កម្មករ​ប្រមាណ​៥០​នាក់​ស្វែងរក​ជំនួយ​ក្នុង​ការ​តវ៉ា​ជាមួយ​រោងចក្រ

កម្មករ​ប្រមាណ​៥០​នាក់​នៅ​រោងចក្រ ភីស៊ីស៊ីអេស (PCCS) នៅ​ព្រឹក​ថ្ងៃ​៤ វិច្ឆិកា បាន​នាំ​គ្នា​មក​ទី​ស្នាក់ការ​សហព័ន្ធ​សហជីព​ខ្មែរ​ដើម្បី​ឲ្យ​ជួយ​ពួក​គាត់ ដោយ​ពួក​គាត់​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​បាន​ប្រើ​ល្បិច​គាប​សង្កត់​ដើម្បី​ជា​លេស​បណ្តេញ​ពួក​គាត់​ចេញ​ពី​ការងារ។

ស្ត្រី​ឈ្មោះ ទេព សូភា តំណាង​ឲ្យ​កម្មករ​ដែល​មក​ធ្វើ​ការ​តវ៉ា​នោះ​ពន្យល់​ពី​មូលហេតុ​ដែល​ពួក​គាត់​មក​សុំ​ឲ្យ​សហព័ន្ធ​សហជីព​ខ្មែរ​ជួយ​ពួក​គាត់​នោះ​ថា ថៅកែ​រោងចក្រ​កំពុង​ប្រើ​ល្បិច​ដោយ​ធ្វើ​ការ​គាប​សង្កត់​និង​ដក​ការងារ​ដើម្បី​ឲ្យ​ពួក​គាត់​ធុញ​ទ្រាន់​ដើរ​ចេញ​ពី​ការងារ​ដោយ​ខ្លួន​ឯង។ កម្មករ​ទាំង​នោះ​បាន​ចោទ​ប្រកាន់​សហជីព​សេរី​កម្មករ​ផងដែរ​ថា បាន​បោះ​បង់​ពួក​គាត់​ចោល​មិន​ព្រម​ជួយ​ពួក​គាត់។

ស្ត្រី​ឈ្មោះ ទេព សូភា បាន​ឲ្យ​ដឹង​ថា ៖ «ក្រុម​ខ្ញុំ ក្រុមហ៊ុន​ដាក់​បន្តិចៗ​ឲ្យ​ដេរ នាំ​គ្នា​ចេះ​តែ​តវ៉ា​ទៅ​ទាមទារ​អាវ​ច្រើន​មក​ដេរ ហើយ​ដល់​អ៊ីចឹង​ក្រុមហ៊ុន​គេ​អត់​ដាក់​ឲ្យ​ទេ រួច​ហើយ​ខ្ញុំ​ក៏​ទៅ​ប្រាប់​ខាង​តំណាង​កម្មករ​ឲ្យ​ទៅ​ជួយ​និយាយ​ខាង​ក្រុមហ៊ុន ឲ្យ​ក្រុមហ៊ុន​ដាក់​ឲ្យ​ច្រើន​ដូច​ជា​ក្រុម​ដទៃ​ទៀត ឲ្យ​ដេរ​បាន​អត្ថ​ប្រយោជន៍​ដូច​ក្រុម​ដទៃ​ទៀត រួច​ហើយ​គឺ​អត់​ដែល​បាន​សោះ!»

កម្មការិនី​ឈ្មោះ ឆាយ រ៉ន បន្ថែម ៖ «សូម​ឲ្យ​ក្រុមហ៊ុន​យក​ការ​ពិចារណា​មក​សា​ថ្មី​វិញ មិន​មែន​ចេញ​ជា​សេចក្ដី​បង្គាប់​ហើយ​ដាក់​ពិន័យ​ពួក​ខ្ញុំ បើ​មិន​ចូល​ធ្វើ​ការ​ទេ ៤៨​ម៉ោង​ហ្នឹង​នឹង​ជាប់​ពន្ធនាគារ​ហើយ​បង់​ជា​ប្រាក់​ពិន័យ​ទៀត ហើយ​ពួក​ខ្ញុំ​មិន​បាន​ទៅ​បង្ក​ជា​ភាព​ចលាចល​ឬ​ក៏​ធ្វើ​ប៉ះ​ពាល់​ខូច​ខាត​ដល់​របស់​ក្រុមហ៊ុន»

ប្រតិកម្ម​តវ៉ា​របស់​កម្មករ​ត្រូវ​បាន​ថៅកែ​ប្តឹង​ចោទ​ប្រកាន់​ថា​ជា​ការ​ធ្វើ​បាតុកម្ម រួច​ក៏​ប្តឹង​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​និង​ប្តឹង​បន្ត​ទៅ​តុលាការ​ឲ្យ​ចេញ​ដីកា​បង្គាប់​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ​ក្នុង​រយៈពេល​៤៨​ម៉ោង បើ​ពុំ​ដូច្នោះ​ទេ​នឹង​រង​ការ​បញ្ឈប់​ពី​ការងារ។

តំណាង​រោងចក្រ ភីស៊ីស៊ីអេស និង​ជា​ប្រធាន​រដ្ឋបាល​រោងចក្រ គឺ​លោក យូ ម៉េងទ្រី បាន​មាន​ប្រសាសន៍​ថា ជា​ការ​កែទ​ម្រង់​ការងារ​ឲ្យ​បាន​ប្រសើរ​ក្នុង​ដំណើរ​នៃ​សង្វាក់​ផលិតកម្ម​ប៉ុណ្ណោះ។

លោក យូ ម៉េងទ្រី បាន​បញ្ជាក់​ថា ៖ «គាត់​សុំ​ឲ្យ​ក្រុម​ហ្នឹង​ដដែល គឺ​ក្រុមហ៊ុន​មិន​អាច​ធ្វើ​អ៊ីចឹង​បាន​ទេ ពីព្រោះ​ប្រព័ន្ធ​ខាង​ផលិត​ហ្នឹង​គេ​រៀប​បង្រួញ​ទៅ​តាំង​ពី​ក្រុម​គាត់​ទៅ។ ដល់​អ៊ីចឹង​គាត់​អត់​ព្រម គាត់​ចង់​ឲ្យ​ក្រុម​គាត់​ដដែល អ៊ីចឹង​ក្រុមហ៊ុន​មិន​អាច​ធ្វើ​តាម​ក្រុម​គាត់​បាន​ទេ ព្រោះ​អី​ការ​រៀបចំ​របស់​ក្រុមហ៊ុន​អ៊ីចឹង!»

ចំណែក​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ ពន្យល់​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ថា ៖ «គេ​ថា អាជ្ញាកណ្ដាល​កោះ​ហៅ​ឡើង គាត់​អត់​បាន​ប្រាប់​ការ​កោះ​របស់​អាជ្ញាធរ​កណ្ដាល​មក​យើង​ទេ ដូច្នេះ​អាជ្ញាកណ្ដាល​គេ​បិទ​សំណុំរឿង។ អ៊ីចឹង​ការ​ដែល​គាត់​ស្វែងរក​សហជីព​នានា​ដើម្បី​ឲ្យ​ជួយ​រក​ដំណោះស្រាយ​របស់​គាត់​ហ្នឹង សម្រាប់​ខ្ញុំ ខ្ញុំ​អត់​មាន​បញ្ហា​អី​ទេ ខ្ញុំ​គាំទ្រ ឲ្យ​តែ​សហជីព​ណា​ជួយ​គាត់​បាន​លទ្ធផល គឺ​ខ្ញុំ​គាំទ្រ​ជា​និច្ច»

តុលាការ​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​នៅ​ថ្ងៃ​នេះ​បង្គាប់​ឲ្យ​កម្មករ​ក្នុង​ក្រុម​២៧​និង​២៨​ត្រូវ​ចូល​ធ្វើ​ការងារ​វិញ​ជា​កំហិត​ក្នុង​រយៈពេល​៤៨​ម៉ោង បើ​ពុំ​ដូច្នោះ​ទេ​កម្មករ​ទាំង​នោះ​នឹង​ត្រូវ​បញ្ឈប់​ពី​ការងារ​និង​ទទួល​ទោស​តាម​កំណត់​នៃ​ច្បាប់។ កម្មករ​ក្នុង​ក្រុម​នីមួយៗ​មាន​ចំនួន​ប្រមាណ​៤៥​នាក់៕