ក្រុមកម្មករនៃរោងចក្រ ថប ហ្វម បានចោទប្រកាន់ទៅថៅកែរបស់ខ្លួនថា បានរឹតត្បិតសេរីភាពពួកគេហួសហេតុ និងរំលោភលើច្បាប់ការងារជាច្រើនចំណុច។
ក្រុមកម្មករបានសរសេរនូវចំណុចដែលខ្លួនចាត់ទុកថា ថៅកែរោងចក្របានរំលោភលើសិទ្ធិសេរីភាពរបស់ពួកគេ ហើយគេបានបង្ហាញចំណុចអាក្រក់ទាំងនោះដល់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ត្រង់សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធឲ្យបានដឹងពីទុក្ខលំបាករបស់ពួកគេសព្វថ្ងៃ។
កម្មការិនីជាច្រើនដែលមកតវ៉ានោះ បានថ្លែងដោយក្ដីឈឺចាប់ថា ថៅកែបានដាក់បទបញ្ជាផ្ទៃក្នុងតឹងរ៉ឹងហួសហេតុ ដូចជាហាមមិនឲ្យប្រើទូរស័ព្ទផ្ទាល់ខ្លួនទាក់ទងទៅគ្រួសារ ពេលឈឺសុំច្បាប់ក៏ត្រូវកាត់លុយ ចូលធ្វើការចាំបាច់ត្រូវថតក្រយៅដៃ កាត់លុយកម្មករដោយមិនប្រាប់ពីមូលហេតុជាដើម៖ «គ្រួសារមានទុក្ខធុរៈអីក៏ដោយ ឲ្យតេចូលរដ្ឋបាល មិនឲ្យតេចូលពួកខ្ញុំទេ។ បើចង់ដាក់ច្បាប់ឲ្យដាក់បីថ្ងៃមុន បើគ្រោះថ្នាក់ថ្ងៃហ្នឹង ចាំដាក់ច្បាប់ ៣ថ្ងៃ ទៅដាក់ទាន់អត់? ហើយលុយព្រីមឈប់តែមួយម៉ោងក៏ដាច់ ៧ដុល្លារដែរ ច្បាប់សម្រាលផ្ទៃពោះឲ្យតែមួយម៉ោង តើទាន់អត់បើមន្ទីរពេទ្យនៅឆ្ងាយ?»។
ក្រុមកម្មករឲ្យដឹងថា ថៅកែរោងចក្របានគាបសង្កត់កេងប្រវ័ញ្ចលើកម្មករបែបនេះអស់រយៈពេលប្រមាណជា ១០ឆ្នាំមកហើយ ប៉ុន្តែកម្មករទើបនឹងនាំគ្នាតវ៉ាប្រហែលជាមួយសប្ដាហ៍កន្លងមកនេះនៅខាងមុខរោងចក្រ នៅភូមិឃ្លាំសាំង សង្កាត់ឫស្សីកែវ។ ការតវ៉ានៅផ្លូវខាងក្នុងពុំមានដំណោះស្រាយ ពួកគេក៏នាំគ្នាមកឈរតវ៉ានៅផ្លូវជាតិវិញម្ដង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ កញ្ញា ហើយនៅម៉ោងប្រមាណជាង ១០ព្រឹកថ្ងៃដដែល ពួកគេបានដើរជាក្បួនសំដៅទៅសាលារាជធានីភ្នំពេញ ប៉ុន្តែត្រូវសមត្ថកិច្ចរារាំងឲ្យនៅមួយកន្លែង។
អនុប្រធាននាយកដ្ឋានដោះស្រាយវិវាទការងារនៃក្រសួងការងារ លោក ហួន សឿ បានចុះដោះស្រាយជម្លោះរវាងកម្មករ និងថៅកែរោងចក្រ ថប ហ្វម នេះ ប៉ុន្តែពុំទាន់មានលទ្ធផលនោះទេ ដោយសារតំណាងខាងរោងចក្រ និងកម្មករនៅតែប្រកាន់ជំហរតឹងរ៉ឹងរៀងៗខ្លួន។
លោក ហួន សឿ៖ «ខាងក្រុមហ៊ុនគាត់នៅមានទស្សនៈមួយ ដោយសារសហជីពខាងក្រៅហ្នឹងអត់មាននៅក្នុងរោងចក្រ ដល់អ៊ីចឹងគាត់អត់ចរចា តែបើកម្មករទាំងអស់គាត់ជ្រើសរើសតំណាងចេញពីកម្មករ និយោជិត អាហ្នឹងគាត់ចរចា។ កម្មករគាត់ប្រកាន់ថា បើអត់សហជីពគាត់អត់ចរចាទេ អ៊ីចឹងយើងបានឲ្យជម្រើសគាត់បីបួនដែលយើងសម្របសម្រួល ដើម្បីឲ្យបានចូលតុចរចា ប៉ុន្តែជាលទ្ធផលក៏នៅតែអត់ដដែល»។
នៅក្នុងកូដកម្មរបស់កម្មករនោះ ពួកគាត់បានទាមទារនូវលក្ខខណ្ឌចំនួន ១៦ចំណុច ក្នុងនោះរួមមាន សុំឲ្យក្រុមហ៊ុនផ្ដល់លុយបាយ ៤ពាន់រៀលនៅពេលកម្មករធ្វើការថែមម៉ោងដល់ពេលយប់។ សុំឲ្យក្រុមហ៊ុនអនុញ្ញាតឲ្យស្ត្រីមានផ្ទៃពោះ បានទៅពិនិត្យសុខភាពក្នុងមួយខែបានមួយថ្ងៃ។ សុំឲ្យស្ត្រីមានផ្ទៃពោះចេញពីរោងចក្របានមុនពេលកំណត់ ១៥នាទី។ នៅពេលកម្មករគ្រោះថ្នាក់ពេលធ្វើការងារសុំឲ្យក្រុមហ៊ុនចេញសោហ៊ុយព្យាបាលទាំងអស់ ដោយរក្សាប្រាក់ឈ្នួល ប្រាក់រង្វាន់ និងអត្ថប្រយោជន៍ផ្សេងៗទៀត។
អនុប្រធាននាយកដ្ឋានដោះស្រាយវិវាទការងារ លោក ហួន សឿ មានប្រសាសន៍ថា លោកបានអញ្ជើញភាគីទាំងពីរចូលតុចរចានៅនាយកដ្ឋានដោះស្រាយវិវាទការងារនៅព្រឹកថ្ងៃសុក្រ ទី៧ កញ្ញា ប៉ុន្តែខាងកម្មករនៅតែបន្តធ្វើកូដកម្មដដែល លុះត្រាតែមានដំណោះស្រាយដែលអាចឲ្យពួកគេទទួលយកបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
