ពលករ​ចំណាក​ស្រុក​នៅ​ពោធិ៍សាត់​ជា​ច្រើន បាត់​ដំណឹង

2012-02-25

ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់​ជា​ច្រើន​បាន​បញ្ជូន​កូន​ចៅ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ក្រៅ ពិសេស​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​បំណង​រក​ប្រាក់​ជួយ​គ្រួសារ​ដើម្បី​រំដោះ​ភាព​ក្រីក្រ។

ក្រុម​គ្រួសារ​ពលការិនី​ចំណាក​ស្រុក​ជា​ច្រើន​បាន​មក​ដាក់​បណ្ដឹង​សុំ​ឲ្យ​អង្គការ​លីកាដូ និង​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​ពោធិ៍សាត់​ឲ្យ​ជួយ​ស្វែង​រក​កូន​ពួក​គាត់​ដែល​បាន​បញ្ចប់​កិច្ច​សន្យា​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស តែ​មិន​ទាន់​ឃើញ​ត្រឡប់​មក​វិញ។

អ្នកស្រី ធួន ឃន ជា​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​សាមគ្គី ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់។ អ្នក​ស្រី​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ ថា​កូន​ស្រី​គាត់​ឈ្មោះ សាយ សារ៉ាត់ បាន​ចេញ​ទៅ​ធ្វើ​ការ​ជា​ជំនួយ​ការ​មេ​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​តាំង​ពី​ខែ​មករា ឆ្នាំ​២០០៨ តាម​រយៈ​ក្រុមហ៊ុន​ហ្វ៊ីលីម័រ (PHILIMORE) បាន​បាត់​ដំណឹង​រយៈ​ពេល​ជាង ៣​ឆ្នាំ​ហើយ។ អ្នក​ស្រី បន្ត​ថា តាំង​ពី​ថ្ងៃ​ចេញ​ទៅ​រហូត​មក​ដល់​ថ្ងៃ​នេះ អ្នក​ស្រី​ពុំ​ដែល​ទទួល​បាន​ដំណឹង​ពី​កូន​ស្រី​គាត់​សោះ​ហើយ មិន​ដឹង​ជា​ស្លាប់ ឬ​រស់​យ៉ាង​ណា​នោះ​ទេ ៖ «ចង់​ឲ្យ​លោក​គ្រូ​ជួយ​ស្រាវជ្រាវ​រក​កូន​ខ្ញុំ​ផង វា​អត់​មាន​ឪពុក​ទេ។ ខ្ញុំ​ជា​ម្ដាយ​ក៏​កំពុង​ឈឺ​គ្មាន​នរណា​ជួយ​ទេ សង្ឃឹម​ខាង​អង្គការ​ហើយ...»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន​ហ្វីលីម័រ​ដែល​ជា​អ្នក​នាំ​ពលករ​ចេញ​នោះ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៤ កុម្ភៈ។ រី​ឯ​លេខ​ទូរស័ព្ទ​របស់​តំណាង​ក្រុមហ៊ុន​ដែល​គ្រួសារ​ពលការិនី សាយ សារ៉ាត់ ធ្លាប់​ទាក់​ទង​នោះ​ក៏​មិន​អាច​ទាក់​ទង​បាន​ទៀត​ដែរ។

មន្ត្រី​ផ្នែក​អង្កេត​អង្គការ​លីកាដូ​ខេត្ត​ពោធិ៍សាត់ គឺ​កញ្ញា មិត្ត សាមួន បាន​បញ្ជាក់​ថា រយៈ​ពេល ២​ខែ នៃ​ដើម​ឆ្នាំ​២០១២ អង្គការ​លីកាដូ​ខេត្ត​ពោធិ៍សាត់​បាន​ទទួល​ពាក្យ​បណ្ដឹង​សុំ​ការ​ជួយ​អន្តរាគមន៍​ពី​ក្រុម​គ្រួសារ​ពលការិនី​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ចំនួន ៤​ករណី ក្នុង​នោះ​មាន​ការ​បាត់​ខ្លួន ២​ករណី ការ​បញ្ចប់​កិច្ច​សន្យា​តែ​ថៅកែ​មិន​ព្រម​ឲ្យ​វិល​ត្រឡប់​មក​វិញ ២​ករណី ៖ «ក្នុង​ហ្នឹង​យើង​បាន​អន្តរាគមន៍​ទៅ​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់​រួច​ហើយៗ ស្នងការ​ក៏​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួង​មហា​ផ្ទៃ​រួច​ហើយ​ដែរ...»

ចំណែក​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ការពារ​សិទ្ធិ​មនុស្ស​ខេត្ត​ពោធិ៍សាត់ គឺ​លោក ភួង សុធា។ លោក​បាន​ឲ្យ​ដឹង​ថា រយៈ​ពេល ២​ខែ​ដើម​ឆ្នាំ​២០១២ នេះ សមាគម​អាដហុក​ទទួល​បាន​ពាក្យ​បណ្ដឹង​សុំ​ការ​ជួយ​អន្តរាគមន៍​ស្វែង​រក​កូន​ចៅ​ដែល​គ្រួសារ​មិន​បាន​ទទួល​ដំណឹង ឬ​បាត់​ខ្លួន​ចំនួន ១៤​ករណី។ បច្ចុប្បន្ន​លោក​កំពុង​ធ្វើ​របាយការណ៍​បណ្ដា​ករណី​ទាំង​នេះ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ទៅ​ការិយាល័យ​កណ្ដាល​សមាគម​អាដហុក​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ចាត់​វិធានការ​ជួយ​ពលការិនី​ទាំង​នោះ ៖ «ភាគ​ច្រើន​គឺ​បាត់​ដំណឹង ក្នុង​នោះ​មាន​ម្ដាយ​ម្នាក់ មាន​កូន​ដល់​ទៅ ៣​នាក់ កំពុង​បាត់​ដំណឹង និង​មាន​ម្នាក់​ទៀត​មាន​កូន​មិន​គ្រប់​វ័យ​ពេល​ទៅ​មាន​អាយុ​តែ ១៣​ឆ្នាំ ប៉ុណ្ណោះ...»

អាជ្ញាធរ​ឃុំ​អូរតាប៉ោង​បាន​ឲ្យ​ដឹង​ថា ក្នុង​ឃុំ​នេះ​មាន​ពលការិនី​ចំនួន ១១១​នាក់ បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ក្នុង​ចំណោម​នេះ​មាន​ពលការិនី​ខ្លះ​បាន​បញ្ចប់​កិច្ច​សន្យា​រួច​ហើយ តែ​នៅ​មិន​ទាន់​ឃើញ​ពួក​គេ​វិល​ត្រឡប់​មក​វិញ​នៅ​ឡើយ។

របាយការណ៍​របស់​អង្គការ​ខារ៉ាម​កម្ពុជា​បាន​បង្ហាញ​ថា ពលករ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ មាន​ជាង ២​សែន​នាក់ ទៅ​កូរ៉េ​ស្រប​ច្បាប់​ជិត ១​ម៉ឺន​នាក់ ពលករ​ទៅ​ម៉ាឡេស៊ី​ស្រប​ច្បាប់​ជាង ២​ម៉ឺន​នាក់៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

អ្នក​អាន​អនាមិក :

Feb 26, 2012 02:34 PM

អ្នក​អាន​អនាមិក :

Feb 26, 2012 01:18 PM

អ្នក​អាន​អនាមិក :

Feb 25, 2012 02:03 PM

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

កម្មករ​រោងចក្រ​អេស.អិល​ប្រមាណ​៣​ពាន់​នាក់​បន្ត​ធ្វើ​កូដកម្ម

ដើម​បណ្ដឹង​ក្នុង​រឿង​លោក ឈូក បណ្ឌិត ចូល​បំភ្លឺ​នៅ​តុលាការ

កម្មករ​ប្រមាណ​៣​ពាន់​នាក់​នៅ​ខេត្ត​កណ្ដាល​ធ្វើ​កូដកម្ម

មន្ត្រី​ក្រសួង​ការងារ​អាស៊ាន​បូក​៣​ រក​វិធានការ​ជួយ​ពលករ​ចំណាក​ស្រុក

ពលការិនី​ខ្មែរ​ម្នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី​កំពុង​រង​គ្រោះ

មនុស្ស​ជិត​៧​ពាន់​នាក់​ចូលរួម​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ

ពលរដ្ឋ​ខ្មែរ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​កាន់​តែ​ច្រើន

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មិន​ឲ្យ​កម្មករ​ជួបជុំ​គ្នា​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ

សហជីព​ប្រតិកម្ម​ទៅ​នឹង​គម្រោង​ស្នើ​សុំ​ឲ្យ​បញ្ឈប់​កម្មករ​ធ្វើ​បាតុកម្ម

លោក រ៉ុង ឈុន ស្នើ​ឲ្យ​នាំ​ខ្លួន​លោក ឈូក បណ្ឌិត ចូល​គុក




 
Radio Free Asia
2025 M Street NW, Suite 300
Washington DC 20036, USA
202-530-4900
khmweb@rfa.org