នៅក្នុងការតវ៉ានោះ ពួកគេដាក់ញត្តិទាមទារឲ្យជួយអន្តរាគមន៍ពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា។
ក្រុមកម្មករនៃរោងចក្រ ឃីង ឡែន ដែលមានទីតាំងនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពួកគេស្នើអោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អន្តរាគមន៍ទៅនិយោជកនៃក្រុមហ៊ុន វលម៉ាត (Walmart) ដោះស្រាយសំណងនៅពេលដែលរោងចក្របិទទ្វារលែងដំណើរការ។
ក្រុមកម្មករដែលឈរនៅខាងមុខស្ថានទូតសហរដ្ឋអាមេរិក បានកាន់បដាជាច្រើន ដែលអំពាវនាវដល់ប្រមុខរដ្ឋាភិបាលកម្ពុជា ក្រសួងពាក់ព័ន្ធ ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ ឃីង ឡែន និងក្រុមហ៊ុនទិញសម្លៀកបំពាក់យីហោ វលម៉ាត (Walmart) យកចិត្តទុកដាក់ចំពោះការលំបាករបស់កម្មករនៅពេលរោងចក្របិទទ្វារ ដោយពុំមានសំណងសមរម្យសម្រាប់កម្មករ។
កម្មករដែលបានចូលរួមការតវ៉ា បានអោយដឹងប្រហាក់ប្រហែលគ្នាថា ពួកគេសង្ឃឹមថា ស្ថានទូតសហរដ្ឋអាមេរិក នឹងមិនព្រងើយកន្តើយចំពោះសំណើរបស់ក្រុមកម្មករឡើយ ព្រោះ វលម៉ាត គឺជាក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ដ៏ធំមួយរបស់សហរដ្ឋអាមេរិក។
តាមការអះអាងរបស់ក្រុមកម្មករ អោយដឹងថា មន្ត្រីនៃស្ថានទូតសហរដ្ឋអាមេរិក បានទទួលញត្តិរបស់ពួកគេ និងបានសន្យាថានឹងពិនិត្យករណីនេះ។
នៅក្នុងញត្តិទាមទាររបស់ក្រុមកម្មករ បានបញ្ជាក់ថា ពួកគេសុំអោយក្រុមហ៊ុនបើកប្រាក់ឈ្នួល ១០០% សម្រាប់រយៈពេលព្យួរការងារ ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ ដល់ថ្ងៃទី១៥ ខែមករា។ ទាមទារប្រាក់បំណាច់ចំនួន ៥ចំណុច ដូចមានចែងក្នុងច្បាប់ការងារ នៅពេលរោងចក្របិទទ្វារ។
ទាក់ទិនករណីរោងចក្រ ឃីង ឡែន មន្ត្រីដោះស្រាយវិវាទនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់ប្រាប់ទៅក្រុមកម្មករថា ថៅកែរោងចក្រនេះបានគេចខ្លួនមិនចេញមុខដោះស្រាយបញ្ហាជាមួយកម្មករឡើយ ព្រមទាំងជំរុញអោយក្រុមកម្មករដាក់ពាក្យបណ្ដឹងទៅតុលាការ។
យ៉ាងនេះក្ដី ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា ក្ដីសង្ឃឹមចំពោះដំណោះស្រាយសម្រាប់ក្រុមកម្មករ គឺមានតែរដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រើប្រាស់ឥទ្ធិពលដាក់សម្ពាធទៅក្រុមហ៊ុន វលម៉ាត អោយយកចិត្តទុកដាក់ដោះស្រាយបញ្ហាកម្មករនៅតាមបណ្ដារោងចក្រដែលផ្គត់ផ្គង់សម្លៀកបំពាក់ទៅក្រុមហ៊ុននេះ។
រហូតមកដល់ពេលនេះ ក្រុមកម្មកររោងចក្រ ឃីង ឡែន ដែលភាគច្រើនជាស្ត្រីបាននាំគ្នាសម្រាកនៅខាងមុខរោងចក្រទាំងថ្ងៃទាំងយប់ ការពារមិនអោយមានការដឹកសម្ភារៈផ្សេងៗចេញពីរោងចក្រ។ ពួកគេអះអាងថា នឹងបន្តការតវ៉ាបែបនេះរហូតបានទទួលសំណងសមរម្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
