លោក អ៊ឹម សុធី រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងនៅក្នុងពិធីប្រារព្ធទិវាអក្ខរកម្មជាតិនិងអន្តរជាតិ ថ្ងៃទី៨ កញ្ញា ដែលរៀបចំឡើងនៅទីរួមខេត្តកំពង់ចាម ដោយមានមនុស្សចូលរួមប្រមាណ១.១០០នាក់ ថា ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៨ ជំរឿននៃអត្រាអក្ខរកម្មបានបង្ហាញថា ក្នុងចំណោមប្រជាពលរដ្ឋចាប់ពីអាយុ៧ឆ្នាំឡើង ការចេះអក្សរបានកើនពី ៥,៨៧លាននាក់ ទៅ ៨,៩៩លាននាក់ ប៉ុន្តែអត្រាអក្ខរកម្មសម្រាប់ស្ត្រីនៅទាបនៅឡើយ។
លោក អ៊ឹម សុធី បានឲ្យដឹងថា ៖ «អត្រាអក្ខរកម្មរបស់មនុស្សពេញវ័យនៅកម្ពុជាមានការកើនឡើងរហូតទៅដល់ ៧៦,៤៨% ចំពោះបុរស និង ៧០,៨៦% ចំពោះស្រ្តី។ ចំនួនសមមាត្រស្រ្តីដែលបានចូលរៀនក្នុងសាលានៅតែទាប»។
លោករដ្ឋមន្ត្រី អ៊ឹម សុធី បានថ្លែងបន្តថា ការងារដែលបានធ្វើរួចមកនេះបង្ហាញថា បញ្ហាអនក្ខរភាពស្ថិតនៅតែជាកង្វល់ដដែល ដែលយើងត្រូវតែជំរុញបន្តទៀត នៅពេលដែលយើងមិនទាន់ឈានទៅដល់គោលដៅនៅឡើយទេ ហេតុនេះហើយបានជាផែនការនៃការអប់រំសម្រាប់ទាំងអស់គ្នា គឺយើងបានចាត់ទុកថា ការងារអក្ខរកម្មជាសមាសភាពមួយមិនអាចខ្វះបាន ស្របទៅតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល ដែលបានបង្កើតឲ្យមានគោលនយោបាយជាតិមួយទាក់ទងទៅនឹងការងារអប់រំក្រៅប្រព័ន្ធ ដោយរាប់បញ្ចូលរាល់សកម្មភាពនិងទិសដៅការងារនេះទៅក្នុងផែនការជាតិធំៗដូចក្រសួងអប់រំទាំងនោះដែរ។
លោក អ៊ឹម សុធី បានមានប្រសាសន៍ថា ៖ «ថ្នាក់អក្ខរកម្មនៅតាមរាជធានី ខេត្ត មានចំនួន២.២១៦ថ្នាក់ មានសិស្សចូលរៀនចំនួន៥៨.៩៦៧នាក់ សិស្សដែលបានឆ្លងផុតពីគ្រោះមិនចេះអក្សរចំនួន៥៥.១៦០នាក់ បញ្ហាលំបាកដែលត្រូវប្រឈម ដូចជាកុមារនិងយុវជននៅក្រៅសាលា ក្នុងនោះភាគច្រើនជានារីនិងជនងាយរងគ្រោះ ជនក្រីក្រជួបការលំបាក ក្រៅពីនេះនៅមានកុមារអនាថា កុមាររងគ្រោះដោយគ្រឿងញៀន ការជួញដូរផ្លូវភេទ។ ទាំងអស់នេះជាបន្ទុកដ៏ធ្ងន់ធ្ងររបស់សង្គមដែលតម្រូវឲ្យយើងទាំងអស់គ្នាជាអ្នកអប់រំ រួមគ្នាដោះស្រាយជាបន្ទាន់»។
លោក ម៉េង គឹមស៊ុន អភិបាលរងខេត្តកំពង់ចាម បានថ្លែងនៅក្នុងវេទិកានោះដែរថា នយោបាយរបស់រាជរដ្ឋាភិបាលគឺយកការអប់រំវិទ្យាសាស្ត្រសម្រាប់កាត់បន្ថយភាពក្រីក្រ។
លោក ម៉េង គឹមស៊ុន បានបញ្ជាក់ថា ៖ «ឆ្ពោះទៅរកការអភិវឌ្ឍរបស់ប្រទេសជាតិ... ដោយធានាឲ្យពិតប្រាកដថា មានការរីកចម្រើនចំនួន៥០% ក្នុងកម្រិតអក្ខរកម្មមនុស្សពេញវ័យ នៅមុនឆ្នាំ២០១៥ខាងមុខ»។
លោក Teruo Jin Nai (តេរ៉ូ ជី ណៃ) តំណាងអង្គការ UNESCO ប្រចាំកម្ពុជា បានថ្លែងនៅក្នុងឱកាសនោះដែរថា ជារៀងរាល់ឆ្នាំលោកអគ្គលេខាធិការនៃអង្គការ UNESCO តែងតែចេញនូវសារលិខិតដល់ប្រទេសជាសមាជិក នៅថ្ងៃទី៨ កញ្ញានេះ ដោយសង្កត់ធ្ងន់ថា ទិវាអក្ខរកម្មអន្តរជាតិនៅឆ្នាំនេះគឺយើងផ្តោតជាសំខាន់ទៅលើការផ្តល់នូវអំណាច ផ្តល់សិទ្ធិនៃតួនាទីរបស់អក្ខរកម្ម ដែលជំរុញឲ្យមានការចូលរួមក្នុងសង្គមក្នុងការអភិវឌ្ឍ ហើយនៅឆ្នាំ២០០៩-២០១០ បានចាត់ទុកថាជាប្រធានបទមួយនៃអក្ខរកម្មជាទសវត្សរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០០៣-២០១២ តែទោះបីជាមានការយកចិត្តទុកដាក់ពីពិភពលោកបែបណាក៏ដោយ ទៅលើបញ្ហាអក្ខរកម្មនេះក៏នៅតែមានអនក្ខរជនជាច្រើនដែលមិនទាន់ចេះអក្សរនៅឡើយដែរ។
លោក តេរ៉ូ ជី ណៃ បានមានប្រសាសន៍ថា ៖ "ទោះបីជាពិភពលោកបានយកចិត្តទុកដាក់ចំពោះផ្នែកអក្ខរកម្ម ហើយស្គាល់អំពីខ្លឹមសារពិតនៃការអភិវឌ្ឍដោយផ្អែកទៅលើអក្ខរកម្មជាទូទៅនេះ នៅមានអក្ខរជន ជនដែលមិនចេះអក្សរជាមនុស្សពេញវ័យនេះចំនួនប្រហែលជា៧៧៦លាននាក់នៅក្នុងពិភពលោក ហើយ៧៥លាននាក់ទៀតគឺជាក្មេងដែលមិនបានចូលរៀនសោះ ហើយដែលសិទ្ធិហើយនិងការត្រូវការរបស់គេមិនទាន់បានបំពេញនៅឡើយ។ អក្ខរកម្មពិតណាស់ នៅជាផ្នែកមួយដែលមិនទាន់សម្រេចនៅឡើយនៅក្នុងគោលដៅនៃការអប់រំសម្រាប់ទាំងអស់គ្នា"។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានផ្តល់សម្ភាសន៍ថា កាលពីព្រឹកថ្ងៃទី៨ កញ្ញា សមាគមបានចេញសេចក្តីថ្លែងការណ៍សាទរទៅនឹងទិវាអក្ខរកម្មអន្តរជាតិ ដោយកត់សម្គាល់ឃើញថា អក្ខរកម្មនៅប្រទេសយើងមានអត្រាខ្ពស់ បើធៀបទៅនឹងប្រទេសនៅក្នុងតំបន់ តែបើនិយាយចំពោះស្ត្រីវិញដែលមិនចេះអក្សគឺមាន៦០% ដែលអត្រានេះធ្វើឲ្យយើងមានកង្វល់ព្រួយបារម្ភ ហើយលោកបានលើកឡើងថា ចំណុចនេះក្រសួងក៏ដូចរាជរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់លុបបំបាត់នូវគ្រោះមិនចេះអក្សរ ដែលវិធីបំបាត់នោះលោកលើកឡើងថា ៖ «ការដែលជំរុញឲ្យអក្ខរកម្មថយចុះបាន រដ្ឋាភិបាល ក្រសួងអប់រំ ចាំបាច់ត្រូវកាត់បន្ថយភាពក្រីក្រ កាត់ចំណាយរបស់សិស្សនៅតាមសាលារៀន ត្រូវលុបបំបាត់ភាពមិនប្រក្រតីនៅតាមសាលា ថាមានអំពើពុករលួយដែលធ្វើឲ្យសិស្សចំណាយច្រើនទៅនឹងការសិក្សា។ អ៊ីចឹងយើងឃើញថា អត្រាក្រីក្រខ្ពស់ ដូច្នេះគាត់អត់មានប្រាក់សម្រាប់ចំណាយ ក៏នឹងបណ្ដាលឲ្យបោះបង់ការសិក្សាផងដែរ»។
លោក អ៊ឹម សុធី រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងជម្រាបពីវិធានការរបស់រដ្ឋាភិបាលថា គ្រប់ស្ថាប័នជាតិ សហគមន៍និងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការអប់រំក្រៅប្រព័ន្ធ សមាជិក សមាជិកា របស់រដ្ឋាភិបាលត្រូវចុះឲ្យដល់ថ្នាក់អក្ខរកម្មដើម្បីលើកទឹកចិត្ត និងដោះស្រាយរាល់សំណូមពររៀនសូត្រតាមភាពជាក់ស្តែង ឲ្យមានការអប់រំតាមវត្តអារាមជាដើម ជំរុញណែនាំប្រជាពលរដ្ឋដែលបោះបង់ការសិក្សាឬមិនបានរៀនសូត្រឲ្យបានចូលរៀនវិញ លោកគ្រូ អ្នកគ្រូ ត្រូវបង្កើននិងពង្រឹងឆន្ទៈសីលធម៌វិជ្ជាជីវៈរបស់ខ្លួនដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំបន្ថែមទៀត៕
