កម្មករ​ខ្មែរ​៤​នាក់​នៅ​ការដ្ឋាន​វារីអគ្គិសនី​ភ្នំ​កំចាយ ត្រូវ​ជន​ជាតិ​ចិន​វាយ​ឲ្យ​របួស

កម្មករ​ខ្មែរ​ចំនួន​៤​នាក់ ដែល​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ចិន​សាងសង់​ទំនប់​វារីអគ្គិសនី​ភ្នំ​កំចាយ ឈ្មោះ​ស៊ីណូ​ហាយត្រូ (Sino Hydro) នៅ​ឃុំ​ត្រពាំងប្លាំង ស្រុក​ឈូក ខេត្ត​កំពត ត្រូវ​បាន​ជនជាតិ​ចិន​ជិត​២០​នាក់​វាយ​ឲ្យ​របួស ដោយ​សង្ស័យ​ថា កម្មករ​ខ្មែរ​ទាំង​នោះ បាន​លួច​ខ្សែ​ភ្លើង​ប្រវែង​៤០​ម៉ែត្រ។

កម្មករ​សំណង់​ម្នាក់​ក្នុង​ចំណោម​៤​នាក់​ដែល​របួស ឈ្មោះ ហុង គ្រុយ អាយុ​២៧​ឆ្នាំ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​រូប​គេ​នឹង​មិត្ត​ភក្ដិ​ដើរ​ទៅ​ធ្វើការ​នៅ​ម៉ោង​ប្រមាណ​៦​កន្លះ​ព្រឹក​នៅ​ថ្ងៃ​ទី​៧ មេសា ស្រាប់​តែ​បុគ្គលិក​និង​សន្តិសុខ​ជនជាតិ​ចិន បាន​ព្រួត​គ្នា​វាយ​ពួកគេ​ដោយ​ប្រើ​ដំបង​ដែក និង​ខ្លះ​ជិះ​ម៉ូតូ​ដេញ​បុក​ដោយ​ចោទ​ថា ពួកគេ​បាន​លួច​ខ្សែ​ភ្លើង​របស់​ក្រុមហ៊ុន​កាល​ពី​យប់​ថ្ងៃ​ទី​៦ មេសា ៖ "ចិន​ហើយ​ខ្ញុំ​ខ្មែរ​ស្ដាប់​វា​អត់​បាន សន្តិសុខ​ចិន​រួម​គ្នា​វាយ​ហ្មង។ មូលហេតុ​វា​ជាន់​ដាន​គេ គេ​លួច​កាត់​ខ្សែ​ភ្លើង វាយ​វាយ​ពួក​ខ្ញុំ​ហើយ​វា​អូស​មក​ក្នុង​ការដ្ឋាន​វា​ហើយ​បាន​វា​យក​ខ្សែ​ភ្លើង​ធ្វើ​ភស្តុតាង​វា​ចោទ​ថា​ក្រុម​ខ្ញុំ​លួច តែ​អត់​មាន​ចាប់​ស្លាកស្នាម​ខ្ញុំ​ផង។ ភ្លឺ​ហើយ​ថា​ខ្ញុំ​មក​ពី​ផ្ទះ​ថា​ទៅ ធ្វើការ។ ត្រូវ​ខ្មង​ជើង ត្រូវ​ស្មា វា​វាយ​នឹង​ដែក​ថ្នាំង​អំពៅ ។ បី​នាក់​ទៀត​ខ្លះ​ត្រូវ​ខៀវ​មុខ​ខ្លះ​ត្រូវ​បែក​ក្បាល ហើយ​ខ្លះ​គេ​ទាត់​ឆ្អឹង​ជំនីរ​ឡើង​ហើម វា​ជិះ​ម៉ូតូ​បុក​យើង​ទៀត​ហើយ​បាន​វាយ"

ទាក់ទង​បញ្ហា​នេះ មេភូមិ​មហាព្រហ្ម លោក ប្រាក់ នាគ មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន និង​ប៉ូលិស​បាន​ចុះ​ធ្វើ​ការ​សម្រុះសម្រួល​ឲ្យ​ភាគី​ក្រុមហ៊ុន​ចិន​សង​កម្មករ​ដែល​រង​គ្រោះ​ម្នាក់ ៤០០​ដុល្លារ និង​ធ្វើ​កិច្ច​សន្យា​មិន​ឲ្យ​ចង ឬ​ក៏​វាយ​កម្មករ​ដូច្នេះ​ទៀត​ទេ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពត អ្នកស្រី ទ្រី ឈូន បាន​ថ្លែង​ថា បើ​ទោះ​បី​ជា​មាន​ការ​សម្រុះសម្រួល​យ៉ាងណា​ក៏​ដោយ ជា​គោលការណ៍​បទ​ល្មើស​ព្រហ្មទណ្ឌ ត្រូវ​តែ​មាន​បណ្ដឹង​ពីរ​ជា​ដាច់​ខាត។ ការ​ធ្វើ​ដូច្នេះ​គឺ​រួច​តែ​បណ្ដឹង​រដ្ឋប្បវេណី​តែ​ប៉ុណ្ណោះ។ ករណី​នេះ សមត្ថកិច្ច​ត្រូវ​តែ​បញ្ជូន​សំណុំរឿង​នេះ​ទៅ​តុលាការ​ដើម្បី​ចោទ​ប្រកាន់​ទៅ​ជន​ប្រព្រឹត្ត៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។