មេ​ដឹក​នាំ​កូដកម្ម​រង​ការ​ប្ដឹង​ពី​តំណាង​រោង​ចក្រ​កាត់ដេរ

តុលាការ​កំពុង​ចាត់​វិធានការ​ស៊ើប​អង្កេត​លើ​បណ្ដឹង​របស់​តំណាង​រោង​ចក្រ​​កាត់​ដេរ ដែល​ប្ដឹង​កម្មករ ស្រប​ពេល​ដែល​ក្រសួង​សង្គមកិច្ច​បាន​ព្យាយាម​សម្របសម្រួល​បញ្ចប់​វិវាទ​រឿង​​តវ៉ា​ដំឡើង​ប្រាក់​ខែ។

0:00 / 0:00

តុលាការ​ក្រុង​ភ្នំពេញ​កំពុង​ចាត់​ការ​លើ​ពាក្យ​បណ្ដឹង​របស់​តំណាង​ក្រុមហ៊ុន​រោង​ចក្រ​កាត់ដេរ ដែល​ប្ដឹង​លើ​តំណាង​កម្មករ​ដែល​ចេញ​មុខ​ដឹក​នាំ​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

លោក ជីវ កេង ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​១៩ កញ្ញា​ថា ៖ «តុលាការ​ទទួល​ពាក្យ​បណ្ដឹង ប៉ុន្តែ​តុលាការ​បាន​បញ្ជូន​ពាក្យ​បណ្ដឹង​នេះ​ទៅ​មន្ត្រី​នគរបាល​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​បញ្ជាក់​ឡើង​វិញ»

ប៉ុន្តែ​លោក ជីវ កេង មិន​បាន​បញ្ជាក់​ទេ​ថា តុលាការ​បាន​ទទួល​ពាក្យ​បណ្ដឹង​ប៉ុន្មាន​នោះ​ទេ។

ព្រះ​រាជ​អាជ្ញា​តុលាការ​ខេត្ត​កណ្ដាល ដែល​មាន​រោង​ចក្រ​ជា​ច្រើន បាន​ផ្ទុះ​កូដកម្ម​នៅ​ទី​នោះ​ដែរ លោក វង្ស ប៊ុន​វិសុទ្ធ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​តំណាង​រោង​ចក្រ​ចោទ​ប្រកាន់​តំណាង​កម្មករ ដែល​ធ្វើ​កូដកម្ម​នៅ​ខេត្ត​កណ្ដាល​នោះ​ទេ ៖ «ចំពោះ​រឿង​ហ្នឹង ខ្ញុំ​អត់​បាន​ទទួល​ចាត់​ការ​ផង ក្រែង​លោ​គេ​ដទៃ​ទៀត មិន​ដឹង»

កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៨ កញ្ញា មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា បាន​បញ្ជាក់​ថា សមាគម​បាន​ទទួល​ពាក្យ​បណ្ដឹង​ព្រហ្មទណ្ឌ ពី​សមាជិក​បាន​ជាង​១០​បណ្ដឹង លើ​តំណាង​កម្មករ​ដែល​ដឹក​នាំ​ធ្វើ​កូដកម្ម ពី​បទ​ធ្វើ​ឲ្យ​ខាត់​បង់​ប្រាក់ ប៉ះ​ពាល់​ផល​ប្រយោជន៍​នានា ឬ​កេរ្តិ៍​ឈ្មោះ​រោង​ចក្រ។ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ប្រាប់​ថា ពាក្យ​បណ្ដឹង​នោះ​ដាក់​ទៅ​តុលាការ​ខេត្ត ក្រុង ខាង​ណា​ខ្លះ​ទេ។

នៅ​ថ្ងៃ​អាទិត្យ ទី​១៩ កញ្ញា កម្មករ​ដែល​មាន​វិវាទ​ទាំង​អស់ បាន​សម្រាក​ស្ងៀម​ស្ងាត់។ កម្មករ​រី​វើ​រិច ស្ថិត​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល រោង​ចក្រ​វិន​ណើ និង​រោង​ចក្រ​ប្រមាណ​៣​ផ្សេង​ទៀត ដែល​ពុំ​ទាន់​មាន​ដំណោះ​ស្រាយ​ដាច់​ស្រេច តាម​ការ​សម្របសម្រួល​ពី​ក្រសួង​សង្គមកិច្ច ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​បណ្ដោះ​អាសន្ន កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា​នោះ បាន​ព្រមាន​ថា ពួក​គេ​នឹង​មិន​ចូល​ធ្វើ​ការ​វិញ​ទេ បើ​សិន​ថៅកែ​រោង​ចក្រ នៅ​តែ​ព្យួរ​ឈ្មោះ​តំណាង​ពួក​គេ​ជា​ច្រើន​នាក់​មិន​ឲ្យ​ចូល​ធ្វើ​ការ​ដូច​ធម្មតា​វិញ​ទេ​នោះ។

តំណាង​កម្មករ​រោង​ចក្រ​រីវើរិច លោក ភិន សុធា បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ ៖ «គឺ​សម្ដែង​ឆន្ទៈ​ពី​ខ្លួន​គាត់​ មិន​សុខ​ចិត្ត​ទេ លុះ​ត្រា​តែ​មាន​ពួក​ខ្ញុំ ២៥​នាក់​ចូល​ធ្វើ​ការ​បាន​គាត់​សុខ​ចិត្ត»

ខាង​តំណាង​រោង​ចក្រ​វិនណើ និង​រោង​ចក្រ​រីវើរិច លោក តាំង ស៊ុន​ហេង នៅ​តែ​ប្រកាន់​ជំហរ​គឺ​សូម​ឲ្យ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់។ លោក​បន្ត​ថា តំណាង​កម្មករ​ដែល​ត្រូវ​ព្យួរ​ឈ្មោះ​នោះ មាន​៣៤​នាក់ ៖ «ក្នុង​នោះ​យើង​បាន​អនុវត្ត​តាម​ដីកា​សម្រេច ដែល​បាន​ចេញ​មក​ដែរ យើង​មិន​អាច​រំលោភ​លើ​ច្បាប់​ដូច​ជា​ដីកា​សម្រេច​ចេញ​មក​ត្រឹម​ត្រូវ​អ៊ីចឹង​ហើយ​យើង​រំលោភ អត់​បាន​ទេ ហើយ​កម្មករ​យើង​បាន​អំពាវនាវ​ហើយ ឲ្យ​ចូល​ធ្វើ​ការ​ជា​ធម្មតា លុះ​ត្រា​តែ​ប៉ុន្មាន​នាក់​ហ្នឹង យើង​អាច​ដោះ​ស្រាយ​តាម​សន្តិ​វិធី​ច្បាប់​ក្រោយ​បាន​តើ»

មន្ត្រី​ក្រសួង​សង្គមកិច្ច ដែល​ទទួល​យក​ការ​សម្របសម្រួល ដើម្បី​ដោះ​ស្រាយ​វិវាទ​កម្មករ ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​ដោយ​សន្តិវិធី នៅ​ថ្ងៃ​២៧ កញ្ញា​ខាង​មុខ មិន​ធ្វើ​ការ​អធិប្បាយ​ទេ​ជុំវិញ​បញ្ហា​ខាង​លើ​នេះ។

លោក អាត់ ធន់ ប្រធាន​សហ​ភាព​ការ​ងារ​កម្ពុជា ដែល​ផ្ដើម​ដឹក​នាំ​ធ្វើ​កូដកម្ម​កន្លង​មក បាន​ឲ្យ​ដឹង​ថា ការ​ព្យួរ​ការ​ងារ​តំណាង​កម្មករ មិន​ឲ្យ​ចូល​ធ្វើ​ការ គឺ​ជា​ការ​រំលោភ​លើ​សេចក្ដី​ប្រកាស​របស់​ក្រសួង​សង្គមកិច្ច​ដែល​សូម​ឲ្យ​កម្មការ​ទាំង​អស់ ចូល​ធ្វើ​ការ​ជា​ធម្មតា ទាំង​អស់​គ្នា ដោយ​រង់ចាំ​ការ​ដោះ​ស្រាយ​ជា​ក្រោយ។ លោក​បន្ត​ថា លោក​នឹង​ធ្វើ​ការ​ជជែក​ជា​ថ្មី​ជា​មួយ​មន្ត្រី​ក្រសួង​សង្គមកិច្ច នៅ​ថ្ងៃ​ចន្ទ ទី​២០ កញ្ញា ដើម្បី​រក​ដំណោះ​ស្រាយ​ជៀស​វាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​បន្ត​ទៀត ៖ «អ៊ីចឹង​ខ្ញុំ​គិត​ថា ក្រសួង​សង្គមកិច្ច​នៅ​ថ្ងៃ​ចន្ទ​នេះ គេ​នឹង​ជជែក​គ្នា​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង»

ទោះ​យ៉ាង​ណា​ក្តី តំណាង​រោង​ចក្រ​វិន​ណើ និង​រោង​ចក្រ​រីវើរិច លោក តាំង ស៊ុន​ហេង បាន​សម្ដែង​ក្ដី​បារម្ភ​ថា ការ​អូស​បន្លាយ​ជម្លោះ អាច​ជំរុញ​ឲ្យ​រោង​ចក្រ​បិទ​ទ្វា ហើយ​វា​នឹង​ខាត​បង់​ប្រយោជន៍​ទាំង​សង​ខាង៕