ប្រភពពីគ្រួសារកម្មករកាត់ដេរម្នាក់នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង បានឲ្យដឹងថា ស្រ្តីជាកម្មករកាត់ដេរម្នាក់បានស្លាប់នៅគ្រាដែលបានសម្រាកពីការងារនៅរោងចក្រកាត់ដេរមួយឈ្មោះ ថៃពណ៌ នៅជាយទីក្រុងភ្នំពេញ ដោយមិនទាន់មានមន្រ្តីណាម្នាក់បានកំណត់មូលហេតុនៃការស្លាប់នេះនៅទ្បើយទេ ប៉ុន្តែប្រភពពីគ្រួសារបានឲ្យដឹងថា ការស្លាប់នោះដោយសារកម្លាំងចុះខ្សោយខ្លាំង។
ស្រ្តីកម្មករដែលបានស្លាប់នោះគឺឈ្មោះ ឈឿន ស្រីមុំ អាយុ ១៨ឆ្នាំ នៅក្នុងភូមិដូនមា ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង បានស្លាប់កាលពីថៃ្ងអាទិត្យចុងសប្តាហ៍កន្លងទៅនេះ នៅគ្រាដែលស្ត្រីកម្មកររូបនោះបានឈប់សម្រាកពីការងារនៅរោងចក្រកាត់ដេរមួយឈ្មោះ ថៃពណ៌ ជាយទីក្រុងភ្នំពេញ។
ម្តាយរបស់ ឈឿន ស្រីមុំ គឺលោកស្រី ហៀប ច្រឹប អាយុ ៤២ឆ្នាំ នៅក្នុងភូមិដូនមា ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែងនោះ បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទពីកន្លែងបុណ្យសពមកថា កូនស្រីរបស់លោកស្រីមកធ្វើការងារនៅក្នុងរោងចក្រ ថៃពណ៌ នោះ ចំនួនជាង ៣ខែមកហើយ។
លោកស្រី ហៀប ច្រឹប បានឲ្យដឹងថា ៖ «តេមកឲ្យខ្ញុំផ្ញើអង្ករទៅ ហើយពុកវាក៏បានតេប្រាប់ទៅថា ថ្ងៃហ្នឹងឡានគេមិនបានទៅ។ ស្លាប់ហ្នឹងគ្មានជំងឺអីទេ គ្រាន់តែថា ទន់ៗទៅ អង្គុយ ស្លាប់តែម្ដង!»។
សុខ សេរី ៖ ស្លាប់នៅពេលកំពុងធ្វើការឬស្លាប់នៅពេលកំពុងសម្រាក? ហៀប ច្រឹប ៖ សម្រាក ចំថ្ងៃអាទិត្យ។
មេឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង លោក ហែម ហ៊ុន ដែលបានដឹងរឿងនេះ បានមានប្រសាសន៍ថា លោកមានគម្រោងការធ្វើអន្តរាគមន៍ស្នើទៅរោងចក្រនេះឲ្យជួយផ្ដល់ថវិកាមួយចំនួនក្នុងការធ្វើបុណ្យសព។
លោក ហែម ហ៊ុន បានបញ្ជាក់ថា ៖ «គឺអត់មានឈឺអី ផ្ដាំឲ្យឪយកអង្ករទៅឲ្យ ស្រាប់តែស្លាប់ទៅ។ អាហ្នឹងធ្វើសំណើ យើងចុះមរណភាពហើយ ស្នើទៅរោងចក្រឲ្យគេឧបត្ថម្ភ»។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជា ដែលតែងតែតាមដានមើលស្ថានការណ៍របស់កម្មករនៅតាមរោងចក្រ បានមានប្រសាសន៍ថា ស្រី្តកម្មករនោះបានស្លាប់ដោយសារខ្យល់គរ ធ្វើការងារលើសកម្លាំង។
លោក ជា មុនី បានមានប្រសាសន៍ថា ៖ «យើងកំពុងឲ្យមន្ត្រីរបស់យើងធ្វើការស៊ើបអង្កេតក្នុងករណីស្លាប់នេះ។ មិនមែនតែរោងចក្រមួយនេះទេ គឺមានកម្មករម្នាក់ទៀតដែលគាត់ស្លាប់កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១០នេះ នៅពេលដែលគាត់បានចេញពីធ្វើការងារ ហើយពាក់ព័ន្ធទៅនឹងការស្លាប់នេះគឺជាទូទៅរោងចក្រកាត់ដេរនៅប្រទេសកម្ពុជាមានសន្លប់ មានពុលថ្នាំ មានពុលទឹក ហើយមានរាករូស»។
ទាក់ទងនឹងការស្លាប់របស់ស្រី្តកម្មកររោងចក្រខាងលើនេះ ប្រធាននាយកដ្ឋានពេទ្យការងាររបស់ក្រសួងសង្គមកិច្ច បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា លោក ប៉ុក វណ្ណថា បានមានប្រសាសន៍បំភ្លឺថា ៖ «យើងអត់ដឹងថា តើគាត់មានជំងឺអីពីមុនមកក្នុងខ្លួនគាត់ ឬក៏គាត់កើតជំងឺអី យើងអត់ទាន់ដឹងដែរ។ អាហ្នឹងបើសិនជាមានគ្រោះថ្នាក់ការងារ ឧទាហរណ៍ដូចជាលោកថាអ៊ីចឹងណា៎! គេប្រាកដជាធ្វើពាក្យបណ្ដឹងមក ត.ប.ស.ស. បេឡាជាតិរបបសន្តិសុខសង្គម គេធានារ៉ាប់រងទៅលើគ្រោះថ្នាក់ការងារ ឲ្យយល់ពាក្យហ្នឹងណា៎!»។
កាលពីខែតុលា ឆ្នាំ២០០៩កន្លងទៅ មានកម្មករចំនួនជាង ២០០នាក់នៅរោងចក្រកាត់ដេរមួយឈ្មោះ The World Best នៅក្នុងសង្កាត់ចោមចៅ ជាយទីក្រុងភ្នំពេញ បានដួលសន្លប់បន្តបន្ទាប់គ្នាដោយសារតែពុលក្លិនគីមីម្យ៉ាងដែលគេប្រើសម្រាប់ការពារក្រណាត់មិនឲ្យសត្វល្អិតបំផ្លាញ។ គ្មានកម្មករណាម្នាក់បានស្លាប់នៅគ្រានោះទេ ដោយសារមានការសង្គ្រោះទាន់ពេលវេលា ហើយមន្រ្តីជំនាញបានបញ្ជាឲ្យមានការជម្រះក្លិននៅក្នុងរោងចក្រនោះជាច្រើនថៃ្ង៕
