នេះគឺជាសំឡេងរបស់កម្មការិនីរោងចក្រកាត់ដេរ ដែលបានត្អូញត្អែរអំពីកម្រិតជីវភាពកម្មករដុនដាបពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយសារតែទំនិញចេះតែឡើងថ្លៃ ប៉ុន្តែប្រាក់បៀវត្សរ៍កម្មករនៅតែដដែល មិនបានរត់តាមទំនិញសោះឡើយ។
តាមរបាយការណ៍របស់ក្រសួងផែនការដែលទើបនឹងចេញផ្សាយកាលពីប៉ុន្មានខែចុងក្រោយនេះ បានឲ្យដឹងថា ទំនិញគ្រប់មុខនៅកម្ពុជាបានឡើងថ្លៃ ប្រហែល ២០ ទៅ ២៥ភាគរយ។
ទំនិញហូបចុកគ្រប់ប្រភេទដែលចាំបាច់ក្នុងជីវភាពបានហក់ខ្ពស់ដូចជា អង្ករ បានឡើងថ្លៃដល់ទៅ ៤០ភាគរយបើប្រៀបទៅនឹងឆ្នាំមុន ចំណែកត្រី សាច់ ប្រេងឆា បានឡើងថ្លៃជាងពាក់កណ្តាល។ សាច់ជ្រូក មានតម្លៃចន្លោះពី ១៨.០០០រៀល ទៅ ២០.០០០រៀល ក្នុងមួយគីឡូក្រាម ចំណែកអង្ករពីមុនថ្លៃ ១.៥០០រៀល បច្ចុប្បន្ន ថ្លៃ ៣.០០០រៀលក្នុងមួយគីឡូក្រាម។
ក្រុមអ្នកប្រឈមមុខខ្លាំងនៅក្នុងបញ្ហានេះ មាន កម្មករ កសិករ គ្រូបង្រៀន មន្រ្តីរាជការដែលមានប្រាក់បៀវត្សរ៍ទាបនិងក្រុមអ្នកមានប្រាក់បៀវត្សរ៍ងាប់ បានរអ៊ូរទាំមិនលោះពេលឡើយ។
មេដឹកនាំសហជីពសេរីកម្មករ លោក ជា មុនី ថ្លែងថា លោកគ្មានសង្ឃឹមទាល់តែសោះជុំវិញការបញ្ចុះតម្លៃទំនិញនៅក្នុងអាណត្តិថ្មីនេះ ដោយសារតែមន្ត្រីដែលធ្លាប់កាន់អំណាចពីមុននៅតែដដែល មិនមានការផ្លាស់ប្តូរ ៖ «រដ្ឋមន្រ្តីដដែលៗ អ៊ីចឹងបើរដ្ឋមន្រ្តីដដែល សង្ឃឹមថា លទ្ធផលនៃការកែទម្រង់របស់រដ្ឋាភិបាលហ្នឹង មិនអាចបានប្រសើរដល់ប្រជាពលរដ្ឋ កម្មករ-កម្មការិនីទេ។ រដ្ឋមន្រ្តីអាណត្តិមុន គាត់មានទំនាក់ទំនងនឹងអំពើពុករលួយ ឥឡូវមួយអាណត្តិនេះទៀត គឺនៅដដែលទៀត មានន័យថា គឺដដែល»។
ប្រភពពីអ្នកជំនាញផ្នែកសេដ្ឋកិច្ចឲ្យដឹងថា តម្លៃទំនិញគ្រប់មុខនៅកម្ពុជាបានឡើងថ្លៃចាប់តាំងពីចុងឆ្នាំ២០០៦ មក ប៉ុន្តែមកដល់ឆ្នាំ២០០៨នេះ អតិផរណាទំនិញបានហក់ឡើងកាន់តែខ្ពស់ថែមទៀត បន្ទាប់ពីតម្លៃប្រេងសាំងពិភពលោក បានឡើងថ្លៃខ្លាំងទៅៗ។
អតិផរណាទំនិញត្រូវគេបន្ទោសជាចម្បងទៅលើប្រេងសាំងដែលឡើងថ្លៃនិងតម្រូវការច្រើនរបស់ពិភពលោកផ្នែកស្បៀងអាហារផងដែរ។
មកទល់ពេលនេះ បើទោះបីជាតម្លៃសាំងពិភពលោកធ្លាក់ថ្លៃក៏ដោយ ក៏តម្លៃប្រេងសាំងនិងតម្លៃទំនិញនៅកម្ពុជានៅតែមិនព្រមចុះថ្លៃដែរ។
នៅក្នុងឱកាសចូលកាន់មុខតំណែង មេដឹកនាំរដ្ឋាភិបាល លោក ហ៊ុន សែន បានប្រកាសប្តេជ្ញាជាឧឡារិកនៅក្នុងអាណត្តិថ្មីនេះថា ការបញ្ចុះថ្លៃទំនិញត្រូវបានចាត់ទុកជាការងារអាទិភាពដើម្បីលើកតម្កើងកម្រិតជីវភាពប្រជាជន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា ៖ «ការងារជាអាទិភាពរបស់យើងចាប់ពីពេលនេះតទៅ គឺការគ្រប់គ្រងអតិផរណា ហើយបញ្ហានេះ នឹងមាននៅក្នុងយុទ្ធសាស្រ្ដចតុកោណរបស់យើងនេះ។ ហើយអ្វីដែលសំខាន់ជាងនេះទៀត ខិតខំធ្វើយ៉ាងណាឲ្យតម្លៃប្រេងធ្លាក់ចុះបន្ថែមទៀត។ គ្មានគោលដៅអ្វីសំខាន់ជាងគោលដៅនៃការលើកកម្ពស់ជីវភាពរស់នៅប្រជាជននោះទេ ហើយក៏គ្មានភារកិច្ចអ្វីដែលត្រចះត្រចង់ជាងនេះដែរ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យវិញ អត្ថាធិប្បាយថា លោកមិនជឿលើការប្តេជ្ញាចិត្តរបស់ប្រមុខរដ្ឋាភិបាលលើកនេះឡើយ។
លោក រ៉ុង ឈុន បញ្ជាក់ថា ការសន្យានិងការប្តេជ្ញារបស់រដ្ឋាភិបាលបានធ្វើច្រើនដងរួចមកហើយ ប៉ុន្តែសុទ្ធតែជាការសន្យាខ្យល់ប៉ុណ្ណោះ ៖ «ពីព្រោះមិនមែនជាការប្ដេជ្ញាចិត្តលើកដំបូងទេ ពីព្រោះការប្ដេជ្ញាចិត្តហ្នឹង ដែលយើងកត់សម្គាល់តាមឃ្លាំមើលនៃការប្ដេជ្ញាចិត្តរបស់គាត់ហ្នឹង ដំណាក់កាលដំបូងដែលគាត់ប្ដេជ្ញាចិត្ត លុបបំបាត់នូវគេហៅថា កាប់បំផ្លាញព្រៃឈើកម្ពុជាយើង គាត់ធ្វើការប្ដេជ្ញាចិត្តលុបបំបាត់កុំឲ្យមានការបំផ្លាញមច្ឆជាតិ ធ្វើការប្ដេជ្ញាចិត្តសន្យាជាមួយប្រទេសផ្ដល់ជំនួយ ឲ្យច្បាប់ប្រឆាំងអំពើពុករលួយចេញនៅក្នុងឆ្នាំ២០០៦ ប៉ុន្តែតាមការពិត រាល់ការប្ដេជ្ញាចិត្តទាំងអស់ វាបរាជ័យទាំងអស់ គ្រាន់តែលើកឡើងឲ្យមតិជាតិ អន្តរជាតិ គាត់ពិរោះស្ដាប់ ប៉ុន្តែលទ្ធផលអត់មានបានទទួលអ្វីទាំងអស់។ ដូច្នេះការប្ដេជ្ញាចិត្តសម្រាប់អាណត្តិថ្មីនេះ យើងអត់មានការរំពឹងទៅលើការប្ដេជ្ញាចិត្តរបស់គាត់ទេ»។
ជាមួយគ្នានេះ លោក កង ច័ន្ទតារារ័ត្ន អ្នកវិភាគផ្នែកសេដ្ឋកិច្ច បានអត្ថាធិប្បាយថា ទំនិញគ្រប់មុខនៅកម្ពុជាអាចនឹងចុះថ្លៃ បើសិនជាប្រេងសាំងចុះថ្លៃមកវិញ តាមរយៈការបន្ធូរបន្ថយពន្ធលើប្រេងសាំងនិងការបន្ធូរបន្ថយពន្ធលើការនាំចូលផលិតផលសម្រាប់តម្រូវការកសិកម្ម ដូចជា ជី ស្រូវពូជ ក៏ដូចជា គ្រឿងចក្រ ជាដើម។
លោកបន្តទៀតថា ការបន្ថយពន្ធមិនត្រឹមតែធ្វើឡើងត្រឹមតែប៉ុណ្ណោះទេ លោកសុំឲ្យមានការកាត់បន្ថយពន្ធជាទូទៅ ព្រមទាំងពង្រឹងនិងលើកទឹកចិត្តទៅដល់ការវិនិយោគក្នុងស្រុក ក្រៅស្រុក ទើបគេអាចជឿថា អតិផរណានៅកម្ពុជានិងធូរស្បើយមកវិញខ្លះ៕
