លោក ប៉ុក វ៉ាន់ថា ជានាយកនៃនាយកដ្ឋានសុខភាពរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើការត្រួតពិនិត្យនិងអង្កេតជុំវិញមូលហេតុនៃការពុលកម្មករ បានមានប្រសាសន៍ថា រោងចក្រនោះកំពុងតែដំណើរការជាធម្មតាវិញ។ ក្រសួងបានផ្តល់ជាដំបូន្មាននិងចេញសារាចរណែនាំទៅដល់រោងចក្រផ្សេងៗទៀតផងដែរ មិនឲ្យមានឧប្បតិ្តហេតុដូចគ្នានេះនៅថៃ្ងអនាគត។
លោក ប៉ុក វ៉ាន់ថា បានបញ្ជាក់ថា ៖ «ព្រមានដល់លោកនាយករោងចក្រអស់ហើយ បានធ្វើការកែលម្អបានទាំងអស់ហើយ។ ថ្នាំដែលគាត់ប្រើហ្នឹងសម្លាប់លើកណ្ដុរ សត្វល្អិត កណ្ដៀរ កន្លាត ចៃ មូសអីអ៊ីចឹង ប៉ុន្តែឈ្មោះសារធាតុគីមីគាត់អត់ដាក់ ចំនួនប៉ុន្មានគាត់ក៏អត់ដាក់ លាយទឹកប៉ុន្មាន ឧបមាថា លាយហ្នឹងចំណុះប៉ុន្មានគាត់បាញ់ គាត់អត់មានប្រាប់យើងទេ។ យើងបានសហការគ្នាបានផ្ដល់ជាដំបូន្មានដល់លោកនាយកត្រូវធ្វើឲ្យបានតាមស្ដង់ដារបច្ចេកទេស»។
ទាក់ទងនឹងដំណើរការខាងលើនេះ លោកស្រី សែម គន្ធា តំណាងរោងចក្រ The World Best Cambodia Co. Ltd. ទទួលបន្ទុកខាងធនធានមនុស្ស បានថែ្លងថា អ្វីៗរៀបរយវិញអស់ហើយ ក្រុមកម្មករមួយភាគធំបានវិលត្រឡប់មកធ្វើការងារវិញក្រោយពីជាសះស្បើយពីការពុលក្លិននោះ។
លោកស្រី សែម គន្ធា បានឲ្យដឹងថា ៖ «ដំណើរការវិញហើយតាំងពីម្សិលមិញ... អ្នកដែលសន្លប់ហ្នឹងអាចត្រឡប់មកធ្វើការវិញអស់ហើយ ៩៥%ហើយ ពីព្រោះថា កាលពីថ្ងៃសៅរ៍ហ្នឹងយើងមានខាងក្រុមហ៊ុនបាញ់ថ្នាំសម្លាប់សត្វល្អិត គេមកបាញ់ ហើយទៅខាងមន្ត្រីជំនាញហ្នឹងសង្ស័យថា វានៅមានជាតិហ្នឹង(ពុល)អត់ទាន់អស់»។
លោក ជា មុនី ជាប្រធានសហជីពសេរីកម្មករកម្ពុជា បានមានប្រសាសន៍ថា លោកសូមឲ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគួរតែមានការប្រុងប្រយ័ត្នមិនឲ្យកើតមានបញ្ហាដដែលនេះកើតឡើងជាថ្មីទៀតនៅថ្ងៃអនាគត។
លោក ជា មុនី បានមានប្រសាសន៍ថា ៖ «ជាពិសេសគឺពេទ្យការងារហ្នឹងឯងដើម្បីឲ្យធ្វើការចុះត្រួតពិនិត្យ ព្រោះថា រោងចក្រសហគ្រាសទាំងនោះមានផ្ទុកទៅដោយក្រណាត់ដែលក្រណាត់នេះយកចេញពីប្រទេសគេមក គឺថា ជាតិគីមីវត្ថុធាតុដើមហ្នឹងនៅខ្លាំងនៅឡើយទេ»។
គេនៅមិនទាន់បានទទួលការបញ្ជាក់ជាផ្លូវការណាមួយនៅឡើយទេពីមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យដឹងថា ប្រភេទថ្នាំពុលដែលរោងចក្រ The World Best Cambodia Co. Ltd. បានជួលក្រុមហ៊ុនឯកជនមួយមកបាញ់ថ្នាំសម្លាប់សត្វល្អិតនោះជាប្រភេទថ្នាំអ្វីខ្លះនិងឈ្មោះអ្វី ពីព្រោះមន្រ្តីអធិការកិច្ចបានពិនិត្យឃើញថាមានការប្រើប្រាស់ថ្នាំនោះខុសក្បួនខ្នាត។
សូមបញ្ជាក់ថា កាលពីថៃ្ង១២ ខែតុលាកន្លងទៅនេះ កម្មករកាត់ដេរភាគច្រើនជាស្រ្តីភេទនៅរោងចក្រឈ្មោះ The World Best Cambodia Co. Ltd. នៅក្នុងសង្កាត់ចោមចៅ ខណ្ឌដង្កោ ជាយទីក្រុងភ្នំពេញ បានដួលសន្លប់ជាបន្តបន្ទាប់គ្នាចំនួនប្រមាណជាង៤០០នាក់នៅក្នុងចំណោមកម្មករសរុបជាង១៥០០នាក់ដោយសារក្លិនពុលថ្នាំសម្លាប់សត្វល្អិត។ រោងចក្រនោះបានផ្អាកកម្មករមួយថៃ្ងក្រោយពីមានការពុលនោះដើម្បីលាងនិងបំបាត់ក្លិនពុល៕
