កម្មករ​រោងចក្រ​ដាប់ប៊លវីន​ជ្រួល​ច្របល់​ព្រោះ​ថៅកែ​ស្លាប់​ដោយ​គ្មាន​មូលហេតុ

កម្មករ​កម្មការិនី​រោងចក្រ​ដេរ​សំលៀកបំពាក់​ជាង ៣០០​នាក់ បាន​ជ្រួល​ច្របល់​ពេញ​រោងចក្រ បន្ទាប់​ពី​បាន​ដឹង​ថា ថៅកែ​របស់​ពួកគេ​បាន​ស្លាប់​ដោយ​មិន​ដឹង​មូលហេតុ​នៅ​ក្នុង​ផ្ទះ​ជួល កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១២។
ដោយ ខែ សុណង
2012-09-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

កម្មករ​កម្មការិនី​ធ្វើការ​ក្នុង​រោងចក្រ​ដេរ​សំលៀកបំពាក់​ឈ្មោះ ដាប់ប៊លវីន (Double Win) ស្ថិត​ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​រោងចក្រ បន្ទាប់​ពី​ថៅកែ​របស់​ពួកគេ​បាន​ស្លាប់​ដោយ​ពុំ​ដឹង​មូល​ហេតុ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា។

ប្រធាន​ផ្នែក​ដេរ​នៅ​រោងចក្រ​ដាប់ប៊លវីន អ្នកស្រី ទូច ស្រី បាន​ឲ្យ​ដឹង​ថា រោងចក្រ​នេះ​មាន​កម្មករ​ចំនួន ៣៦៦​នាក់ ហើយ​ជា​ប្រភេទ​រោងចក្រ​ស៊ីឈ្នួល​ដេរ​សំលៀកបំពាក់​បន្ត​ពី​រោងចក្រ គីម សេង និង​រោងចក្រ ចុងហាវ។ អ្នកស្រី​បន្ត​ថា កម្មករ​បាន​ផ្អើល​ឆោឡោ​បន្ទាប់​ពី​ភាគី​រោងចក្រ​ទាំង​ពីរ​បាន​មក​ប្រមូល​ក្រណាត់ និង​សម្ភារៈ​ដែល​កម្មករ​កំពុង​ធ្វើ​ការ​ដាក់​លើ​រថយន្ត​យ៉ាង​ប្រញាប់ បន្ទាប់​មក​ក៏​បាន​ឮ​ដំណឹង​ថា ថៅកែ​ស្លាប់​តែ​ម្ដង។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​កម្មករ​បារម្ភ​អំពី​ប្រាក់​ឈ្នួល​ដែល​ពួកគាត់​បាន​ធ្វើ​ការ​ជាង​កន្លះ​ខែ​មក និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ដែល​ពុំ​ទាន់​មាន​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ឡើយ។ រី​ឯ​ដំណឹង​នៃ​ការ​ស្លាប់​របស់​ថៅកែ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​មន្ទិល​សង្ស័យ។

អ្នកស្រី ទូច ស្រី៖ «ជ្រួល​ច្របល់​មូលហេតុ​អ៊ីចេះ អីវ៉ាន់​ពួក​ខ្ញុំ​ប្រជុំ​ម្សិលមិញ​ហ្នឹង ថា​ឲ្យ​ចេញ​ឲ្យ​អស់​ថ្ងៃ​នេះ ប្រញាប់​អ៊ីចឹង​ណា! ដល់​ពេល​ហើយ​ទៅ​មក​កញ្ឆក់កញ្ឆែង​ពី​កម្មករ​ដេរ​ហ្នឹង ពី​កម្មករ​រោងចក្រ​គេ​មក​មាន​ចិន មាន​ខ្មែរ​មាន​អ្នក​បកប្រែ​មក​ដណ្ដើម​របៀប​ដូច​ចោរ​ប្លន់​អ៊ីចឹង ដល់​អ៊ីចឹង​ផ្អើល​ឈូ​ពេញ​រោងចក្រ ខោអាវ​មិន​ទាន់​ដេរ​ទាំង​ផ្លាក​ទាំង​អី​ប្រមូល​ទៅ​ទាំង​អស់។ ខាង​កម្មករ​បារម្ភ​រឿង​ប្រាក់​ខែ លុយ​បំណាច់​ឆ្នាំ និង​ប្រាក់​ប្រាំ​ភាគរយ ព្រោះ​អី​រដូវ​បុណ្យ​ភ្ជុំ​ផង​អត់​ឃើញ​មាន​នរណា​មួយ​ដោះស្រាយ​អ៊ីចឹង​ភ័យ​ខ្លាច​រឿង​អត់​ប្រាក់​ខែ​អត់​អ៊ីចឹង។ អ្នក​គ្រប់គ្រង​បន្ត​ពី​គាត់​មាន​ចែ​ធំ​មួយ​ទៀត តែ​ស្ដាប់​ទៅ​គាត់​ធ្វើការ​ជាមួយ​មួយ​ឆ្នាំ​ជាង​ហ្នឹង អត់​ទាន់​បាន​បើក​ប្រាក់​ខែ​ផង»

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​គ្រប់គ្រង​ទូទៅ​នៃ​រោងចក្រ ដាប់ប៊លវីន អ្នកស្រី សួន ចន្ថា បាន​ឲ្យ​ដឹង​ថា ថៅកែ​ជា​ជនជាតិ​ចិន​តៃវ៉ាន់ ឈ្មោះ ចាង ជីងជ័ង អាយុ ៦៥​ឆ្នាំ បាន​ស្លាប់​នៅ​លើ​ផ្ទះ​ល្វែង​ជា​ផ្ទះ​ជួល​ក្បែរ​រោងចក្រ​ដោយ​ពុំ​ដឹង​មូល​ហេតុ ហើយ​ប៉ូលិស និង​គ្រូពេទ្យ​បាន​ធ្វើ​កោសល្យ​វិច័យ​ហើយ។

អ្នកស្រី​បន្ត​ថា ចំពោះ​ការ​ខ្វល់ខ្វាយ​របស់​កម្មករ​ទាក់ទង​ទៅ​នឹង​បញ្ហា​ប្រាក់​ឈ្នួល​នោះ រោងចក្រ​នឹង​ដោះស្រាយ​ជូន​កម្មករ​ទៅ​តាម​ផ្លូវ​ច្បាប់។ យ៉ាង​ណា​ក៏ដោយ អ្នកស្រី សួន ចន្ថា មិន​បាន​បញ្ជាក់​ប្រាប់​ពី​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យ​នោះ​ទេ៖ «គេ​ធ្វើ​កោសល្យវិច័យ​ហើយៗ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​យ៉ាង​ម៉េច​ដែរ​ទេ ខាង​ប៉ូលិស​ហ្នឹង គេ​អត់​ទាន់​បាន​ប្រាប់​មក​ខាង​ខ្ញុំ​ផង ហើយ​ខ្ញុំ​ក៏​អត់​បាន​សួរ​នាំ​ផង ហើយ​ខ្ញុំ​រវល់​តែ​ខ្វល់ខ្វាយ។ មាន​អី​ទេ​សាកសព​គាត់​ប្រហែល​ជា​គាត់​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ច្រើន​ជាង»

ប្រធាន​ផ្នែក​ដេរ​ម្នាក់​ទៀត ឈ្មោះ ស៊ីវន បាន​ថ្លែង​ថា ការ​ស្លាប់​របស់​ថៅកែ​រោងចក្រ​នេះ ហាក់​ដូច​ជា​មិន​មាន​មន្ទិលសង្ស័យ និង​មិន​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​ស្លាប់​ឲ្យ​កម្មករ​បាន​ដឹង​ច្បាស់​សោះ៖ «និយាយ​ទៅ​លទ្ធផល​គេ​អត់​ឲ្យ​យើង​ដឹង ខ្ញុំ​ទៅ​ជិត​កន្លែង​ផ្ទះ​ជួល​កន្លែង​សាកសព​ថៅកែ​ហ្នឹង​ដែរ ប៉ុន្តែ​គេ​អត់​ឲ្យ​ចូល​ទេ»

កម្មករ​បាន​អះអាង​ថា នៅ​យប់​ថ្ងៃ​ទី​១៩ កញ្ញា​នេះ ពួកគេ​បាន​នាំគ្នា​ដាក់​កម្លាំង​យាម​ល្បាត​សម្ភារៈ​ក្នុង​រោងចក្រ​ខ្លាច​មាន​ការ​ដឹក​ចេញ​ដោយ​ប្រការ​ណា​មួយ​នោះ ហើយ​សម្ភារៈ​ទាំង​នោះ នឹង​ត្រូវ​រក្សា​ទុក​ដើម្បី​យក​មក​ទូទាត់​ថ្លៃ​ប្រាក់​ឈ្នួល​ជូន​កម្មករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល