ពួកគេមកពីសហគមន៍បឹងកក់ បុរីកីឡា និងសហគមន៍៣៤៧។ ពួកគេស្រែកទាមទារអោយអាជ្ញាធរបញ្ឈប់ការប្រើអំពើហិង្សាលើស្ត្រីក្នុងការតវ៉ាក្នុងរឿងជម្លោះដីធ្លី។
ក្រុមស្ត្រីនៃសហគមន៍ដែលកំពុងមានជម្លោះដីធ្លីនៅកណ្ដាលរាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នាក្នុងតំបន់បឹងកក់ នៅព្រឹកព្រលឹម ថ្ងៃទី៨ ខែមីនា។ ពួកគេតែងខ្លួនស្រស់ស្អាត ដោយស្លៀកសម្លៀកបំពាក់ប្រពៃណី លើកបដាជាច្រើន ដែលនិយាយដល់ការទាមទារសិទ្ធិជានារី ជាពិសេសបានផ្ញើសារទៅកាន់អាជ្ញាធរអោយបញ្ឈប់ការវាយធ្វើបាបលើនារីដែលចេញតវ៉ាការពារផ្ទះសម្បែង។
ដោយចេញដំណើរពីភូមិ២៤ នៃតំបន់បឹងកក់ ក្បួនដង្ហែបានឆ្លងកាត់វិថីមួយចំនួន ឆ្លងកាត់ខាងមុខសាលារាជធានីភ្នំពេញ ឆ្ពោះទៅស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតប្រទេសបារាំង។
ក្នុងពេលដើរហែក្បួន មានការរុញច្រានគ្នាមួយបានកើតឡើងរវាងអាជ្ញាធរ និងក្រុមប្រជាសហគមន៍។ អាជ្ញាធរបានព្យាយាមរារាំងមិនអោយក្បួនដង្ហែធ្វើដំណើរតាមមហាវិថីព្រះនរោត្តមនោះទេ។
ក្បួនបានត្រឡប់ចូលដល់តំបន់បឹងកក់វិញ នៅម៉ោង ១០ព្រឹក។ នៅទីនោះពួកគេបានថ្លែងពីទុក្ខលំបាកដែលកើតឡើងដោយសារការបាត់បង់ផ្ទះសម្បែងដីធ្លី។
តំណាងអ្នកភូមិបឹងកក់ អ្នកស្រី ទេព វន្នី បានលើកឡើងថា កន្លងមកស្ត្រីដែលបានចេញតវ៉ាក្នុងទាមទារសិទ្ធិលំនៅឋាន តែងទទួលនូវការធ្វើបាបពីសំណាក់ក្រុមអាជ្ញាធរ។ អ្នកស្រីបន្តថា សកម្មភាពទាំងនោះសអោយឃើញថា អាជ្ញាធរសមត្ថកិច្ចមិនបានគោរពសិទ្ធិស្ត្រីឡើយ។
អ្នកស្រី ទេព វន្នី៖ «ការប្រើអំពើហិង្សាលើស្ត្រីពួកខ្ញុំ ការចាប់ខ្លួន ការយកប្រព័ន្ធតុលាការមកគាបសង្កត់ហ្នឹង ពួកខ្ញុំមានការចុកចាប់ រកអ្វីមកថ្លែងមិនចេញទេ។ អ៊ីចឹងខ្ញុំមិនចង់អោយមានរូបភាពបែបហ្នឹងទៅលើស្ត្រីនៅសហគមន៍ផ្សេងៗទៀតទេ។ ហើយបើការរំលោភសិទ្ធិអ្នកភូមិបឹងកក់ គឺជាការរំលោភសិទ្ធិស្ត្រីក្នុងពិភពលោកទាំងមូល»។
តំណាងសហគមន៍បុរីកីឡា អ្នកស្រី ទឹម សាក់មុន្នី លើកឡើងដែរថា ស្រ្តីនៅក្នុងសហគមន៍នេះក៏ទទួលនូវការធ្វើបាបជាច្រើនលើកច្រើនសាពីសំណាក់អាជ្ញាធរក្រុង នៅពេលពួកគេចេញតវ៉ាទាមទារសំណងចំពោះការឈូសឆាយបំផ្លាញផ្ទះសម្បែង។
អ្នកស្រី ទឹម សាក់មុន្នី៖ «បែរជាគាត់លើកគ្នារាប់រយមកវាយធ្វើបាបប្រជាពលរដ្ឋដែលភេទជានារីក្រីក្រ។ វាយធ្វើបាប ហើយបានចាប់យកទៅដាក់ឃុំឃាំងម្ដងហើយម្តងទៀត ជាពិសេសអាជ្ញាធររបស់យើងតែម្តង មិនមែនពលរដ្ឋសុទសាធ ពិសេសអ្នកកាន់ច្បាប់។ អស់លោកអត់មានគោរពច្បាប់ទេ អោយតែប្រជាពលរដ្ឋ អោយតែនារីជាអ្នកគោរព តើអស់លោកមានគោរពបន្តិចបន្តួចទេ? ហេតុអ្វីវាយធ្វើបាបពួកខ្ញុំ? ពួកខ្ញុំគ្រាន់តែមកទាមទារផ្ទះ»។
លោក អំ អាត មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សលីកាដូ។ លោកមានប្រសាសន៍ថា ប៉ុន្មានឆ្នាំនេះ គេសង្កេតឃើញថា ស្តី្រភាគច្រើនចេញមុខតវ៉ាជាមួយអាជ្ញាធរ ក្នុងការស្វែងរកសិទ្ធិរស់នៅស្របច្បាប់ក្នុងសហគមន៍របស់គេ។ ប៉ុន្តែការតវ៉ានោះពេលខ្លះត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន ឬខ្លះទៀតត្រូវទទួលរងការបង្ក្រាបយ៉ាងហិង្សា។
លោក អំ សំអាត៖ «ហើយនឹងមានកិច្ចប្រជុំអាស៊ាននៅខែក្រោយនេះផង។ នេះជាសារដ៏សំខាន់ណាស់ទៅសហគមន៍អន្តរជាតិ ក៏ដូចជារដ្ឋាភិបាលហ្នឹង អោយបានដឹងថា ស្រ្តីកម្ពុជា ចាប់ផ្តើមយល់ដឹងច្រើនពីសិទ្ធិសេរីភាព ក៏ដូចសិទ្ធិអំណាចរបស់ពួកគាត់ ហើយជាសារមួយទាមទារងើបឡើងដើម្បីចាកផុតពីអំពើហិង្សាទាំងឡាយទៅលើស្រ្តី»។
លោកអំពាវនាវអោយរដ្ឋាភិបាលចាត់វិធានការអោយមានប្រសិទ្ធភាព ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រីឲ្យបាន ខណៈដែលកម្ពុជា កំពុងដើរតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០១២នេះ។
សម្រាប់តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី វិញ បានអំពាវនាវអោយបណ្ដាថ្នាក់ដឹកនាំជាស្ត្រីអោយចាប់ផ្ដើមក្រឡេកមើលការលំបាករបស់ស្ត្រីក្នុងសហគមន៍ដែលត្រូវគេរំលោភបំពានសិទ្ធិ៖ «ហើយសុំអោយបណ្ឌិតជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ខ្ញុំទទូចហើយទទូចទៀត ក៏ដូចជាជំទាវដទៃៗទៀត ដូចជាលោកជំទាវ ម៉ែន សំអន ជំទាវ អ៊ឹង កន្ថាផាវី ដែលជាជំទាវដ៏ឆ្នើមៗ នៅកម្ពុជាហ្នឹង មិនត្រូវព្រងើយកន្តើយទេ ព្រោះអីអស់រយៈពេល ៥ឆ្នាំហើយ មិនដែលឃើញអន្តរាគមន៍ពីមន្រ្តីឆ្នើមណាមួយជួយអន្តរាគមន៍ជួយដល់សហគមន៍នាងខ្ញុំជាស្ត្រីទេ។ រហូតដល់ពួកគាត់អាក្រាតកាយ រលូតកូន បែកក្បាល បាក់ម្រាមដៃ ចាប់ឃុំខ្លួន មិនមានលោកជំទាវណាមួយស្រែកថា ជួយអ្នកសហគមន៍បឹងកក់ និងបញ្ឈប់អំពើហិង្សាស្ត្រីទេ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការអធិប្បាយពីអ្នកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ត្រីក្រសួងកិច្ចការនារី អោយឆ្លើយតបនឹងការលើកឡើងរបស់តំណាងអ្នកភូមិបឹងកក់ នេះបានទេ។
បើទោះជាមានការបង្ក្រាបដោយហិង្សា និងពុំមានការយកចិត្តទុកដាក់ពីសំណាក់មន្រ្តីពាក់ព័ន្ធ ក៏គេសង្កេតឃើញថា ស្រ្តីបានចូលរួមកាន់តែច្រើននៅក្នុងការតវ៉ា ចំពោះការរំលោភសិទ្ធិសេរីភាព។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានសិទ្ធិលំនៅឋាន មានប្រសាសន៍ថា ការបណ្តេញចេញធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរជាងគេទៅលើស្រ្តី។ លោកបន្តថា ការចូលរួមរបស់ស្រ្តីជាផ្នែកដែលមិនអាចខ្វះបាននៅគ្រប់ដំណាក់កាលនៃការអភិវឌ្ឍ។
លោក សៀ ភារម្យ៖ «ព្រោះគាត់នៅទាំងយប់ទាំងថ្ងៃ មើលកូនមើលផ្ទះ សំអាតជូតផ្ទះរាល់ថ្ងៃចឹង គាត់បាត់ផ្ទះ គឺបាត់មិត្តភក្តិ គាត់បាត់អ្វីៗទាំងអស់ក្នុងជីវិតគាត់។ អ៊ីចឹងការប៉ះពាល់ទៅលើស្ត្រីហ្នឹងខ្លាំងណាស់ អ៊ីចឹងគាត់ត្រូវតែតស៊ូ ហើយដើម្បីការពារលំនៅឋាន។ ការអភិវឌ្ឍគឺត្រូវធ្វើការអភិវឌ្ឍន៍អ៊ីចឹងហើយ ប៉ុន្តែដើម្បីបញ្ជៀសការប៉ះពាល់ ជាពិសេសទៅលើស្រ្តីនេះត្រូវតែអោយមានការចូលរួមពីអ្នកដែលពាក់ ព័ន្ធហ្នឹង ដើម្បីកាត់បន្ថយ និងលប់បំបាត់ផលប៉ះពាល់ទាំងឡាយ»។
របាយការណ៍ឆ្នាំ២០១១ របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានបង្ហាញថា ការបណ្ដេញពលរដ្ឋចេញពីលំនៅឋាន គឺបញ្ហារំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលកត្តានេះបានជំរុញឲ្យមានការតវ៉ាកាន់តែកើនច្រើនឡើងរបស់ប្រជាពលរដ្ឋភាគច្រើនជាស្ត្រីភេទ និងសហគមន៍របស់គេ ដូចជានៅតំបន់បឹងកក់ និងបុរីកីឡាជាដើម៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។