អង្គការក្រៅរដ្ឋាភិបាលអំពាវនាវសុំឲ្យមន្ត្រីស្ថានទូតកម្ពុជា ប្រចាំនៅក្នុងប្រទេសថៃ និងក្រសួងការបរទេសខ្មែរ បើកការស៊ើបអង្កេតលើករណីជម្លោះហិង្សា រវាងពលករកម្ពុជា និងពលករភូមានៅក្នុងរោងចក្រ ស៊ីយ៉ាម អិនធើណេសិនណល ហ្វូត (Siam Int'l food) ស្ថិតក្នុងខេត្តសុងក្លា ប្រទេសថៃ។
នាយកប្រតិបត្តិ អង្គការ ខារ៉ាម កម្ពុជា លោក យ៉ា ណាវុធ បានថ្លែងថា ពលករខ្មែរធ្វើចំណាកស្រុកទៅប្រទេសថៃ មិនដែលមានជម្លោះជាមួយកម្មករភូមាទេ។ កន្លងមកធ្លាប់តែពលករខ្មែរមានជម្លោះជាមួយថៅកែ ឬអ្នកជួញដូរពលកម្ម។ ប៉ុន្តែ ករណីអំពើហិង្សាកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ នៅក្នុងរោងចក្រផលិតចំណី ឈ្មោះ ស៊ីយ៉ាម អិនធើណេសិនណល ហ្វូត ក្នុងខេត្តសុងក្លា ប្រទេសថៃនោះ ជារឿងទំនាស់រវាងជនជាតិ នៃពលករ ២ប្រទេស ដែលចេញពីស្រុកកំណើតទៅធ្វើការនៅទឹកដីថៃ ដែលមិនធ្លាប់មានជម្លោះជាមួយគ្នាម្តងសោះ។ លោកអំពាវនាវសុំឲ្យស្ថាប័នពាក់ព័ន្ធក្នុងប្រទេសកម្ពុជា ថៃ និងភូមា សហការគ្នាស៊ើបអង្កេតរឿងហេតុ ដែលនៅពីក្រោយអំពើហិង្សានោះ ដើម្បីបង្ការការបន្តជម្លោះរើសអើង រវាងជនជាតិ និងជនជាតិ។
លោក យ៉ា ណាវុធ៖ «ខ្ញុំគិតថា គួរតែមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ មុននឹងចាត់វិធានការ ផ្នែកផ្លូវច្បាប់នោះ។ ហើយចំណុចមួយទៀត ហេតុអីបានជាអាជ្ញាធរនៅក្នុងខេត្តសុងក្លា បានជាបណ្តោយឲ្យមានការកាប់សម្លាប់គ្នា រវាងពលករកម្ពុជា ហើយនឹងពលករភូមាទៅវិញ? អ៊ីចឹង អាហ្នឹង យើងក៏គួរតែធ្វើការស៊ើបអង្កេតមួយដែរ តើវាមានបញ្ហាអី នៅពីក្រោយបញ្ហាអស់ហ្នឹង»។
ប្រធានកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌល អប់រំច្បាប់សំរាប់សហគមន៍ លោក មឿន តុលា ថ្លែងថា ស្ថានទូតខ្មែរប្រចាំប្រទេសថៃ គួរតែសិក្សាអំពីអង្គហេតុ នៃការបង្កឲ្យកើតជាជម្លោះនោះ ហើយសុំជួយអន្តរាគមន៍ឲ្យបានលឿន និងបន្តការពារអាយុជីវិតដល់កម្មករខ្មែរ៖ «សិក្សាពាក់ព័ន្ធនឹងរឿងលក្ខខណ្ឌនៅកន្លែងហ្នឹងផង ហេតុអីបានជាមានវិវាទគ្នា រវាងពលករខ្មែរហើយនឹងពលករភូមា? អ៊ីចឹង វាបណ្ដាលមកពីការរើសអើងគ្នា ឬមួយយ៉ាងម៉េច? ព្រោះកន្លងមក នៅរោងចក្រមួយ ដែលយើងបានរកឃើញនោះ គឺមានការរើសអើងរវាងកម្មករជាតិមួយ ទៅជាតិមួយ»។
ពាក់ព័ន្ធការអំពាវនាវនេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង ថ្លែងថា ស្ថានទូតខ្មែរនៅក្នុងប្រទេសថៃកំពុងចុះសិក្សា និងដោះស្រាយបញ្ហាបានកើតឡើងនោះ។ លោកបន្តថា មកដល់ពេលនេះ មិនទាន់មានព័ត៌មានជាក់លាក់ ផ្តល់ពីស្ថានទូតខ្មែរ ប្រាប់អំពីចំនួនអ្នកស្លាប់ របួស និងមូលហេតុនៃជម្លោះហិង្សា រវាងកម្មករទាំងពីរប្រទេស គឺកម្ពុជា និងភូមា កាប់សម្លាប់គ្នានោះនៅឡើយទេ៖ «ឥឡូវហ្នឹង មន្ត្រីស្ថានទូតយើងកំពុងតែធ្វើការងារហ្នឹងហើយ។ ហើយគាត់នឹងបញ្ជូនព័ត៌មានជាក់ច្បាស់មកខាងខ្ញុំ នៅពេលខាងមុខឆាប់ៗ»។
ប្រភពពីកម្មករដែលកំពុងបំរើការងារនៅក្នុងរោងចក្រ ស៊ីយ៉ាម អិនធើណេសិនណល ហ្វូត ក្នុងខេត្តសុងក្លា ភាគខាងត្បូងថៃ ជាប់ព្រំដែនថៃ និងម៉ាឡេស៊ី បានប្រាប់វិទ្យុអាស៊ីសេរី កាលពីព្រឹកថ្ងៃអង្គារ ទី៥ ខែមិថុនា ឆ្នាំ២០១២ ថា ក្នុងជម្លោះហិង្សាជាមួយកម្មករភូមា នៅក្នុងជំរុំមុំកម្មករ ស្ថិតក្នុងបរិវេណក្នុងរោងចក្រ ស៊ីយ៉ាម អិនអើណេសិនណល ហ្វូត បណ្ដាលឲ្យកម្មករខ្មែរស្លាប់យ៉ាងតិច ៤នាក់។ ក្រោយពីមានអំពើហិង្សា ដែលប្រើដោយដំបង កាំបិត ពូថៅ ជាដើម រួចមក ថៅកែរោងចក្របានដឹកកម្មករខ្មែរ ជម្លៀសចេញទៅនៅក្នុងវត្តមួយ ដែលមានចម្ងាយប្រមាណ ៥ ទៅ ៦គីឡូម៉ែត្រ ពីរោងចក្រ។
កម្មករដដែលឲ្យដឹងថា ពលករភូមា ធ្វើការនៅក្នុងរោងចក្រ ស៊ីយ៉ាម អិនអើណេសិនណល ហ្វូត មានចំនួន ១.៥០០នាក់។ ចំណែកពលករខ្មែរ មានតែប្រមាណ ៧ ទៅ ៨រយនាក់។ ពលករខ្មែរកំពុងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
