ការស្លាប់នេះត្រូវបានក្រុមគ្រួសារស្ត្រីរងគ្រោះចោទថា ក្រុមគ្រូពេទ្យចំនួន ៥នាក់ នៃមន្ទីរពេទ្យបង្អែកនេះ មិនបានយកចិត្តទុកដាក់ជួយសង្គ្រោះ ហើយទុកបណ្ដែតបណ្ដោយឲ្យស្លាប់។
ក្រុមគ្រួសារស្រ្ដីឈ្មោះ ម៉ុក មុំ អាយុ ៣៥ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលស្លាប់ដោយសារធ្លាក់ឈាមច្រើនក្នុងពេលសម្រាលកូន នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១២ សម្ដែងការហួសចិត្តចំពោះក្រុមគ្រូពេទ្យចំនួន ៥នាក់ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ថា អត់មានក្រមសីលធម៌ជាគ្រូពេទ្យ ហើយបានជំរិតទារប្រាក់ចំនួន ៥ម៉ឺនរៀល ជាថ្នូរនឹងការសម្រាលកូនឲ្យស្ត្រី ឈ្មោះ ម៉ុក មុំ។
បងថ្លៃជនរងគ្រោះ អ្នកស្រី សុខ សុភា មានប្រសាសន៍ថា គាត់គឺជាអ្នកនៅថែទាំប្អូនស្រីរបស់គាត់ផ្ទាល់ដៃ។ ពេលនោះគាត់បានសុំឲ្យក្រុមគ្រូពេទ្យ ទៅជួយពិនិត្យមើលអាការៈប្អូនស្រីដែលកាន់តែយ៉ាប់ទៅៗ ជាច្រើនដង ប៉ុន្តែត្រូវបានគ្រូពេទ្យប្រើពាក្យអសុរសជាច្រើនមកលើរូបគាត់៖ «នាំគ្នាចូលទៅក្នុងបន្ទប់មើលទូរទស្សន៍បាត់ អត់មានមកអឺតមកអីទេ។ បើមនុស្សទៅតាមហៅអ៊ីចឹង ស្ដីឲ្យអ្នកហៅថា ហៅធ្វើអី ចាំឲ្យលេចអាចម៍លេចនោមចាំហៅ នៅត្រឹមប៉ុណ្ណឹងកុំហៅ ស្ដីឲ្យអ៊ីចឹងទៀត។ ហៅទៀតស្ដីឲ្យទៀត។ ដល់ពេលខ្ញុំអត់ដឹង ខ្ញុំចេញពីផ្សារក្រោម មុនដំបូងខ្ញុំឲ្យបីម៉ឺន ពេទ្យថា មានគ្នាប្រាំនាក់ ខ្ញុំបន្ថែមលុយពីរម៉ឺនពីលើទៀត ប្រាំម៉ឺន ម្នាក់មួយម៉ឺន ដល់ពេលអ៊ីចឹងបានគាត់ស្ទុះស្ទាមកមើល»។
អ្នកស្រីបន្តថា ប្អូនថ្លៃរបស់គាត់ឈ្មោះ ម៉ុក មុំ ចាប់ផ្ដើមឈើពោះតាំងពីម៉ោង ៤ និង ៣០នាទីព្រឹកថ្ងៃទី០១ ខែឧសភា លុះដល់ម៉ោងប្រហែល ៦ព្រឹក ថ្ងៃដដែល អ្នកស្រី និងប្ដីជនរងគ្រោះ ព្រមទាំងក្រុមគ្រួសារពីរបីនាក់ផ្សេងទៀត បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយប្រមាណជា ៦០០ម៉ែត្រពីផ្ទះប៉ុណ្ណោះ។ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យមិនបានយកចិត្ដទុកដាក់មើលនោះទេ គឺទុកឲ្យទ្រាំឈឺរង់ចាំពេលសម្រាល។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក សារិន្ទ ទីរ៉ាវុទ្ធី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានទេ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១២ ដើម្បីសុំការបកស្រាយលើការចោទប្រកាន់របស់ក្រុមគ្រួសារស្ដ្រីរងគ្រោះ។
ទោះជាយ៉ាងណា លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ករណីស្លាប់នេះក្រុមគ្រូពេទ្យមិនបានបណ្ដែតបណ្ដោយ និងចង់ឲ្យស្ដ្រីរូបនេះស្លាប់ទេ។
លោកបានពន្យល់តាមបែបបច្ចេកទេសសុខាភិបាលថា៖ «បាទ! អាហ្នឹងបើតាមលក្ខណៈបច្ចេកទេស គឺស្រ្ដីហ្នឹងមានស្ថានភាពសុខគាំងមាត់ស្បូនផ្នែកចំហៀង កាលណាមានសុខគាំងមាត់ស្បូនអ៊ីចឹង វាងាយនឹងធ្លាក់ឈាម ហើយការអន្តរាគមន៍របស់យើង គ្រូពេទ្យបានធ្វើអាណាតាតំណក់ឈាម ឃើញថា ឈាមកកហ្នឹងវាយូរ អ៊ីចឹងនៅក្នុងការតាមដានទាំងអស់ នៅពេលចៃដន្យ នៅពេលសម្រាលហើយឈាមនៅធ្លាក់ដូចគ្រូពេទ្យព្រាងទុកមែន យើងដឹងស្ថានភាពហ្នឹងវាធ្ងន់ធ្ងរពេក»។
លោកទទួលស្គាល់ថា មន្ទីរពេទ្យនេះធ្លាប់មានរឿងយកប្រាក់ និងប្រើពាក្យមិនគួរសមដាក់អ្នកជំងឺ ប៉ុន្តែមន្ទីរពេទ្យនេះបានចុះកិច្ចសន្យាជាមួយនឹងមន្ទីរ និងក្រសួងរួចអស់ហើយ។ ទោះជាយ៉ាងណា លោកនឹងចាត់វិធានការទៅលើករណីនេះជាបន្តបន្ទាប់ទៅទៀត។
ក្រុមគ្រួសារ និងស្វាមីរបស់ស្រ្ដីរងគ្រោះសុំឲ្យមន្ត្រីអង្គការសិទ្ធិមនុស្ស ជាពិសេសមន្ត្រីក្រសួងសុខាភិបាលឲ្យចុះស៊ើបអង្កេតករណីនេះឲ្យបានច្បាស់លាស់។
លោក សំ ចាន់គា មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ក្រុមគ្រួសារស្ដ្រីរងគ្រោះអាចដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីស៊ើបអង្កេតលើករណីនេះឲ្យបានច្បាស់លាស់ថា នេះគឺជាការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យ ឬយ៉ាងណា។
លោក សំ ចាន់គា៖ «តាមអ្នកកាហ្វេនិយាយថា ស្ដ្រីហ្នឹងគាត់ឈឺពោះពីបីថ្ងៃហើយ ដល់ពេលទៅពេទ្យហ្នឹង កម្មកររោងចក្រ អ៊ីចឹងការហូបចុក ការអីៗរបស់គាត់ អត់គ្រប់គ្រាន់ទេ ដល់ពេលឈឺពោះវាឈឺច្រើនថ្ងៃពេក គឺខ្សោយ បើខ្សោយក្រុមគ្រួសារគេបានស្នើសុំ ខ្សោយបែបហ្នឹងឲ្យធ្វើការវះកាត់ទៅ អ៊ីចឹងកុំបណ្ដោយឲ្យនាងឈឺទៅមុខទៀត ហើយខាងពេទ្យហ្នឹងស្ដីឲ្យគ្នា សុទ្ធតែចេះដឹងស្អីៗរហូតដល់រុញបុរសដែលជាប្ដីហ្នឹងដួលបុកនឹងទ្វារបែកក្បាលទៀត ក្រោយមកស្រ្ដីហ្នឹងបានឆ្លងទន្លេរួចមែន ប៉ុន្តែខ្សោយពេកក៏បានស្លាប់ទៅ»។
លោកបញ្ជាក់ថា ប្រសិនបើក្រុមគ្រួសារមិនអាចដាក់ពាក្យបណ្ដឹងទៅតុលាការផ្ទាល់ទេ គឺគាត់អាចមកសុំការណែនាំផ្លូវច្បាប់ពីសមាគមរបស់លោក ប៉ុន្តែលោកជឿជាក់ថា គាត់ច្បាស់ជាអាចទៅដាក់បណ្ដឹងដោយខ្លួនឯងបាន ប្រសិនបើគាត់មានបំណងប្ដឹង។
ស្ដ្រីរងគ្រោះឈ្មោះ ម៉ុក មុំ អាយុ ៣៥ឆ្នាំ ជាកម្មការិនីធ្វើការរោងចក្រ រស់នៅភូមិត្រពាំងបី ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ អ្នកស្រីបានរៀបការជាមួយស្វាមីឈ្មោះ ជា វុទ្ធី ជាអ្នករត់រ៉ឺម៉កដឹកអីវ៉ាន់ នៅទីរួមខេត្តកំពង់ឆ្នាំង។ សពអ្នកស្រីត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ចំណែកកូននៅក្នុងមន្ទីរពេទ្យនៅឡើយ ដោយមានការមើលថែពីឪពុក និងក្រុមគ្រូពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។