កម្មករ​បាតុកម្ម​ទាមទារ​ឲ្យ​អ្នក​គ្រប់គ្រង​ចិន​ម្នាក់​ទៅ​សុំ​ទោស​ព្រះ​បរម​សព

កម្មករ​រោងចក្រ​ចំនួន​៣ ដែល​មាន​កម្មករ​ជិត ២​ពាន់​នាក់ រួម​នឹង​ពលរដ្ឋ​មួយ​ចំនួន​ទៀត នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ថ្ងៃ​ទី​២២ តុលា ដើម្បី​សុំ​ឲ្យ​អ្នក​គ្រប់គ្រង​ផលិតកម្ម​ជនជាតិ​ចិន ម្នាក់ ទៅ​សុំ​ទោស​ព្រះ​បរម​សព​នៃ​អតីត​ព្រះ​មហា​ក្សត្រ នរោត្តម សីហនុ បន្ទាប់​ពី​ប្រធាន​ផលិតកម្ម​រូប​នេះ បាន​កាត់​រូប​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះអង្គ​នឹង​កន្ត្រៃ។

0:00 / 0:00

ទស្សនា​រូប​ភាព​ដទៃ​ទៀតOpens in new window ]

រោងចក្រ​ទាំង​៣​នោះ​រួម​មាន រោងចក្រ ថប វើល (Top World Garment) រោងចក្រ ផាដា និង​រោងចក្រ ក្បាល​កោះ ស្ថិត​នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

លោក ឆោ ចិត្រា ដែល​ជា​ពលរដ្ឋ​រស់​នៅ​ក្បែរ​រោងចក្រ ថប វើល មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ តុលា ថា ចំពោះ​មុខ​របស់​លោក បើ​សិន​បុគ្គល​ណា​មួយ​ហ៊ាន​ប្រមាថ​ព្រះមហាក្សត្រ មិន​ថា​ជន​នោះ​មាន​សញ្ជាតិ​ជា​ខ្មែរ ឬ​ជន​នោះ​ជា​សាសន៍​ដទៃ​នោះ​ទេ លោក​មិន​អាច​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើ​ឡើយ។

លោក​បញ្ជាក់​បន្ថែម​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​គាំទ្រ និង​គោរព​ស្រលាញ់​អតីត​ព្រះមហាក្សត្រ​នោះ ព្រោះ​តាម​ការ​ស្ដាប់​ការ​និយាយ​តៗ​គ្នា​របស់​ចាស់ៗ ជំនាន់​ដើម បូក​រួម​នឹង​ការ​សិក្សា​ស្រាវជ្រាវ​ខ្លះៗ របស់​លោក លោក​ជឿ​ថា មាន​ព្រះរាជបូជនីយកិច្ច​ជា​ច្រើន​ដែល​សម្ដេច​ទ្រង់​បាន​បូជា​សម្រាប់​ប្រទេស​ជាតិ និង​ប្រជារាស្ត្រ មាន​លក្ខណៈ​ធំធេង​មិន​អាច​កាត់​ថ្លៃ​បាន។

ប្រហាក់ប្រហែល​គ្នា​នេះ កម្មការិនី​ឈ្មោះ ស្រី ចិត្រ លើក​ឡើង​ថា នាង​ពិបាក​នឹង​ទទួល​យក​ទង្វើ​ដែល​អ្នកស្រី វ៉ាង សៀវជីវ (Wang Xioa Jioa) ប្រព្រឹត្ត​ចំពោះ​រូប​ព្រះ​ឆាយាល័ក្ខណ៍​របស់​អតីត​ព្រះ​មហាក្សត្រ ព្រោះ​ព្រះអង្គ​ជា​ស្ដេច​ដែល​នាង​បាន​ឆ្លាក់​ទុក​ក្នុង​បេះ​ដូង។ ម្យ៉ាង​ទៀត​នាង​បញ្ជាក់​ថា សមិទ្ធផល​ជា​ច្រើន​ដែល​សម្រេច​បាន​ក្រោម​ការ​ដឹកនាំ​របស់​ព្រះអង្គ​ពិត​ជា​ធំធេង​ខ្លាំង​ណាស់។

២២-តុលា-២០១២៖ ស្ត្រី​ជនជាតិ​ឈ្មោះ វ៉ាង សៀវជីវ ក្រាប​សុំ​ខមាទោស​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ នរោត្ដម សីហនុ។
២២-តុលា-២០១២៖ ស្ត្រី​ជនជាតិ​ឈ្មោះ វ៉ាង សៀវជីវ ក្រាប​សុំ​ខមាទោស​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ នរោត្ដម សីហនុ។ (RFA/Vichey Anandh)

ទាក់ទង​នឹង​រឿងរ៉ាវ​នេះ មាន​ការ​ខ្វែង​គំនិត​គ្នា​មួយ​រវាង​កម្មករ និង​អាជ្ញាធរ លើ​ការ​ទាមទារ​របស់​កម្មករ​សុំ​ឲ្យ​អ្នកស្រី វ៉ាង សៀវជីវ ដើរ​ដោយ​ជើង​ទទេ​ពី​រោងចក្រ ថប វើល ទៅ​សុំ​ខមាទោស​ចំពោះ​ព្រះ​បរម​សព​នៅ​មុខ​ព្រះ​បរម​រាជវាំង ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង ១០​គីឡូម៉ែត្រ។ ប៉ុន្តែ​ការ​ស្នើ​សុំ​របស់​កម្មករ​នេះ មិន​បាន​ជោគជ័យ​នោះ​ទេ ដោយ​អភិបាល​ខណ្ឌ​ពោធិ៍​មានជ័យ លោក គួច ចំរើន ប្រឹងប្រែង​បញ្ចុះបញ្ចូល​កម្មករ​ទាំង​នោះ ហើយ​លោក​សុំ​ឲ្យ​កម្មករ​យោគយល់​លើ​បញ្ហា​នេះ ព្រោះ​នៅ​មុខ​ព្រះ​បរម​រាជវាំង មាន​ពលរដ្ឋ​ជា​ច្រើន​កំពុង​ចូល​រួម​កាន់​ព្រះ​រាជ​មរណទុក្ខ។

ទោះ​ជា​យ៉ាង​ណា អ្នកស្រី វ៉ាង សៀវជីវ បាន​លុតជង្គង់​សុំ​ខមាទោស​ចំពោះ​មុខ​ព្រះ​ឆាយាល័ក្ខណ៍​ដែល​ដាក់​តាំង​នៅ​ខាង​មុខ​រោងចក្រ។ ដោយ​ឡែក​កម្មករ​នៅ​តែ​មិន​សុខ​ចិត្ត​ទេ ដោយ​ពួក​គាត់​សុំ​ឲ្យ​អ្នកស្រី វ៉ាង សៀវជីវ ទៅ​សុំ​ខមាទោស​ព្រះ​បរម​សព​នៅ​មុខ​ព្រះ​បរម​រាជវាំង ព្រម​ទាំង​សុំ​ឲ្យ​ស្ត្រី​រូប​នេះ​កោរ​សក់​បន្ថែម​ទៀត។

នៅ​ល្ងាច​ថ្ងៃ​ទី​២២ តុលា កម្មករ និង​ពលរដ្ឋ​ទាំង​នោះ បាន​ស្ងប់​អារម្មណ៍​ទៅ​វិញ ក្រោយ​ពេល​ដែល​​អាជ្ញាធរ​ព្យាយាម​សម្របសម្រួល​ពួក​គាត់ ហើយ​នាំ​យក​អ្នកស្រី វ៉ាង សៀវជីវ ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ កម្មករ​ដែល​បាន​ជិះ​ឡាន​កូរ៉េ​ចំនួន ១០​ឡាន តាម​ពី​ក្រោយ​ឡាន​អាជ្ញាធរ​ដឹក​អ្នកស្រី វ៉ាង សៀវជីវ នោះ ឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​សន្យា​ថា នឹង​នាំ​យក​ស្ត្រី​រូប​នេះ​ទៅ​តុលាការ ដើម្បី​ពិចារណា​អំពី​ការ​ប្រមាថ​លើ​ព្រះ​ឆាយាល័ក្ខណ៍​នៃ​អតីត​ព្រះមហាក្សត្រ​នេះ។

ទាក់ទង​នឹង​អំពើ​ប្រមាថ​ព្រះ​មហា​វីរក្សត្រ តើ​ប្រទេស​កម្ពុជា មាន​ច្បាប់​អ្វី​ដែរ​ទេ​សំរាប់​ដាក់​ទោស​អ្នក​ប្រមាថ​ព្រះ​មហា​ក្សត្រ​ខ្មែរ?

សូម​អញ្ជើញ​ស្ដាប់​ការ​បក​ស្រាយ​របស់​លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ តាម​ការ​សាក​សួរ​របស់​លោក ជី វិតា៖

ខុស​ពី​ប្រទេស​កម្ពុជា ប្រទេស​ថៃ ដែល​ប្រកាន់​យក​របប​នយោបាយ​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដែរ​នោះ មាន​ច្បាប់​ព្រហ្មទណ្ឌ​សំរាប់​ដាក់​ទោស​ជាប់​ពន្ធនាគារ​លើ​ជន​ទាំង​ឡាយ​ណា​ដែល​បាន​រិៈគន់ និង​ប្រមាថ​ព្រះ​មហាក្សត្រ​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។