ហ៊ុន សែន ប៉ះ​សម្ដី​ជាមួយ​នឹង​ប្រធាន​គណបក្ស​ប្រឆាំង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប៉ះ​សម្ដី​ជាមួយ​នឹង​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី កាលពី​ព្រឹក​ថ្ងៃ​សុក្រ នៅ​គ្រា​ដែល​អ្នក​នយោបាយ​នានា​បាន​ដង្ហែ​ដំណើរ​ព្រះ​មហាវីរក្សត្រ សម្ដេច​ម៉ែ និង​ព្រះ​មហាក្សត្រ យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ។
ដោយ ជា មករា
2008.08.01
រង្ស៊ី​ហ៊ុនសែន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និយាយ​ជាមួយ​លោក សម រង្ស៊ី (ឆ្វេង) នៅ​មុខ​មន្ទីរ​រដ្ឋ​សភា ក្នុង​ទីក្រុង​ភ្នំពេញ នាថ្ងៃទី ២៨ កុម្ភៈ ២០០៦។
AFP Photo

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​លោក សម រង្ស៊ី នៅ​ចំពោះ​មុខ​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​អង្គទូត និង​អ្នក​កាសែត ដែល​មាន​វត្តមាន​នៅ​ឯ​ព្រលាន​យន្តហោះ​ភ្នំពេញ​ថា លោក សម រង្ស៊ី នឹង​អាច​បាត់បង់​អាសនៈ​ក្នុង​រដ្ឋ​សភា បើសិន​ជា​គណបក្ស​សមរង្ស៊ី​មិន​ព្រម​ស្បថ​ចូល​កាន់​តំណែង​តំណាង​រាស្ត្រ​ដើម្បី​បង្កើត​រដ្ឋ​សភា​ថ្មី​នោះ​ទេ ។

ការប៉ះ​សម្ដី​គ្នា​នេះ​បាន​ធ្វើ​ឡើង​នៅ​គ្រា​ដែល​ព្រះ​មហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាវីរក្សត្រ នរោត្តម សីហនុ និង​សម្ដេច​ម៉ែ កំពុង​គង់​នៅ​លើ​ព្រះទីនាំង​យន្តហោះ​របស់​ចិន​ដែល​កំពុងតែ​ហោះ​ចេញ​ដំណើរ ហើយ​នៅ​គ្រា​ដែល​មេ​ដឹកនាំ​គណបក្ស​ទាំង​ពីរ​បាន​ជួប​គ្នា​ជា​លើក​ដំបូង​ជា​សាធារណៈ​បន្ទាប់ពី​យុទ្ធនាការ​នៃ​ការបោះ​ឆ្នោត​មក ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​កិច្ចប្រជុំ​ចូល​ស្បថ​នឹង​អាច​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៤ សីហា​នេះ ហើយ​បើសិន​ជា​លោក សម រង្ស៊ី មិន​ព្រម​ចូលរួម​ទេ​នោះ​អាសនៈ​សភា​នឹង​បាន​ទៅ​អ្នក​ដទៃ ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ៖ «លោក​ឯង​មិន​ចូល​ស្បថ អស់​សុពលភាព កៅអី​គេ​យក​ទៅ​ចែក​ឲ្យ​អ្នក​ដទៃ»

ទោះ​ជា​យ៉ាង​ណា​លោក សម រង្ស៊ី មិន​ទាន់​បាន​សម្រេច​ចិត្ត​ថា​តើ​លោក​នឹង​ចូល​ឬ​មិន​ចូល​កិច្ច​ប្រជុំ​នោះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា​គណបក្ស​សមរង្ស៊ី​ក៏​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង​២​លាន​នាក់​ដែល​បោះ​ឆ្នោត​គាំទ្រ​លោក​ដែរ ។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា ៖ «យើង​មិន​ទាន់​ដល់​ស្ថានការណ៍​ហ្នឹង​ទេ ។ យើង​នៅតែ​ទាមទារ​ឲ្យ​ផ្ដល់​យុត្តិធម៌​ជូន​ចំពោះ​ខ្មែរ​យើង​ដែល​បាន​បាត់បង់​សិទ្ធិ​បោះ​ឆ្នោត​ដែល​ត្រូវ​គេ​បំបាត់​សិទ្ធិ​បោះ​ឆ្នោត»

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត លោក ទេព នីថា បាន​ឲ្យ​ដឹង​ថា​កិច្ច​ប្រជុំ​សភា​នោះ​អាច​នឹង​ធ្វើ​ឡើង បើសិន​ជា​គ្មាន​ការប្ដឹង​តវ៉ា​ទាក់ទង​នឹង​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះ​ឆ្នោត​ទេ​នោះ ។

លោក ទេព នីថា បាន​បញ្ជាក់​ថា ៖ «បើសិន​មាន​បណ្ដឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ក្រុមប្រឹក្សា​ធម្មនុញ្ញ​អាច​ដោះស្រាយ​ក្នុង​រយៈ​ពេល​ពី​១០​ទៅ​២០​ថ្ងៃ ។ អ៊ីចឹង​ទេ​វា​ទាក់ទង​នឹង​បណ្ដឹង​ទេ យើង​មិន​អាច​កំណត់​បាន​ច្បាស់លាស់​ទេ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​នឹង​យាង​ទៅ​ចូលរួម​ធ្វើ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​បង្កើត​រដ្ឋសភា​ថ្មី​នោះ ហើយ​ថា​គណបក្ស​សមរង្ស៊ី​មិន​អាច​រារាំង​កិច្ចប្រជុំ​ដើម្បី​បង្កើត​រដ្ឋសភា​ថ្មី​នោះ​បាន​ទេ បើទោះបី​ជា​គណបក្ស​សមរង្ស៊ី​ធ្វើ​ពហិការ​ក៏​ដោយ ។

ក្រៅពី​នេះ​ដែរ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្ដី​បន្ទោស លោក សម រង្ស៊ី ចំពោះ​ពាក្យ​សម្ដី​ចោទ​ប្រកាន់​និង​ប្រមាថ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​ចោរ​លួច​ជាតិ​នោះ ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​លោក សម រង្ស៊ី គង់តែ​នឹង​រលាយ​ដោយសារ​តែ​ការប្រមាថ​ចំពោះ​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។