នៅ​ក្រចេះ កម្មករ​ប្រមាណ​៣០​នាក់​នាំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចិន​សង​ប្រាក់​ឈ្នួល​ការងារ

កម្មករ​ដែល​ស៊ី​ឈ្នួល​ជីក​រណ្ដៅ​កប់​ខ្សែ​កាប​ឲ្យ​ក្រុមហ៊ុន​ចិន នៅ​ខេត្ត​ក្រចេះ ប្រមាណ​៣០​នាក់ បាន​ជួបជុំ​គ្នា​នៅ​មុខ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កញ្ញា ដើម្បី​រង់ចាំ​ទទួល​លទ្ធផល​ដោះស្រាយ ដែល​បញ្ហា​ក្រុមហ៊ុន​ចិន​នេះ មិន​បាន​ដោះស្រាយ​សង​ប្រាក់​ថ្លៃ​ឈ្នួល​ការងារ។

0:00 / 0:00

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៣ កញ្ញា ក្រុម​កម្មករ​ប្រមាណ ៣០​នាក់ ដែល​ស៊ី​ឈ្នួល​ជីក​ដី​កប់​ខ្សែ​កាប​ទូរស័ព្ទ​អុបទិក ឲ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ ហាយស៊ី នៅ​ខេត្ត​ក្រចេះ បាន​នាំ​គ្នា​ឃាត់​រថយន្ត​ម្ចាស់​ក្រុមហ៊ុន​នេះ ដើម្បី​ទាមទារ​ឲ្យ​សង​ប្រាក់​ថ្លៃ​ឈ្នួល​ពលកម្ម ដែល​បាន​ធ្វើរួច។

ប៉ុន្តែ ក្រោយ​ពី​រថយន្ត​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ដើម្បី​ដោះស្រាយ​លទ្ធផល​គឺ​គ្មាន​ឡើយ ហើយ​តំណាង​ក្រុមហ៊ុន ក៏​បាន​គេច​ខ្លួន។ ប៉ុន្តែ​នៅព្រឹក​ថ្ងៃ​ទី​៤ កញ្ញា កម្មករ​បាន​ឲ្យ​ដឹង​ថា ភរិយា​ម្ចាស់​ក្រុមហ៊ុន​បាន​ចូល​ខ្លួន​មក​ដោះស្រាយ​ដោយ​សម្រួល​ចង់​ឲ្យ​កម្មករ​ទាំង​នោះ ត្រឡប់​ទៅ​ភូមិ​ស្រុក​សិន ហើយ​រង់ចាំ​ការដោះស្រាយ​តាម​ក្រោយ។

ប៉ុន្តែ​កម្មករ​នៅ​មុខ​ទីបញ្ជាការ​កង​រាជ​អាវុធ​ហេតុ​បាន​អះអាង​ថា បើ​មិន​សង​ប្រាក់​គ្រប់ ពួកគេ​មិន​ទៅ​ឡើយ ៖ «ឈ្មោះ អូល អយ។ កម្លាំង​នេះ បាន​ធ្វើ​ហើយ តែ​ដោះស្រាយ​អត់​ចេញ អត់​បាន​លុយ​ទៅ​ផ្ទះ ទៅ​ស្រុក​វិញ​ទេ។ គាត់​ថា​ខ្ចី​លុយ ២០០​ដុល្លារ​ឲ្យ​ទៅ ហើយ​ទៅ​យ៉ាងម៉េច បើ​ចែក​គ្នា​មិន​បាន​ផង។ នៅ​ដេក​រង់ចាំ​ទាល់​តែ​បាន​លុយ​អស់​តែ​ម្ដង​បាន​ទៅ»

កម្មករ​បាន​ឲ្យ​ដឹង​ថា ការ​មិន​បាន​ប្រាក់​ថ្លៃ​ឈ្នួល​ការងារ​នេះ បាន​ធ្វើ​ឲ្យ​ពួកគេ​ធ្វើ​ដល់​ដំណាក់កាល​មួយ លែង​ហ៊ាន​ខ្ចី​ប្រាក់​អ្នក​ស្រុក​នៅ​តាម​ដង​ផ្លូវ ដែល​ស្នាក់​ទៅ​ទៀត​ហើយ ហើយ​ដើរ​រើស​ខ្ចៅ​ខ្ចង​ទទួល​ទាន​តាម​ចិញ្ចើម​ថ្នល់ ដោយ​លែង​ខ្វល់​ពី​សុខភាព​ទៀត​ផង ៖ «សុខភាព​លែង​គិត​ហើយ វា​អត់​ពេក​ហើយ ឲ្យ​តែ​រស់រាន​មាន​ជីវិត។ សំណូម​ពរ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ឲ្យ​បាន​លុយ​ថ្ងៃ​ហ្នឹង ព្រោះ​អត់​មាន​អី​ហូប​ទេ»

តំណាង​កម្មករ​បាន​ឲ្យ​ដឹង​ថា ពួកខ្លួន​បាន​ទទួល​ម៉ៅការ​កប់​ខ្សែ​កាប​ក្នុង​ដី នៅ​ខេត្ត​ក្រចេះ ប្រវែង ៤៥៩៣​ម៉ែត្រ ដោយ​គិត​ក្នុង​មួយ​ម៉ែត្រ ១​ដុល្លារ។ ហើយ​ការ​ធ្វើ មាន​តែ​ការសន្យា​ផ្ទាល់​មាត់ ជាមួយ​ប្រធាន​ក្រុមហ៊ុន​ហាយស៊ី ដែល​ម៉ៅការ​បន្ត​ពី​ក្រុមហ៊ុន ហ៊ូវី នៅ​ភ្នំពេញ។

តំណាង​ក្រុមហ៊ុន ហ៊ូវី នៅ​ភ្នំពេញ​ដែល​មិន​ប្រាប់​ពី​អត្តសញ្ញាណ​បាន​ទូរស័ព្ទ​មក​បញ្ជាក់​ប្រាប់​ថា ក្រុមហ៊ុន​ហាយស៊ី ទទួល​ម៉ៅការ​ផ្ទាល់​ពី​ក្រុមហ៊ុន​ធំ​នៅ​ភ្នំពេញ តែ​លោក​មិន​ដឹង​ថា ក្រុមហ៊ុន​នេះ មាន​កុងត្រា​បន្ត​ជាមួយ​កម្មករ​បែប​ណា​ទេ ប៉ុន្តែ​លោក​នឹង​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ ៖ «មិន​ដឹង​ថា កុងត្រា​គេ ធ្វើ​ហើយ​បាន​គេ​បង់​លុយ​ឬ​ក៏​អាច។ បើ​តាម​ខ្ញុំ​ដឹង កម្មករ​ហ្នឹង គ្នា​ដឹង​តែ​រក​លុយ​ពី​មេការ​ហ្នឹង​ទេ ប៉ុន្តែ​មេការ​ហ្នឹង ត្រូវ​យក​លុយ​ពី​ឈ្មោះ ឈិន ហ្នឹង​មក​ទៀត។ ខ្ញុំ​មិន​ដឹង​ថា​មាន​បញ្ហា​អី​ពី​ឈ្មោះ ឈិន ហើយ​និង​មេការ មិនព្រម​ទម្លាក់​លុយ អ៊ីចឹង​ចេះ​តែ​បន្ត​រហូត​ទៅ។ ចាំ​មើល៍​ខ្ញុំ​ជួយ​ជំរុញ ឲ្យ​ឆាប់​ដោះស្រាយ​ឲ្យ​ចប់ ព្រោះមើល​ទៅ​កម្មករ​ហ្នឹង គ្នា​អត់​មាន​អី​ធ្វើ មាន​តែ​ដេក​ស៊ី»

ថៅកែ ឈិន ជនជាតិ​ចិន ម្ចាស់​ក្រុមហ៊ុន ហាយស៊ី មិន​អាច​ទំនាក់​ទំនង​សុំ​ការបំភ្លឺ​បាន​ឡើយ នៅថ្ងៃ​ទី​៤ កញ្ញា ដែល​រហូត​ទល់​ម៉ោង​ជាង ៣​រសៀល​ហើយ ដំណោះស្រាយ​នៅ​តែ​រក​ច្រក​ចេញ​មិន​ឃើញ។ កម្មករ​ទាំង​អស់ ឈាន​ដល់​ដំណាក់​កាល ធ្វើ​សំណូមពរ​ផ្សង​ព្រេង​ទៅ​អាជ្ញាធរ​ខេត្ត សុំ​ស្បៀង​សង្រ្គោះ​បន្ទាន់៕