កម្មករ​ការដ្ឋាន​ធ្យូង​ថ្ម​ចោទ​ថៅកែ​ថា​មិន​បាន​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គាត់

ក្រុម​កម្មករ​ការដ្ឋាន​ធ្យូង​ថ្ម​មួយ នៅ​ខេត្ត​ព្រះសីហនុ បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ថៅកែ​អ្នក​ម៉ៅការ ថា​បាន​ផ្អឹប​ប្រាក់​កម្រៃ​របស់​ពួក​គាត់​ដែល​ខំ​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ខាត​ជីវភាព។
ដោយ ខែ សុណង
2012-11-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

កម្មករ​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ការដ្ឋាន​ធ្យូង​ថ្ម នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បាន​បោះ​បង់​ពី​ការងារ ដោយ​មិន​បាន​យក​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ និង​ខ្លះ​ទៀត​កំពុង​ទន្ទឹម​រង់ចាំ​ប្រាក់​ឈ្នួល​ដែល​ថៅកែ និង​អ្នក​ម៉ៅការ​មិន​បាន​បើក​ឲ្យ​ពួក​គេ​គ្រប់​ចំនួន។

កម្មករ​មួយ​រូប​ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៩ វិច្ឆិកា ថា ប្រាក់​ឈ្នួល​របស់​ពួក​គាត់​ម្នាក់​ពី ៥​ដុល្លារ ទៅ ៦​ដុល្លារ ក្នុង​មួយ​ថ្ងៃ ត្រូវ​ថៅកែ និង​អ្នក​ម៉ៅការ​មិន​បាន​បើក​ឲ្យ​ពួក​គាត់​គ្រប់​ចំនួន​នោះ​ទេ។ ថៅកែ និង​អ្នក​ម៉ៅការ​បន្ត​ពី​ថៅកែ​ចិន បាន​ដក​ប្រាក់​ឈ្នួល​របស់​ពួក​គាត់​ម្នាក់ៗ​ដែល​ធ្វើ​បាន​មួយ​សប្ដាហ៍​ទុក ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់​លាស់​នៃ​ការ​កាត់​នេះ​ទេ។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​កម្មករ​មួយ​ចំនួន​ទ្រាំ​មិន​បាន ក៏​នាំ​គ្នា​ឈប់​ធ្វើ​ការ​ជា​បន្ត​បន្ទាប់៖ «ដូច​ថា​ឥឡូវ យើង​ធ្វើ​បាន ១៥​ថ្ងៃ​អីចឹង យើង​ទៅ​បើក គេ​កាត់​ទុក ៧​ថ្ងៃ​អីចឹង​ទៅ។ ខ្ញុំ​ទើប​តែ​ធ្វើ​បាន​កន្លះ​ខែ ហើយ​ឮ​សូរ​អ៊ីចឹង ដូច​លែង​ចង់​ធ្វើ។ ខ្មែរ​យើង​អ្នក​ម៉ៅការ​ពី​ចិន កាល​មុន​កម្មករ ៣០០​នាក់ ដល់​ពេល​ពួក​ហ្នឹង​ឮ​សូរ​បើក​ម្នាក់​កាត់ ៧​ថ្ងៃៗ​អីចឹង កម្មករ​សល់​តែ ៣០​នាក់​ហ្នឹង រត់​អស់​ហើយ»

កម្មករ​ម្នាក់​ទៀត​ត្អូញ​ថា នៅ​ពេល​ពួក​គាត់​ទៅ​សុំ​បើក​ប្រាក់​ឈ្នួល​តាម​ចំនួន​ថ្ងៃ​ដែល​ពួក​គាត់​ធ្វើ​ការ ថៅកែ និង​អ្នក​ម៉ៅការ​បន្ត​ពី​ថៅកែ​ចិន បាន​បដិសេធ ហើយ​ទាម​ទារ​ឲ្យ​ពួក​គេ​ធ្វើ​ការ​ឲ្យ​គ្រប់​ចំនួន ១០​ខែ​សិន៖ «មេៗ​គាត់​កាត់​លុយ អត់​បើក​ឲ្យ​គ្រប់​ផង និយាយ​រួម ទូទៅ​ហ្មង ទាំង ១០០​នាក់​ហ្នឹង។ អា​មួយ​កម្មករ​ចង​ដែក​ចង​អី​ធម្មតា មួយ​ជាង​ផ្សា មួយ​វាយ​ពុម្ព ដូច​បាន​មួយ​ខែ​អីចឹង គេ​កាត់​ទុក ៧​ថ្ងៃ មិន​ដឹង​ម៉េច​ដែរ គេ​មិន​បើក​ឲ្យ​ទាំង​អស់​ហ្មង»

បុរស​ឈ្មោះ ឃៀង វិសាន ដែល​ក្រុម​កម្មករ​អះអាង​ថា​ជា​អ្នក​គ្រប់គ្រង​កម្មករ​នៅ​ក្នុង​ការដ្ឋាន​ធ្យូង​ថ្ម​នោះ បាន​ឲ្យ​ដឹង​ថា កម្មករ​កំពុង​ធ្វើ​ការ​ក្នុង​ការដ្ឋាន​បច្ចុប្បន្ន​មាន​ជាង ១០០​នាក់។ ប៉ុន្តែ​លោក​បដិសេធ​ចំពោះ​ការ​ត្អូញត្អែរ​របស់​កម្មករ​ដែល​ថា ថៅកែ ឬ​មេការ​កាត់​ប្រាក់​ឈ្នួល​មួយ​សប្ដាហ៍​នោះ៖ «អូ! រឿង​បញ្ហា​លុយ​កាក់​ហ្នឹង​ហ្អី? កាល​គាត់​មក​ធ្វើ​ជាមួយ​ខ្ញុំ​ដំបូង​ហ្នឹង ខ្ញុំ​បាន​ប្រាប់​ខាង​គាត់​ហើយៗ​ថា ធ្វើ​ការ​គ្រប់​មួយ​អាទិត្យ​បាន​ខាង​ខ្ញុំ​បើក​លុយ​ឲ្យ ហើយ​អត់​ទាន់​គ្រប់​មួយ​អាទិត្យ ព្រោះ​អី​ពេល​ហ្នឹង​ធ្វើ​អត់​ទាន់​ដល់​អាទិត្យ​ណា។ ចាំ​ខ្ញុំ​មក​ដល់​នេះ ខ្ញុំ​សួរ​ខាង​មេការ​ករណី​ហ្នឹង​ឲ្យ​ច្បាស់​សិន»

ក្រុម​កម្មករ​បាន​ឲ្យ​ដឹង​ទៀត​ថា ពួក​គេ​គ្រោង​ដាក់​ពាក្យ​បណ្ដឹង​ចំពោះ​ករណី​នេះ​ទៅ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ព្រោះ​ជា​ការ​រំលោភ​លើ​កម្លាំង​ពលកម្ម និង​រំលោភ​សិទ្ធិ​ការងារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល