ទិវា​ជន​ជាតិ​ដើម​ភាគ​តិច​អន្តរជាតិ​លើក​ទី​១៦​ប្រារព្ធ​នៅ​សៀមរាប

ជនជាតិ​ដើម​ភាគ​តិច​ចំនួន ៣៧០​នាក់​បាន​ជួប​ជុំ​គ្នា​នៅ​ខេត្ត​សៀមរាប ដើម្បី​ប្រារព្ធ​ទិវា​ជន​ជាតិ​ដើម​ភាគ​តិច​អន្តរជាតិ​លើក​ទី​១៦ នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១០។

សម្រាប់​កម្ពុជា នេះ​ជា​លើក​ទី​៦​ហើយ ដែល​ទិវា​ជន​ជាតិ​ដើម​ភាគ​តិច​ត្រូវ​បាន​ប្រារព្ធ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ជា​ជន​ជាតិ​ដើម​ភាគ​តិច​មក​ពី​បណ្ដា​ខេត្ត​ក្រុង​ចំនួន ១៦​ទូទាំង​ប្រទេស ចំនួន ៣៧០​នាក់ ព្រមទាំង​ព្រះសង្ឃ មន្ត្រី​នៃ​ស្ថាប័ន​រដ្ឋាភិបាល និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ផង សរុប​ជាង ១០០០​នាក់ ដែល​មាន​ការ​ដើរ​ហែ​ក្បួន​ក្នុង​ក្រុង​សៀមរាប ហើយ​ទៅ​រៀប​ចំ​ពិធី​ជួប​ជុំ​នៅ​ប្រាសាទ​បន្ទាយក្ដី ក្រោម​អធិបតីភាព​របស់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ។

តាម​រយៈ​សុន្ទរកថា លោក ជា សុផារ៉ា មាន​ថ្លែង​ថា កម្មវត្ថុ​នៃ​ការ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា​លើក​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា​មនុស្ស​ជាតិ​ទូទាំង​ពិភពលោក បាន​ស្គាល់​អំពី​វប្បធម៌​របស់​ជនជាតិ​ភាគ​តិច​នៅ​កម្ពុជា និង​ដើម្បី​លើក​ស្ទួយ​នូវ​សិទ្ធិ​សេរីភាព​របស់​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ​ផង​ដែរ។

ទោះ​យ៉ាង​ណា​ក៏ដោយ ការ​ពិភាក្សា​បាន​ផ្ដោត​ជា​ចម្បង​ទៅ​លើ​ផល​ប៉ះពាល់​ចំពោះ​ជន​ជាតិ​ដើម​ភាគ​តិច ដែល​បណ្ដាល​មក​ពី​ការ​អភិវឌ្ឍ និង​ការ​រុក​រក​រ៉ែ៕