វាគ្មិនកិត្តិយសបានថ្លែងប្រាប់អង្គមិទ្ទិញថា យើងគួរតែនៅឲ្យឆ្ងាយពីគ្រឿងញៀន ដោយអះអាងថា បើសិនជាគ្រឿងញៀនអាចត្រួតត្រាជីវិតយើងបានហើយនោះ ផលលំបាកតែងតែកើតមានឡើង។
ប្រធានមន្ទីរអប់រំខេត្ត គឺលោក ឡាយ បូរ៉ា បានសុំឲ្យសិស្សានុសិស្សនៅឲ្យឆ្ងាយពីគ្រឿងញៀន ៖ «បារម្ភខ្លាំង។ សូមឲ្យលោកគ្រូ អ្នកគ្រូ ជួយពន្យល់ណែនាំឲ្យបានស៊ីជម្រៅដល់សិស្សយើងអំពីការប្រើប្រាស់គ្រឿងញៀនថា តើទទួលផលវិបាកយ៉ាងដូចម្តេច? គ្រឿងញៀនហ្នឹងកាលណាបើយើងសេពវាតើវាមានផលវិបាកយ៉ាងម៉េចដល់សង្គមជាតិរបស់យើង? ផលវិបាកយ៉ាងម៉េចសម្រាប់ខ្លួនយើង សម្រាប់ក្រុមគ្រួសាររបស់យើង?»។
មន្ត្រីនៃអង្គការក្រៅរដ្ឋាភិបាលគឺអ្នកស្រី ងួន សុផានី នាយិកានៃអង្គការKAFDOC បានសម្តែងការព្រួយបារម្ភដែលថា គ្រឿងញៀនកំពុងតែធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិទាំងមូល ហើយអ្នកស្រីសុំឲ្យចៀសវាងពីការអូសទាញរបស់ក្រុមអ្នកចែកចាយនិងក្រុមអ្នកសេពគ្រឿងញៀន។
អ្នកស្រី ងួន សុផានី បានមានប្រសាសន៍ថា ៖ «ចៀសវាងឲ្យផុតអំពីការអូសទាញគ្រប់រូបភាពពីសំណាក់អ្នកចែកចាយនិងអ្នកប្រើប្រាស់គ្រឿងញៀន។ សូមកុំព្យាយាមចង់សាកឬចង់ដឹងអំពីគ្រឿងញៀនឲ្យសោះ។ អាជ្ញាធរមានសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធមេត្តាជួយបន្តពង្រឹងនិងការអនុវត្តច្បាប់ស្ដីអំពីការជួញដូរនិងការប្រើប្រាស់គ្រឿងញៀនប្រកបដោយប្រសិទ្ធភាព និងផ្តន្ទាទោសដល់ជនប្រព្រឹត្តល្មើសនឹងច្បាប់ដោយមិនអាចលើកលែងបានជាដាច់ខាត»។
ស្នងការខេត្តក្រចេះគឺលោកឧត្តមសេនីយ៍ ជួង ស៊ាងហាក់ បានជម្រាបអង្គមិទ្ទិញថា កន្លងមកខេត្តក្រចេះធ្លាប់តែជាទីឆ្លងកាត់គ្រឿងញៀនតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះមានមុខសញ្ញាចែកចាយដ៏គ្រោះថ្នាក់បំផុតនៅក្នុងខេត្តដែលទើបនឹងបង្ក្រាបបានហើយថ្មីៗ។
លោកឧត្តមសេនីយ៍ ជួង ស៊ាងហាក់ បានបញ្ជាក់ថា ៖ «មុខសញ្ញាយ៉ាងឆ្នើមនៅខេត្តក្រចេះគឺមុខសញ្ញាចាប់ថ្ងៃមុនហ្នឹងហើយ។ មុខសញ្ញាមួយនៅអូរឫស្សី២ហ្នឹងគឺជាមុខសញ្ញាដ៏គ្រោះថ្នាក់បំផុត ហើយកំពុងតែជាប់ពាក់ព័ន្ធនឹងប្រពន្ធ ហើយមានពាក់ព័ន្ធនឹងមនុស្សប៉ុន្មាននាក់ទៀតដែលយើងកំពុងតែសុំដីកាដើម្បីស្វែងរកចាប់ខ្លួន។ ជារបស់គាត់ផ្ទះស្នាក់នៅ ប៉ុន្តែគេយកតង់ទៅបាំងជិតជុំវិញទាំងអស់ នៅពីក្រោយផ្ទះរហូតដល់លើដំបូលផ្ទះសុទ្ធតែមានបណ្ដាញចរន្តអគ្គិសនីដើម្បីភ្ជាប់ខ្សែភ្លើង ពេលណាចូលទៅជិតគឺគេកាច់បារ៉ែតខ្សែភ្លើងឆក់ប្រកាច់ងាប់»។
លោកស្នងការបានជម្រាបបន្ថែមថា មានមុខសញ្ញាចែកចាយជាច្រើនកំពុងតែធ្វើសកម្មភាពនៅតាមទីផ្សារនិងតំបន់មួយចំនួនដែលលោកសុំឲ្យមានសហការផ្តល់ដំណឹង ហើយលោកបានបញ្ជាក់ដែរថា ច្បាប់ថ្មីនៃការគ្រប់គ្រងគ្រឿងញៀនអាចសភាសម្រេចក្នុងខែកក្កដាខាងមុខ ដោយលោកបញ្ជាក់ថា ច្បាប់ថ្មីនេះអ្នកជួញដូរគ្រឿងញៀនត្រូវមានការដាក់ទោសទណ្ឌផងនិងរឹបអូសទ្រព្យសម្បត្តិទៀតផង៕
