក្រោយទៀត ថា ចាំបីថ្ងៃទៀត»។
សាក្សីម្នាក់ទៀតឈ្មោះ អ៊ុង តឿង បានមានប្រសាសន៍ថា ៖ «ប្រគល់ហ្នឹង តាំងពីថ្ងៃទី១ ខែ៤ ឯណោះ លុយរៀលខ្លះ ដុល្លារខ្លះ ៤.៩៥០[ដុល្លារ]»។
ទាក់ទងនឹងរឿងអាស្រូវចោទប្រកាន់ខាងលើ លោក នួន សាមិន ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ៖ «បើភស្តុតាងជាក់លាក់ ហើយមានពាក្យបណ្ដឹងច្បាស់លាស់ យើងនឹងធ្វើការសិក្សាស្រាវជ្រាវ ហើយសំណុំរឿងយើងបញ្ជូនទៅតុលាការ។ ... តាមផ្លូវច្បាប់ យើងពឹងលើសាក្សីហ្នឹងហើយ»។
លោក នី ចរិយា ប្រធានផ្នែកអង្កេតនៃអង្គការសិទ្ធិមនុស្ស អាដហុក បានមានប្រសាសន៍ថា ៖ «បើសិនជាអ្នកនោះប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌហើយ ធ្វើការសម្របសម្រួលអ៊ីចឹងទៅជារួចខ្លួន ថ្ងៃក្រោយនៅតែមានបទល្មើសហ្នឹងដដែល»។
លោកបានទទូចសុំឲ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការឲ្យមានម៉ឺងម៉ាត់ដោះស្រាយរឿងអាស្រូវនេះ៕
