អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មិន​ឲ្យ​កម្មករ​ជួបជុំ​គ្នា​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៩ មេសា​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ហាម​មិន​ឲ្យ​សមាគម​លោក រៀបចំ​ការ​ជួបជុំ​កម្មករ​ប្រមាណ ៥០០ នាក់ ដើម្បី​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា នៅ​ទី​រួម​ខេត្ត​ព្រះសីហនុ​ទេ។

លោក វន់ ពៅ បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា ធ្វើ​ខុស និង​ផ្ទុយ​ពី​គោលការណ៍​របស់​រដ្ឋាភិបាល ដោយ​បិទ​សេរីភាព​កម្មករ​មិន​ឲ្យ​ជួបជុំ ដើម្បី​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា​នេះ។

លោក​បាន​អះអាង​ថា ទោះ​បី​មាន​ការ​ហាមប្រាម​មិន​ឲ្យ​ជួបជុំ​គ្នា​ក៏​ដោយ ក៏​ក្រុម​លោក នៅ​តែ​ រៀបចំ​ជួបជុំ ហើយ​ហែ​ក្បួន​តាម​គម្រោង។

លោក វន់ ពៅ៖ «គេ​អត់​ឱ្យ​រៀបចំ​ផង។ ព្រឹកមិញ​អភិបាល​ខេត្ត​រង​បាន​ចេញ​លិខិត​មួយ ជូន​គ្រប់​អង្គភាព​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ក្នុង​ខេត្ត ហើយ​ផ្ញើ​មក​ឱ្យ​សមាគម​មួយ​ដែរ គឺ​គេ​អត់​អនុញ្ញាត​ឱ្យ​យើង​រៀបចំ​ទិវា ១ ឧសភា​ នៅ​ខេត្ត​ព្រះសីហនុ ទេ។ គេ​ឱ្យ​យើង​លើក​ពេល​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ ដោយសារ​គេ​គិត​ថា ថ្ងៃ ១ ឧសភា​នេះ ប្រមុខ​រដ្ឋាភិបាល​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​កម្មករ​នៅ​កំពង់​ផែ​ព្រះសីហនុ។ អ៊ីចឹង គេ​អត់​ឱ្យ​រៀបចំ។ សម្រាប់​ជំហរ​របស់​សមាគម អាយឌា (IDEA) គឺ​នៅ​តែ​ធ្វើ​ដដែល ព្រោះ​ថ្ងៃ​នេះ​ជា​ថ្ងៃ​បុណ្យ​ជាតិ​សម្រាប់​កម្មករ ហើយ​យើង​គិត​ថា ការ​រំខាន ការ​បន្ទច់បង្អាក់​របស់​អភិបាល​ខេត្ត​ព្រះសីហនុ គឺ​ជា​ទង្វើ​ខុស​ច្បាប់ ហើយ​ជា​ទង្វើ​មួយ ដែល​ផ្ទុយ​ទៅ​នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល។ នាយក​រដ្ឋមន្ត្រី​ទៅ​ខេត្ត​ព្រះសីហនុ សួរ​សុខទុក្ខ​របស់​កម្មករ ហើយ​ចុះ​យើង​ជា​កម្មករ​ក្រៅ​ប្រព័ន្ធ ហេតុ​អី​ចៅហ្វាយ​ខេត្ត​ព្រះសីហនុ ធ្វើ​ទង្វើ​មិន​ឱ្យ​យើង​បញ្ចេញ​សេរីភាព​បែប​នេះ​ទៅ​វិញ»។

ដើម្បី​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា​នេះ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​គម្រោង​រៀបចំ​ការ​ជួបជុំ​កម្មករ​ចំនួន ៣ កន្លែង។ ទី​១ រៀបចំ​ការ​ជួបជុំ​កម្មករ នៅ​រាជ​ធានី​ភ្នំពេញ។ ទី២ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ទី​៣ នៅ​ខេត្ត​ព្រះសីហនុ។

តាម​លោក វន់ ពៅ បាន​ឲ្យ​ដឹង​ថា សារ​ដែល​កម្មករ​សេរី នៅ​ខេត្ត​ព្រះសីហនុ ចង់​បង្ហាញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ដឹង​ក្នុង​ឱកាស​ថ្ងៃ ១ ឧសភា​នេះ គឺ​ទី​១ អបអរ​ទិវា ១ ឧសភា ទី​២ គឺ​សុំ​ឲ្យ​អាជ្ញាធរ ខេត្ត​ព្រះសីហនុ ហាម​ឃាត់​ការ​ជួល​ម៉ូតូ​ឲ្យ​ជន​បរទេស​ជា​ភ្ញៀវ​គ្មាន​ប័ណ្ណ​បើកបរ​ជិះ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ទី​៣ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ត្រូវ​តែ​គោរព​សិទ្ធិ​កម្មករ​សេរី ដែល​រកស៊ី​រត់​ម៉ូតូ​ឌុប និង​រ៉ឺម៉ក​ទេសចរណ៍ នៅ​ខេត្ត​ព្រះសីហនុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។