អាជីវករ កម្មករ និង​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ប៉ោយប៉ែត​គ្រោង​បញ្ជូន​ញត្តិ​តវ៉ា​ទៅ​ក្រសួង​មហាផ្ទៃ

ក្រុម​អាជីវករ កម្មករ អ្នក​រត់​ម៉ូតូ​ឌុប គ្រោង​បញ្ជូន​ស្នាម​មេ​ដៃ​ជិត​១០០​នាក់​ទៀត​ដើម្បី​សុំ​ឲ្យ លោក ស ខេង ឧប​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មាន​វិធានការ​ទៅ​លើ​មន្ត្រី​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ចំពោះ​រឿង​អាស្រូវ​ក្នុង​ការជំរិត​ទារ​លុយ​ពី​ប្រជាពលរដ្ឋ។

0:00 / 0:00

លោក ជា សុគន់ ប្រធាន​ដោះស្រាយ​វិវាទ​សមាគម​ប្រជាធិបតេយ្យ​សេដ្ឋកិច្ច​ឯករាជ្យ​ក្រៅ​ប្រព័ន្ធ​បាន​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​ថា ស្នាម​មេ​ដៃ​ចំនួន​៧០​នាក់​នឹង​ដាក់​ជូន​ក្រសួង​មហាផ្ទៃ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​តាម​រយៈ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។

លោក ជា សុគន់ បាន​ឲ្យ​ដឹង​ថា ៖ «យើង​មាន​ថែម​ពី​លើ​ហ្នឹង​ទៀត ព្រោះ​អី​កម្មករ​ច្រើន​ណាស់​ដែល​គេ​ចង់​ប្ដឹង»

មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា លោក សែម ចៅសុខ បាន​ថ្លែង​ថា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស្វាគមន៍​ក្នុង​ការទទួល​និង​បញ្ជូន​ស្នាម​មេ​ដៃ​ទាំង​នោះ​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ​ជំរុញ​ឲ្យ​មាន​វិធានការ​ដោះស្រាយ។

នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​រង​ការចោទ​ប្រកាន់​ថា បាន​ជំរិត​ទារ​លុយ​២០០​បាត​ពី​ពលករ​ខ្មែរ​ដែល​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ យក​លុយ​ពី​កម្មករ​អូស​រទេះ អាជីវករ​ខ្មែរ​លក់​ដូរ​នៅ​ផ្សារ​ថៃ និង​មាន​ការចាប់​ម៉ូតូ​ឌុប​ជំរិត​ទារ​យក​លុយ។

លោក អ៊ឹម ថុន នាយ​ផ្នែក​រដ្ឋបាល​នៃ​នគរបាល​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​បាន​ថ្លែង​ថា ក្រោយ​ពី​មាន​រឿង​អាស្រូវ​ផ្ទុះ​ឡើង​លោក​បាន​សរសេរ​អក្សរ​បិទ​នៅ​ជញ្ជាំង​អគារ​នគរបាល​អន្តោប្រវេសន៍​ថា មិន​មាន​ការគំរាម​កំហែង​ជំរិត​យក​លុយ​ទេ។

លោក​បាន​ទទួល​ស្គាល់​ថា នគរបាល​ពិត​ជា​បាន​ចាប់​ម៉ូតូ​ឌុប​និង​កម្មករ​អូស​រទេះ​យក​លុយ​តិចតួច​មែន ចំណែក​ការយក​លុយ​២០០​បាត​ពី​ក្រុម​អាជីវករ​គឺ​ភាគី​ថៃ​ជា​អ្នក​យក។

លោក អ៊ឹម ថុន បាន​មាន​ប្រសាសន៍​ថា ៖ «ឥឡូវ​តាំង​ពី​មាន​រឿង​ម្ដង​ហ្នឹង​មក មាន​អី​ឥឡូវ​ហ្នឹង​ដាក់​ផ្លាក​ដាក់​អី​នៅ​ជុំវិញ​ជញ្ជាំង​អស់​ហើយ​តើ! គ្មាន​អ្នក​ណា​គាប​សង្កត់​យក​លុយ​យក​កាក់​អី​ទេ ខ្ញុំ​សរសេរ​ផ្លាក​ប៉ុនៗ​ណា​ណី​ដាក់​នៅ​ជាប់​ជញ្ជាំង​ហ្នឹង»

ប្រជាពលរដ្ឋ​នៅ​ប៉ោយប៉ែត​បាន​ថ្លែង​ប្រតិកម្ម​ថា ការអះអាង​របស់​មន្ត្រី​នគរបាល​គឺ​ជា​ការដោះសា​ប៉ុណ្ណោះ ៖ «ទោះ​បី​បិទ​ក៏​នៅតែ​យក​ហ្នឹង ចេះ​តែ​ថា​ហ្នឹង វា​ហ៊ាន​ឲ្យ​យើង​ចូល? យើង​ទៅ​ក៏​មិន​ឲ្យ​ចូល​ដែរ»

ចំណែក​ឯ​អាជីវករ​ខ្មែរ​នៅ​ផ្សារ​លុងកឿ​ថៃ​បាន​ថ្លែង​ថា ៖ «ទិញ​សំបុត្រ​ហ្នឹង សំបុត្រ​ដែល​អស់​លុយ​ហ្នឹង​គឺ​ទិញ​ពី​ខ្មែរ ដល់​ពេល​អ្នក​ធ្វើ​គឺ​ថៃ​អត់​អស់​លុយ​ទេ»

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ​នឹង​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​ករណី​នេះ។

លោក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា ៖ «បើ​តាម​ពាក្យ​បណ្ដឹង​អ៊ីចឹង​មែន គឺ​ត្រូវតែ​មាន​វិធានការ​ដើម្បី​ដោះស្រាយ​ក្នុង​នាម​ជា​នគរបាល​ការពារ​ច្រក​ព្រំដែន​អ៊ីចឹង យើង​មិន​គួរ​ណា​ធ្វើ​តាម​ដូច​ជា​ពាក្យ​បណ្ដឹង​អ៊ីចឹង​ទេ គឺ​វា​មិន​ត្រឹមត្រូវ​ទេ»

កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា កម្មករ​អូស​រទេះ អាជីវករ ពលករ​ខ្មែរ​ជាង​១៣០​នាក់​នៅ​ប៉ោយប៉ែត បាន​ផ្តិត​មេ​ដៃ​ទាមទារ​លក្ខខណ្ឌ​បី​ចំណុច ទី​១ សុំ​ឲ្យ​ប៉ូលិស​ឈប់​យក​លុយ​ពី​កម្មករ​អូរ​រទេះ ទី​២ សុំ​ឲ្យ​អាជីវករ​ខ្មែរ​លក់​ដូរ​នៅ​ផ្សារ​ថៃ​ចេញ​ចូល​អត់​បង់​លុយ ទី​៣ សុំ​កុំ​ឲ្យ​ជំរិត​ទារ​លុយ​២០០​បាត​ពី​កម្មករ​ដែល​ត្រូវ​ចាប់​បញ្ជូន​មក​ពី​ថៃ​វិញ និង​សុំ​ដក លោក ពេជ្រ សារ៉ន ចេញ​ពី​ប្រធាន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត៕