អភិបាលក្រុងបាវិត ឈ្មោះ ឈូក បណ្ឌិត ដែលកម្លាំងមានសមត្ថកិច្ចចាប់ខ្លួន ត្រូវគេសង្ស័យថា បានបាញ់កម្មកររោងចក្រឱ្យរបួសធ្ងន់ចំនួន ៣ នាក់ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។
ការបាញ់ឱ្យរបួសនេះ បានកើតឡើងក្នុងពេលដែលកម្មកររាប់ពាន់នាក់បម្រើការក្នុងរោងចក្រមួយចំនួន នៅតំបន់សេដ្ឋកិច្ចពិសេស ម៉ាន់ហាថាន់ (Manhattan) នាក្រុងបាវិត ខេត្តស្វាយរៀង នាំគ្នាធ្វើកូដកម្មទាមទារដំឡើងប្រាក់រង្វាន់ និងប្រាក់ថ្លៃបាយ នៅថ្ងៃទី២០ ខែកុម្ភៈនោះ។
ការតវ៉ាបានក្លាយជាអំពើហិង្សា ដោយសារក្រុមកម្មករបានចោលដុំថ្មទៅលើអាគាររោងចក្រ។ ភ្លាមៗ នោះ មានជនមិនស្គាល់មុខបានបាញ់ជាច្រើនគ្រាប់ទៅលើក្រុមអ្នកតវ៉ា ហើយបណ្ដាលឲ្យកម្មការិនី ៣ នាក់ នៅរោងចក្រផលិតស្បែកជើងឈ្មោះ កៅវ៉េ (Kaoway) រងរបួស។
សង្គមស៊ីវិល បានសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ច ក្នុងកិច្ចខិតខំប្រឹងប្រែង តាមចាប់ខ្លួនអភិបាលក្រុងបាវិត ឈ្មោះ ឈូក បណ្ឌិត បាន នៅថ្ងៃសុក្រ ទី២ មីនា ឆ្នាំ ២០១២។
កម្មការិនីម្នាក់ ដែលរបួសធ្ងន់កំពុងព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ កាល់ម៉ែត នៅឡើយ។
ព្រះរាជអាជ្ញាបដិសេធថាគ្មានការចាប់ខ្លួន
ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង លោក ហ៊ីង ប៊ុនជា បញ្ជាក់ថា សមត្ថកិច្ចមិនទាន់ចាប់ខ្លួនអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលជាជនសង្ស័យថា បានបាញ់កម្មករអោយរងរបួសនោះនៅឡើយ។
លោក ហ៊ីង ប៊ុនជា បន្តថា គិតត្រឹមថ្ងៃសៅរ៍ ទី០៣ ខែមីនា ឆ្នាំ២០១២ សំណុំរឿងនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតបន្ថែម៖ «អត់ទេស អត់ទាន់មានទេ នៅឡើយទេ! ខ្ញុំកំពុងតែពិនិត្យរឿងនៅឡើយ។ ខ្ញុំត្រូវការស៊ើបសួរបន្ថែមតិចទៀត ទើបខ្ញុំអាចកំណត់បាន»។
ការបញ្ជាក់របស់ព្រះរាជអាជ្ញាក្រុងបាវិត ធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា លោក ឈូក បណ្ឌិត អភិបាលក្រុងបាវិត ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចថ្ងៃសុក្រ ទី២ ខែមីនា និងត្រូវនាំទៅឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ ខែមីនា បានបញ្ជាក់ថា អភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ជាជនសង្ស័យក្នុងការបាញ់ប្រហារកម្មការិនី ៣នាក់ នៅរោងចក្រកៅវ៉េ អោយរបួស៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
