កម្មករ​រោងចក្រ​នៅ​ឃុំ​បែកចាន​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​ថៅកែ

កម្មករ​រោងចក្រ HM Plastic នៅ​ឃុំ​បែកចាន ស្រុក​អង្គស្នួល ប្រមាណ​៥០​នាក់ បាន​ធ្វើ​កូដកម្ម​អហិង្សា​បន្ទាប់​ពី​ថៅកែ​រោងចក្រ​របស់​ខ្លួន​បាន​ព្យួរ​ការងារ​មន្រ្តី​សហជីព​សេរីភាព​កម្មករ​ចំនួន​បី​នាក់​ដោយ​គ្មាន​មូលហេតុ។

0:00 / 0:00

មន្រ្តី​សហជីព​ដែល​ត្រូវ​បាន​ថៅកែ​រោងចក្រ​បញ្ឈប់​ពី​ការងារ​រួម​មាន ប្រធាន​សហជីព​សេរី​កម្មករ អនុ​ប្រធាន​និង​អគ្គលេខាធិការ។

តំណាង​កម្មករ​មួយ​រូប​ឈ្មោះ សន ស៊ីណាត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ថា នៅ​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ឬ​អន្តរជាតិ​ម្ដងៗ ខាង​រោងចក្រ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​ដល់​កម្មករ​ទាំង​អស់ ប៉ុន្តែ​ក្នុង​ឆ្នាំ​នេះ​នៅ​មុន​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ខាង​រោងចក្រ​មិន​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ឲ្យ​កម្មករ​ឈប់​នោះ​ទេ លុះ​មាន​ការ​សួរ​នាំ​ពី​ប្រធាន​សហជីព​របស់​ខ្លួន​ទើប​ខាង​ក្រុមហ៊ុន​បាន​ចេញ​សេចក្តី​ជូន​ដំណឹង។

លោក សន ស៊ីណាត បាន​ឲ្យ​ដឹង​ថា ៖ «យើង​ទាំង​អស់​គ្នា​មាន​ការ​ឆោឡោ​ឡើង ហើយ​យើង​ឲ្យ​ប្រធាន​របស់​យើង​ទាំង​បី​ហ្នឹង​ចូល​ទៅ​ជួប​ចរចា​ពី​បញ្ហា​ហ្នឹង»

ប្រធាន​សហជីព​សេរីភាព​កម្មករ លោក ជឿន ធីម មាន​ប្រសាសន៍​ថា ថៅកែ​បាន​បញ្ឈប់​ការងារ​លោក​និង​សហការី​របស់​លោក​ដោយ​ពុំ​បាន​បញ្ជាក់​អំពី​មូលហេតុ​អ្វី​នោះ​ទេ។ លោក​បាន​បញ្ជាក់​ថា កម្មករ​ទាំង​អស់​នៅ​ក្នុង​រោងចក្រ HM Plastic មាន​ចំនួន​៨០​នាក់ ក្នុង​នោះ​៥០​នាក់​ជា​សមាជិក​របស់​លោក។

លោក ជឿន ធីម បាន​បន្ថែម​ថា កាល​ពី​ថ្ងៃ​ទី​២៨ តុលា​កន្លង​ទៅ លោក​បាន​ទៅ​សួរនាំ​អំពី​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ដែល​ខាង​រោងចក្រ​មិន​បាន​ជូន​ដំណឹង​ឲ្យ​កម្មករ​ដឹង ហើយ​នៅ​លា្ងច​ថ្ងៃ​ដដែល​ខាង​រោងចក្រ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​អំពី​ថ្ងៃ​ឈប់​សម្រាក។ បន្ទាប់​ពី​ការ​សួរ​នាំ ថៅកែ​បាន​បញ្ឈប់​ពួក​លោក​ពី​ការងារ​និង​កាត់​ប្រាក់​លើក​ទឹក​ចិត្ត​អស់​ចំនួន​៧៣​ដុលា្លរ​ថែម​ទៀត។

លោក ជឿន ធីម បាន​បញ្ជាក់​ថា ៖ «ក្រុមហ៊ុន​ចេញ​លិខិត​ព្យួរ​ការងារ​ថ្នាក់​ដឹកនាំ​សហជីព​បន្ថែម​ពី​លើ​ហ្នឹង​ទៀត អ៊ីចឹង​ធ្វើ​ឲ្យ​កម្មករ​កាន់តែ​ជ្រួល​ច្របល់ ហើយ​កូដកម្ម​នឹង​កើត​មាន​រហូត​មក​ដល់​ថ្ងៃ​នេះ»

ជំនួយការ​រដ្ឋបាល​រោងចក្រ HM Plastic ឈ្មោះ ចិន្តា បាន​បំភ្លឺ​ថា បាន​ជា​ថៅកែ​បញ្ឈប់​ការងារ​មន្រ្តី​សហជីព​ទាំង​បី​នោះ គឺ​ដោយសារ​តែ​ពួក​គេ​បាន​នាំ​កម្មករ​ឲ្យ​ឈប់​ធ្វើ​ការ​នៅ​ថ្ងៃ​ទី​២៨ តុលា ៖ «គាត់​អត់​នាំ​គ្នា​ធ្វើ​ការ​ទេ គាត់​នាំ​គ្នា​អង្គុយ​លេង​អ៊ីចឹង​ណា៎! ដល់​ពេល​អ៊ីចឹង​ទៅ​មេ​ខ្ញុំ​គាត់​ខឹង»

ប្រធាន​ការិយាល័យ​នៃ​មន្ទីរ​ការងារ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ខែត្រ​កណ្តាល លោក ទៀង សារ៉េត បាន​ឲ្យ​ដឹង​ថា លោក​បាន​ទៅ​ធ្វើ​ការ​សម្រុះ​សម្រួល​កាល​ពី​ថ្ងៃ​ទី​៥ វិច្ឆិកា ដែល​ខាង​កម្មករ​ទាមទារ​បួន​ចំណុច​សំខាន់ៗ គឺ​ទី​១ ទាមទារ​ឲ្យ​ប្រធាន​សហជីព​ទាំង​បី​នាក់​ចូល​ធ្វើ​ការ​វិញ, ទី​២ ឲ្យ​ថៅកែ​បើក​ប្រាក់​លើក​ទឹក​ចិត្ត​ឲ្យ​ប្រធាន​សហជីព​នោះ, ទី​៣ សុំ​ឲ្យ​រោងចក្រ​ចេញ​សេចក្តី​ជូន​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​នៅ​ថ្ងៃ​បុណ្យ​ជាតិ​និង​អន្តជាតិ និង​ទី​៤ សុំ​មិន​ឲ្យ​កាត់​ប្រាក់​ខែ​របស់​ពួក​គេ​ក្នុង​ការ​ធ្វើ​កូដកម្ម​នេះ។

លោក​បាន​បញ្ជាក់​ថា ការ​ដោះស្រាយ​នេះ​ត្រូវ​គ្នា​តែ​មួយ​ចំណុច​ប៉ុណ្ណោះ គឺ​ខាង​រោងចក្រ​ឯកភាព​ជូន​ដំណឹង​ថ្ងៃ​ឈប់ គឺ​ថ្ងៃ​បុណ្យ​ជាតិ​និង​អន្តរជាតិ រីឯ​បី​ចំណុច​ទៀត​ខាង​រោងចក្រ​មិន​បាន​ឯកភាព​តាម​ការ​ទាមទារ​របស់​កម្មករ​ទេ។ ដូច្នេះ​លោក​បាន​បញ្ជូន​លិខិត​ទៅ​ឲ្យ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នៃ​ក្រសួង​ការងារ​នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ដើម្បី​ដោះស្រាយ​បន្ត៕