សហជីព​កម្មករ​ស្នើសុំ​​ដំឡើង​ប្រាក់​អត្ថប្រយោជន៍​កម្មករ​វិស័យ​កាត់​ដេរ

តំណាង​សហជីព​កម្មករ​ធំៗ ចំនួន​៣ បាន​ផ្ញើ​លិខិត​ទៅ​ប្រធាន​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) លោក វ៉ាន់ ស៊ូអៀង។

0:00 / 0:00

លិខិត​នោះ​ស្នើ​អោយ​មានការ​ចរ​ចារ ចំពោះ​ការ​ទាម​ទារ​ដំឡើង​ប្រាក់​អត្ថ​ប្រយោជន៍​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​។ ក្រុម​សហ​ជីព​កម្មករ​បញ្ជាក់​ថា ការ​ទាម​ទារ​ប្រាក់​អត្ថ​ប្រយោជន៍ គឺ​ដើម្បី​បំពេញ​បន្ថែម​ទៅ​លើ​ប្រាក់ខែ ដែល​មិន​អាច​ទ្រទ្រង់​ជីវភាព​រស់​នៅ​អោយ​សមរម្យ ខណៈ​តម្លៃ​ទំនិញ​នៅ​លើ​ទី​ផ្សា​បន្ត​ឡើង​ថ្លៃ។

តំណាង​សហជីពកម្មករចំនួន៣ ស្នើ​អោយ​មាន​ការ​ចរចា​ជា​ថ្មី​ទៀត ដែល​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ទាម​ទារ​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ។ ពួកគេ​ទាមទារ​ដំឡើង​ប្រាក់​រង្វាន់​ទៀង​ទាត់​សោហ៊ុយ ធ្វើ​ដំណើរ ឬ​ប្រាក់​សម្រាប់​ជួល​ផ្ទះ និង​ថ្លៃ​បាយ​ថ្ងៃ​ត្រង់។

សហ​​ជីព​ធំៗ​ចំនួន​បី​នោះ​រួម​មាន​ សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ដឹក​នាំ​ដោយ អាត់ ធន់​ សម្ព័ន្ធ​សហជីព​កម្ពុជា ដឹក​នាំ​ដោយ ​អ្នកស្រី យ៉ាង សុភ័ណ្ឌ និង​សហព័ន្ធ​សហជីព​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់​ដេរ​កម្ពុជា​ដឹក​នាំ​ដោយ​អ្នកស្រី ម៉ម ញឹម។

ពួក​គេ​ទាម​ទារ ដំឡើង​ប្រាក់​រង្វាន់​ទៀងទាត់ អោយ​បាន​ដល់ ១២ ដុល្លារ ទាម​ទារ​​សោហ៊ុយ ធ្វើ​ដំណើរ ឬ​ជួល​ផ្ទះ ១៥ ដុល្លារ ក្នុង​១​ខែៗ​ និង​ប្រាក់ ៤.០០០ រៀល សម្រាប់​កម្មករ ហូប​អាហារ​ថ្ងៃត្រង់​ក្នុង ១​ថ្ងៃ។

អ្នក​ស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​​សហជីព​​​នៃ​​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់ដេរ​កម្ពុជា។ អ្នក​ស្រី មាន​ប្រសាសន៍​ នៅ​ថ្ងៃសៅរ៍ ទី ០៣ កុម្ភៈ ថា កម្មករ​កាត់​ដេរ កំពុង​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ជីវភាព​រស់​នៅ​ នៅ​ពេល​ដែល​ការ​ចំណាយ​លើស​ពី​ប្រាក់​ចំណូល។

អ្នក​ស្រី ម៉ម ញឹម៖ «កម្មករ​យើង​ហ្នឹង​ប្រាក់​ឈ្នួល​វា​ទាប​ហើយ​ទំនិញ​វា​ឡើង​ថ្លៃ​ខ្លាំង។ អ៊ីចឹង​ទៅ​ធ្វើ​អោយ​កម្មករ​យើង​ត្បិត​ត្បៀត អ៊ីចឹង​ហ្នឹង​ធ្វើ​អោយ​គាត់​ហ្នឹង​ឈឺ​សន្លប់។ ហី​គួប​ផ្សំ​នឹង​ការងារ​គាត់​ច្រើន​ម៉ោង​ទៀត កាន់​តែ​ធ្វើ​អោយ​គាត់​ហ្នឹង​មាន​បញ្ហា​សុខ​ភាព​តែ​ម្ដង»។

លិខិត​របស់​សហជីព​លើក​ឡើង​ដែរ​ថា ភាព​ខ្វះ​ខាត​ក្នុង​ជីវភាព​រស់​នៅ បាន​ជំរុញ​អោយ កម្មករ​នៅ​តាម​បណ្ដា​រោងចក្រ​ជា​ច្រើន​បាន​ធ្វើ​កូដកម្ម​ផ្ទួនៗ នៅ​ដើម​ឆ្នាំ ២០១២ ​នេះ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​អធិប្បាយ​ពី លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី ០៣ ខែ​មីនា។

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក ជាតិ ខេមរា មាន​ប្រ​សាសន៍​ថា លោក មិន​ទាន់​ទទួល​បាន​លិខិត​របស់​តំណាង​សហជីព​នៅ​ឡើយ។ តែ​លោក​ថា ការ​ទាម​ទារ ដំឡើង​ប្រាក់​មិន​ឈប់​ឈរ​ពី​ក្រុម​សហ​ជីព នឹង​ជំរុញ​អោយ​អ្នក​វិនិយោគ ងាក​ទៅ​រក​ប្រទេស​ជិត​ខាង​ដែល​មាន​លក្ខខណ្ឌ​ល្អ​ជាង​កម្ពុជា។

លោក ជាតិ ខេមរា៖ «ឆ្នាំ​ណា​ដែល​គេ​ត្រូវ​ចរចា​ទៀត គេ​មិនមែន​ដាក់​ចរចា​ចប់ មិន​ទាន់​បាន​បាត់​សើម​មាត់​ផង ហើយ​ទាម​ទារ​ចរចា​ទៀត អា​ហ្នឹង​បាន​ន័យ​ថា​បង្កើត​បញ្ហា​ច្រើន​ហើយ។ ឬ​ក៏​គាត់​ចង់​អោយ​អ្នក​វិនិយោគ​នឹង​រត់​ទៅ​ភូមា​ ឬ​ក៏​យ៉ាង​ម៉េច​គាត់​ខ្ញុំ​មិន​ដឹង​ទេ។​ ព្រោះ​ទី​ផ្សារ​ភូមា​វា​អនុគ្រោះ​អោយ​ច្រើន​ជាង​អ្វី​ដែល​កម្ពុជា ទាំង​ប្រាក់​ឈ្នួល ការ​ដឹក​ជញ្ជូន ទាំង​ស្អីៗ យើង​ឃើញ​ថា​ភូ​មា​ប្រសើរ​ជាង​ហើយ​ភូមា​នៅ​ជិត​ចិន​ទៀត»។

នៅ​ចុង​ឆ្នាំ ២០១០ ក្រុម​សហ​ជីព​បាន​ស្នើ​សុំ​ម្ដង​រួច ដោយ​ទាម​ទារ​អោយ​ភាគី​តំណាង​រោង​ចក្រ​កាត់​ដេរ​ដំឡើង និង​ផ្ដល់​ប្រាក់​អត្ថ​ប្រយោជន៍​ចំនួន ៦ ចំណុច។ ជា​ការ​ឆ្លើយ​តប​ភាគី​រោង​ចក្រ​បាន​យល់​ព្រម​ដំឡើង​ប្រាក់​ថ្លៃ​បាយ​សម្រាប់​ពេល​ថែម​ម៉ោង អោយ​បាន ២.០០០ រៀល​ប្រាក់ រង្វាន់​ទៀងទាត់ ដល់ ៧ ដុល្លារ និង​ប្រាក់​អតីតភាព​ការងារ ។ នៅ​ដើម​ឆ្នាំ ២០១១ រដ្ឋាភិបាល​ក៏​បាន​បន្ថែម​ប្រាក់​ចំនួន ចំនួន ៥ ដុល្លារ ក្នុង​មួយ​ខែ ជា​ប្រាក់​ទ្រទ្រង់​សុខភាព។ ប៉ុន្តែ​នៅ​មាន​ចំណុច​មួយ​ចំនួន​ដែល​តំណាង​រោង​ចក្រ​មិន​ទាន់​ផ្ដល់​ចម្លើយ។

កាត់​ដេរ​ជា​វិស័យ​ឈាន​មុខ​នៅ​កម្ពុជា ដែល​មាន​រោង​ចក្រ​ជាង​៥០០ និង​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​ជាង ៤០០.០០០ (៤០ម៉ឺន​នាក់)។ ការ​នាំ​ចេញ​នៃ​វិស័យ​នេះ​បាន​រួម​ចំណែក​ជិត ៣.០០០ លាន​ដុល្លារ ក្នុង​កំណើន​សេដ្ឋ​កិច្ច​មួយ​ឆ្នាំៗ។ ជាក់​ស្ដែង​កម្មករ​ក្នុង​វិស័យ​នេះ​ទទួល​បាន​ពី ៣០០ ទៅ ៤០០ លាន​ក្នុង​មួយ​ឆ្នាំ។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ កម្មករ​កាត់​ដេរ​ទទួល​បាន​ប្រាក់​ឈ្នួល​គោល ៦១ ដុល្លារ ដែល​ត្រូវ​ចាត់​ទុក​ថា មាន​គម្លាត​ឆ្ងាយ​ពី​ការ​ចំណាយ។ ដោយ​សារ​តែ​ប្រាក់​ខែ​កម្មករ​កាត់​ដេរ មិន​អាច​ផ្គត់ផ្គង់​ជីវភាព​បាន​សមរម្យ ជំរុញ​អោយ​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​សម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ជាជាង​ចូល​បម្រើ​ការងារ​តាម​រោង​ចក្រ។ និង​មាន​កម្មករ​ជំនាញ​ជា​ច្រើន​បាន​បោះ​បង់​ការងារ​ក្នុង​វិស័យ​កាត់​ដេរ ហើយ​ងាក​ទៅ​រក​ការងារ​នៅ​ក្នុង​ផ្នែក​សេវា​កម្សាន្ត និង​ទេសចរណ៍​ជា​ដើម៕