ក្រុមគ្រួសារពលការិនីចំណាកស្រុកជាច្រើនបានមកដាក់បណ្ដឹងសុំឲ្យអង្គការលីកាដូ និងអង្គការអាដហុកប្រចាំខេត្តពោធិ៍សាត់ឲ្យជួយស្វែងរកកូនពួកគាត់ដែលបានបញ្ចប់កិច្ចសន្យាធ្វើការនៅក្រៅប្រទេស តែមិនទាន់ឃើញត្រឡប់មកវិញ។
អ្នកស្រី ធួន ឃន ជាប្រជាពលរដ្ឋនៅភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ អ្នកស្រីបានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ ថាកូនស្រីគាត់ឈ្មោះ សាយ សារ៉ាត់ បានចេញទៅធ្វើការជាជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ីតាំងពីខែមករា ឆ្នាំ២០០៨ តាមរយៈក្រុមហ៊ុនហ្វ៊ីលីម័រ (PHILIMORE) បានបាត់ដំណឹងរយៈពេលជាង ៣ឆ្នាំហើយ។ អ្នកស្រី បន្តថា តាំងពីថ្ងៃចេញទៅរហូតមកដល់ថ្ងៃនេះ អ្នកស្រីពុំដែលទទួលបានដំណឹងពីកូនស្រីគាត់សោះហើយ មិនដឹងជាស្លាប់ ឬរស់យ៉ាងណានោះទេ ៖ «ចង់ឲ្យលោកគ្រូជួយស្រាវជ្រាវរកកូនខ្ញុំផង វាអត់មានឪពុកទេ។ ខ្ញុំជាម្ដាយក៏កំពុងឈឺគ្មាននរណាជួយទេ សង្ឃឹមខាងអង្គការហើយ...»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុនហ្វីលីម័រដែលជាអ្នកនាំពលករចេញនោះបានទេ នៅល្ងាចថ្ងៃទី២៤ កុម្ភៈ។ រីឯលេខទូរស័ព្ទរបស់តំណាងក្រុមហ៊ុនដែលគ្រួសារពលការិនី សាយ សារ៉ាត់ ធ្លាប់ទាក់ទងនោះក៏មិនអាចទាក់ទងបានទៀតដែរ។
មន្ត្រីផ្នែកអង្កេតអង្គការលីកាដូខេត្តពោធិ៍សាត់ គឺកញ្ញា មិត្ត សាមួន បានបញ្ជាក់ថា រយៈពេល ២ខែ នៃដើមឆ្នាំ២០១២ អង្គការលីកាដូខេត្តពោធិ៍សាត់បានទទួលពាក្យបណ្ដឹងសុំការជួយអន្តរាគមន៍ពីក្រុមគ្រួសារពលការិនីដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ីចំនួន ៤ករណី ក្នុងនោះមានការបាត់ខ្លួន ២ករណី ការបញ្ចប់កិច្ចសន្យាតែថៅកែមិនព្រមឲ្យវិលត្រឡប់មកវិញ ២ករណី ៖ «ក្នុងហ្នឹងយើងបានអន្តរាគមន៍ទៅស្នងការនគរបាលខេត្តពោធិ៍សាត់រួចហើយៗ ស្នងការក៏បានបញ្ជូនសំណុំរឿងនេះទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃរួចហើយដែរ...»។
ចំណែកមន្ត្រីសម្របសម្រួលសមាគមអាដហុកការពារសិទ្ធិមនុស្សខេត្តពោធិ៍សាត់ គឺលោក ភួង សុធា។ លោកបានឲ្យដឹងថា រយៈពេល ២ខែដើមឆ្នាំ២០១២ នេះ សមាគមអាដហុកទទួលបានពាក្យបណ្ដឹងសុំការជួយអន្តរាគមន៍ស្វែងរកកូនចៅដែលគ្រួសារមិនបានទទួលដំណឹង ឬបាត់ខ្លួនចំនួន ១៤ករណី។ បច្ចុប្បន្នលោកកំពុងធ្វើរបាយការណ៍បណ្ដាករណីទាំងនេះបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត និងទៅការិយាល័យកណ្ដាលសមាគមអាដហុកនៅទីក្រុងភ្នំពេញ ដើម្បីចាត់វិធានការជួយពលការិនីទាំងនោះ ៖ «ភាគច្រើនគឺបាត់ដំណឹង ក្នុងនោះមានម្ដាយម្នាក់ មានកូនដល់ទៅ ៣នាក់ កំពុងបាត់ដំណឹង និងមានម្នាក់ទៀតមានកូនមិនគ្រប់វ័យពេលទៅមានអាយុតែ ១៣ឆ្នាំ ប៉ុណ្ណោះ...»។
អាជ្ញាធរឃុំអូរតាប៉ោងបានឲ្យដឹងថា ក្នុងឃុំនេះមានពលការិនីចំនួន ១១១នាក់ បានចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដែលក្នុងចំណោមនេះមានពលការិនីខ្លះបានបញ្ចប់កិច្ចសន្យារួចហើយ តែនៅមិនទាន់ឃើញពួកគេវិលត្រឡប់មកវិញនៅឡើយ។
របាយការណ៍របស់អង្គការខារ៉ាមកម្ពុជាបានបង្ហាញថា ពលករចំណាកស្រុកទៅប្រទេសថៃទាំងស្របច្បាប់ និងមិនស្របច្បាប់ មានជាង ២សែននាក់ ទៅកូរ៉េស្របច្បាប់ជិត ១ម៉ឺននាក់ ពលករទៅម៉ាឡេស៊ីស្របច្បាប់ជាង ២ម៉ឺននាក់៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
