ការធ្វើកូដកម្មរបស់កម្មករចំនួន ១៧៥០នាក់នេះ បានធ្វើឡើងតាំងពីថ្ងៃទី១១ ខែកញ្ញាមកម្ល៉េះ ដើម្បីទាមទារដំណោះស្រាយណាមួយឲ្យបានសមស្របពីថៅកែរបស់ខ្លួន ទើបពួកគេនឹងចូលបម្រើការងារជាធម្មតាវិញ។
តំណាងកម្មករនិងជាប្រធានសហជីពឯករាជ្យកម្ពុជា លោក ចេង ណុល បានថ្លែងឲ្យដឹងនៅថ្ងៃទី១៥ កញ្ញានេះថា ថៅកែរោងចក្របានផ្លាស់ប្តូរឈ្មោះពី «សេងយ៉ុង» ទៅ «ប្រូតិចស្តា» ដោយមិនបានជូនដំណឹងដល់កម្មករទាំងអស់នោះទេ គឺមានរយៈពេលច្រើនខែមកហើយ មកដល់ខែសីហាកន្លងទៅនេះ ទើបលោកបានដឹង ដោយបានចាប់ឯកសាររបស់រោងចក្របាន ៖ «នៅពេលដែលគេប្ដូរ គឺគេប្ដូរស្រេចតែចិត្តគេតែម្ដង មានន័យថា គេរត់ CDC អីឲ្យហើយ បានគេដូរ អត់បានជូនដំណឹងមកកម្មករថា ប្ដូរហ្នឹង ប្ដូរដើម្បីអីៗអ៊ីចឹង ប្ដូររបៀបលួចលាក់។ រត់ CDC តាំងតែពី ខែ៤ ដល់យើងចាប់ឯកសារបាន បានយើងទៅនិយាយជាមួយគេ គេថា អត់ដូរវិញ គេថា ឥឡូវគេឈប់ប្ដូរវិញហើយ។ ថារឿងអ្នកឯងឈប់ប្ដូរ ក៏ស្រេចតែចិត្តអ្នកឯងហ្នឹង ក៏មិនកើតដែរ ហើយគេចង់ថា ប្រើឈ្មោះទាំងពីរ ខ្ញុំថា ប្រើឈ្មោះទាំងពីរក៏មិនកើតដែរ។ កម្មករគាត់សំណូមពរ ផ្ដាច់កិច្ចសន្យាការងារចាស់ចោលសិន ហើយចាំឈានទៅដល់អ្នកឯងបើកសហគ្រាសថ្មី អតីតភាពក៏ថ្មី ការងារក៏ថ្មី»។
លោក ចេង ណុល បានបន្តថា កម្មករទាំងនោះបានចូលធ្វើការអស់រយៈពេលជាង ១០ឆ្នាំមកហើយ ដូច្នេះការដូរឈ្មោះថ្មីនេះអាចធ្វើឲ្យកម្មករទាំងអស់បាត់បង់ប្រាក់អតីតភាព។ ហើយកម្មករទាំងអស់នៅតែបន្តធ្វើកូដកម្មរហួតដល់ថៅកែរោងចក្រឈ្មោះ សេង យ៉ុង វិលត្រឡប់ពីបរទេសមកវិញ ៖ «ខ្ញុំចង់បានឲ្យរោងចក្រហ្នឹង ចូលមកជួបចរចា និយាយភាសាសម្បទានគ្នាទៅវិញទៅមក ត្រូវឲ្យអ្វីទៅកម្មករ ដើម្បីសងជំងឺចិត្តគេ»។
ប្រធានរដ្ឋបាលរោងចក្រសេងយ៉ុង លោក ហ៊ាង តិច បានមានប្រសាសន៍ថា លោកមិនបានដឹងពីបញ្ហានេះទេ ព្រោះលោកមិនបានទៅធ្វើការចំនួនបីថ្ងៃមកហើយ ៖ «ខ្ញុំអត់នៅកន្លែងផង ខ្ញុំខានទៅកន្លែង ២-៣ថ្ងៃហើយ។ ខ្ញុំអត់ដឹងផង»។
រដ្ឋលេខាធិការក្រសួងការងារ លោក អ៊ុំ មាន បានមានប្រសាសន៍ថា លោកបានឲ្យមន្រ្តីរបស់លោកចុះទៅត្រួតពិនិត្យអំពីបញ្ហាខាងលើនេះហើយ ៖ «បងប្អូនយើង ចុះទៅដោះហើយ ប៉ុន្តែមិនទាន់រាយការណ៍មកខ្ញុំ»។
សូមជម្រាបថា រោងចក្រ សេង យ៉ុង មានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ។
គេសង្កេតឃើញថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានរោងចក្រចំនួន៤ ដែលកម្មករបានធ្វើកូដកម្មអហិង្សាជាបន្តបន្ទាប់ ហើយរោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជាបានបិទទា្វរអស់ចំនួន២៥មកហើយដែរ៕
