កិច្ចសន្យាការងាររយៈពេលខ្លីកន្លងមកនោះ គឺមានរយៈពេល ២០ថ្ងៃដល់២ខែ ដែលកម្មករបានប្រាក់កំរៃការងារចំនួន ៦១ដុល្លារអាមេរិក ក្នុងមួយខែ ឬតិចជាងនេះទៀតក៏មាន ប៉ុន្តែថៅកែមានសិទ្ធិបណ្ដេញចេញពីការងារគ្រប់ពេលវេលា បើសិនណាកម្មករងើបតវ៉ា ឬទាមទារសិទ្ធិសេរីភាព។ ថៅកែមិនបានគិតដល់អតីតភាពការងាររបស់កម្មករឡើយ។
កិច្ចសន្យាការងាររយៈពេលវែង ដែលមេដឹកនាំសហជីពកម្មករកាត់ដេរ និងកម្មករចង់បាននោះ គឺរយៈពេលរវាង ២ឆ្នាំទៅ៣ឆ្នាំ និងមានអតីតការងារធ្វើឲ្យកម្មករមានលំនឹងចិត្តក្នុងការងារ។
មេដឹកនាំសហជីពកម្មករកាត់ដេរ និងតំណាងកម្មករកាត់ដេរ គ្រោងដាក់សំណើនេះជូនលោក វង សូត្រ នាពេលឆាប់ៗនេះ ដើម្បីសុំឲ្យកោះប្រជុំពិភាក្សាលើសំណើនេះ ឲ្យបានឆាប់តាមតែអាចធ្វើទៅបាន។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ បានមានប្រសាសន៍ថា លោកមើលឃើញថា កិច្ចសន្យារយៈពេលខ្លីកន្លងមកនេះ បានរំលោភសិទ្ធិ និងកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កម្មករយ៉ាងធ្ងន់ធ្ងរ៖ «ការប្រើប្រាស់កិច្ចសន្យាខ្លីៗហ្នឹង ហើយដែលការប្រើហ្នឹងខុសច្បាប់ទៀត ធ្វើឲ្យគាត់មិនបានចូលសហជីព ការគំរាមកំហែងបង្ខំឲ្យគាត់ធ្វើការលើសម៉ោង ហើយរហូតដល់គាត់មិនបានទទួលសិទ្ធិក្នុងការងារ ដូចជាស្ត្រីដែលគាត់ត្រូវឈប់ត្រូវឆ្លងទន្លេ គាត់មិនមានសិទ្ធិ ហើយគេមិនឲ្យលុយជាដើម»។
ជាមួយគ្នានេះដែរ ប្រធានសហជីពមន្ត្រីរាជការកម្ពុជា លោក ជួន មុំថុល បានមានប្រសាសន៍ថា លោកសុំឲ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក វង សូត្រ អនុវត្តកិច្ចសន្យាការងារខ្លីនេះ សម្រាប់តែកម្មករចំនួនពីរប្រភេទ ដូចជា កម្មករសាកល្បង និងកម្មករធ្វើការងារតាមឱកាស៖ «បើសិនណារោងចក្រទាំងអស់ប្ដូរពីការប្រើកិច្ចសន្យាខ្លី ទៅប្រើកិច្ចសន្យារយៈពេលវែង ហៅថារយៈពេលគ្មានកំណត់នេះ កេរ្តិ៍ឈ្មោះ កិត្យានុភាព នៅថ្នាក់អន្តរជាតិ នឹងមានការប្រសើរឡើង»។
កម្មការិនីម្នាក់ឈ្មោះ ជា ធីតា អាយុ២៨ឆ្នាំ មកពីរោងចក្រកាត់ដេរ នៅស្រុកស្អាង ខេត្តកណ្ដាល បាននិយាយថា កន្លងមកនាងធ្វើការងារក្នុងស្ថានការណ៍ភិតភ័យគ្រប់ពេលវេលា ក្រោមកិច្ចសន្យារយៈពេលខ្លី៖ «ឧទាហរណ៍ថា ស្ត្រីមានផ្ទៃពោះ ពេលដែលមានសហជីព បានយើងតវ៉ាឲ្យយើងបានឈប់សម្រាក មានលុយមានអីអីចឹង ហើយពេលសុំច្បាប់ក៏ពិបាកដែរ»។
អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក សាត សមុទ្រ និងជាអ្នកនាំពាក្យ បានមានប្រសាសន៍ថា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក វង សូត្រ បានចារលើលិខិតមួយច្បាប់ ឲ្យមន្ត្រីជំនាញសិក្សាលើសំណើសុំកោះប្រជុំ ស្តីពីការកែប្រែកិច្ចសន្យារយៈពេលខ្លីនោះ ប៉ុន្តែលោកយល់ថា រឿងនេះស្មុគស្មាញណាស់ គឺត្រូវការធ្វើវិសោធនកម្មលើច្បាប់ការងារ និងត្រូវជួបពិភាក្សាត្រីភាគីរវាងក្រសួងការងារ តំណាងកម្មករកាត់ និងថៅកែរោងចក្រលើការកែប្រែនេះ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ បានប៉ាន់ស្មានថា មានកម្មករកាត់ដេរចំនួនរវាង ៦០%ទៅ៧០% ស្មើនឹងជាង ៣០ម៉ឺននាក់ រងការរំលោភសិទ្ធិ និងកេងប្រវ័ញ្ចកម្លាំងពលកម្ម ក្រោមកិច្ចសន្យារយៈពេលខ្លីកន្លងមកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
