សាច់ញាតិរបស់បុរសខ្មែរទាំងបីនាក់នោះ ឈ្មោះ ស្រេង ណន រស់នៅភូមិដីស្រុត ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង បានឲ្យដឹងនៅថ្ងៃទី៧ កក្កដា ថា គាត់បានទទួលទូរស័ព្ទពីបងប្អូនរបស់គាត់ទាំងបីនាក់ ដែលបានទៅធ្វើការលើទូកនេសាទថៃជាង១ឆ្នាំមកហើយនោះ ថា ពួកគេកំពុងរត់ចេញពីទូកនេសាទនោះហើយ។
លោកបន្តថា សាច់ញាតិរបស់គាត់មានឈ្មោះ សេន ធីតា អាយុ ៣០ឆ្នាំ ឈ្មោះ ស៊ីម យ៉េង អាយុ ៣០ឆ្នាំ និងឈ្មោះ យឹម វុធ មានអាយុប្រហែល ២៨ឆ្នាំ។ អ្នកទាំងនោះ បានទៅធ្វើការតាមលើទូកនេសាទនោះ តាមរយៈមេខ្យល់ ហើយរងការធ្វើបាបពីថៅកែនៅលើទូកនេសាទនោះ។ បុរសទាំងបីនាក់នោះ ខ្លះទៅបានប្រហែល៥ខែ និងខ្លះទៀត ទៅបានជាង ១ឆ្នាំមកហើយ។
ឈ្មោះ ស្រេង ណន៖ «គេថាទៅថៃចុះទូកសមុទ្រ ហើយក្រោយមកមេខ្យល់ហ្នឹង វាបានរត់យករួចខ្លួនបាត់ទៅ ទុកយើងនៅចោលក្នុងទូកសមុទ្រ។ ទូកហ្នឹងមិនចតនៅថៃទេ ចតនៅឥណ្ឌូណេស៊ី រហូត។ ធ្វើការទាំងយប់ ទាំងថ្ងៃ ភ្លៀងព្យុះអី ក៏វាឲ្យយើងធ្វើដែរ។ ទូកហ្នឹង បីខែមកហើយគេអត់ចូលច្រាំងទេ ទើបចូលថ្ងៃហ្នឹង ប្អូនជីដូនមួយខ្ញុំគេខល (Call) មកខ្ញុំណា។ ឥឡូវហ្នឹង គឺគាត់បានរត់គេចខ្លួនហើយ គឺគោលដៅគឺរត់ចេញពីទូកហ្នឹងសិន ព្រោះទូកហ្នឹងគេត្រូវចេញយប់ហ្នឹង។ ចេញផុតឆ្ងាយដែរហើយ ឥឡូវអ្នកទាំងបីនាក់ហ្នឹង កំពុងស្ថិតនៅគ្មានគោលដៅច្បាស់លាស់ទេ»។
បុរសដដែលបានឲ្យដឹងទៀតថា បងប្អូនរបស់គាត់ទាំងបីនាក់ដែលបានរត់គេចពីទូកនេសាទនៅថ្ងៃទី៧ កក្កដានេះ ត្រូវបានប៉ូលិសឥណ្ឌូណេស៊ីចាប់ខ្លួន ហើយបញ្ជូនទៅកាន់កំពង់ផែនោះវិញ។ ប៉ុន្តែពួកគេបានព្យាយាមលួចរត់ម្ដងទៀត។ លោកអំពាវនាវឲ្យស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូណេស៊ី ក្រសួងពាក់ព័ន្ធនិងអង្គការក្រៅរដ្ឋាភិបាលឲ្យជួយអន្តរាគមន៍ចំពោះករណីនេះ ព្រោះមកដល់ពេលនេះគេមិនទាន់ដឹងពីជោគវាសនារបស់អ្នកទាំងបីយ៉ាងណានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
