ស្ត្រីម្នាក់ដែលអះអាងថាជាតំណាងកម្មករ ឈ្មោះ ណាន់ ណេន បានឲ្យដឹងថា ពេលកន្លងមកថៅកែចិនមិនបានគោរពតាមលក្ខខណ្ឌការងារជាច្រើនចំណុច ដូចជាការជ្រើសរើសការងារពីដំបូងថា ឲ្យប្រាក់ខែជាង៥០ដុល្លារក្នុងមួយខែ ប៉ុន្តែពេលបើកប្រាក់ខែគឺបើកមិនគ្រប់។
ស្រ្ដីឈ្មោះ ណាន់ ណេន បានឲ្យដឹងដូច្នេះ ៖ «ចេញក្រដាសលុយចេញមកឲ្យតែ៥០(ដុល្លារ) ពេលដាក់ស្លាករើសកម្មករថា ៥២ទៅ៥៥ដុល្លារ។ ពេលបងប្អូនឈឺ ឬឈឺផ្ទាល់ខ្លួន ការដាក់ច្បាប់នោះស៊ីញ៉េ២ទៅ៣នាក់។ ដំបូងថៅកែថា ដាក់ច្បាប់ពីរថ្ងៃមិនឲ្យកាត់លុយទេ ដល់ពេលខាងខ្ញុំដាក់ច្បាប់តែកន្លះថ្ងៃកាត់លុយអស់ដល់ទៅ៧-៨ដុល្លារ»។
ប្រធានសហព័ន្ធសហជីពលើកស្ទួយសិទ្ធិកម្មករ លោក ចេង ណេន បានឲ្យដឹងថា កម្មកររោងចក្រហ្សុងតិច បានធ្វើកូដកម្មតាំងពីថ្ងៃទី៥ កុម្ភៈ គឺមិនទាន់មានដំណោះស្រាយណាមួយពីថៅកែរោងចក្រនោះទេ ទោះបីជាមានលិខិតអញ្ជើញពីនាយកដ្ឋានដោះស្រាយវិវាទការងារក៏ខាងភាគីរោងចក្រមិនព្រមចូលខ្លួនដោះស្រាយនោះដែរ។
លោកអះអាងថា កម្មករបានទាមទារលក្ខខណ្ឌចំនួន១៣ចំណុច ប៉ុន្តែក្នុងនោះលោកបានលើកចំណុចសំខាន់ៗមួយចំនួន ដូចជាទាមទារឲ្យថៅកែបើកប្រាក់អតីតភាពការងារ សុំឲ្យកាត់ប្រាក់លើកទឹកចិត្តកម្មករ ឬហៅថា លុយព្រីម តាមសមាមាត្រថ្ងៃនៃថ្ងៃកម្មករសុំច្បាប់ឈប់ និងការថែមម៉ោងការងារពេលយប់មិនចាំបាច់បង្ខំកម្មករទេ ដោយសុំដំឡើងប្រាក់ថែមម៉ោងនោះដល់២៥០០រៀល ដែលធ្វើការពីម៉ោង៦ដល់ម៉ោង៨កន្លះយប់នោះ។
លោក ចេង ណេន មានប្រសាសន៍ដូច្នេះ ៖ «ចង់ទាមទារឲ្យនិយោជកគាត់ផ្ដល់ប្រាក់អតីតភាពការងារ ដោយថៅកែនេះគាត់បានកាត់ប្រាក់អតីតភាពកម្មករទាំងអស់ហើយ»។
ប្រធានរដ្ឋបាលរោងចក្រហ្សុងតិច អ្នកស្រី ឆេង បានមានប្រសាសន៍ថា រោងចក្រហ្សុងតិច គឺជារោងចក្រថ្មីដែលទើបផ្ទេរពីថៅកែចាស់ ទើបបើកដំណើរការកាលពីខែមករា ឆ្នាំ២០១០នេះទេ ដូច្នេះពុំមានប្រាក់អតីតភាពដើម្បីបើកជូនកម្មករនោះទេ។ អ្នកស្រីបន្ថែមថា ចំពោះប្រាក់លើកទឹកចិត្តប្រចាំខែ លុះត្រាណាកម្មករធ្វើការមិនបានឈប់ក្នុង១ខែ គឺធ្វើការពេញ២៦ថ្ងៃទើបគេបើកជូន។
អ្នកស្រី ឆេង មានប្រសាសន៍ថា ៖ «អ៊ីចឹងបើសិនជាបងប្អូនគាត់សុំច្បាប់មួយថ្ងៃ ឬពីរថ្ងៃគឺលុយហ្នឹងគាត់ដាច់ហើយ»។
ប្រធានការិយាល័យវិវាទការងារ នាយកដ្ឋានវិវាទការងារនៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈលោក វ៉ា យុវវឌ្ឍនា បានមានប្រសាសន៍ថា លោកធ្លាប់បានទៅដល់រោងចក្រហ្សុងតិច ព្រមទាំងដាក់លិខិតអញ្ជើញភាគីរោងចក្រឲ្យមកដោះស្រាយចំនួនបីលើក ប៉ុន្តែគេមិនព្រមចូលដោះស្រាយទេ។ លោកថា នេះជាការមាក់ងាយដល់សមត្ថកិច្ចរបស់លោក ហើយលោកក៏បានបញ្ជូនសំណុំរឿងនេះទៅដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលរួចហើយដែរ។
លោក វ៉ា យុវវឌ្ឍនា មានប្រសាសន៍ដូច្នេះ ៖ «មិនថាតែក្រសួងទេ សូម្បីតែខ្ញុំទៅកន្លែងគាត់ ក៏គាត់អត់មានបានមកអង្គុយពិភាក្សាជាមួយយើងដែរ»។
យ៉ាងនេះក្តីកម្មករទាំងនោះបានបញ្ជាក់ថា បើសិនជាថៅកែមិនធ្វើការដោះស្រាយទេនោះ ពួកគេគ្រោងឡើងទៅតវ៉ាដល់គេហដ្ឋានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលឆាប់ៗនេះដើម្បីសុំឲ្យជួយដល់ពួកគេ៕
