លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃអង្គារ ទី៩ ខែសីហា បានបដិសេធមិនទទួលយកគំនាបរបស់ធនាគារពិភពលោក ដែលបានស្នើឲ្យរដ្ឋាភិបាលស្វែងរកដំណោះស្រាយសមស្របឲ្យពលរដ្ឋរស់នៅតំបន់បឹងកក់ មុននឹងធនាគារបន្តផ្ដល់ប្រាក់កម្ចីដល់រដ្ឋាភិបាល។
គោលជំហររបស់រដ្ឋាភិបាលមិនស្វាគមន៍ជំនួយរបស់ធនាគារជាថ្នូរនឹងការផ្ដល់ដំណោះស្រាយឲ្យពលរដ្ឋបឹងកក់ គឺបានធ្វើឡើងបន្ទាប់ពីធនាគារនេះបានផ្អាកប្រាក់កម្ចីដល់កម្ពុជា ចាប់តាំងពីខែធ្នូ ឆ្នាំ២០១០ ដោយសាររដ្ឋាភិបាលបានខកខានមិនបានជួយដោះស្រាយដល់ពលរដ្ឋបឹងកក់ ដែលកំពុងប្រឈមមុខនឹងការបណ្ដេញពីផ្ទះសម្បែងដោយបង្ខំ។
លោក ផៃ ស៊ីផាន មានប្រសាសន៍បន្តថា ៖ «ជាការសម្រេចចិត្តផ្ទុយពីស្មារតីកិច្ចព្រមព្រៀងរវាងកម្ពុជា និង world bank (ធនាគារពិភពលោក)។ ដូច្នោះជាការសម្រេចចិត្តដោយឯកតោភាគី ដែលគួរឲ្យសោកស្ដាយ ប្រាសចាកពីគោលជំហរនៃច្បាប់។ កម្ពុជានឹងដោះស្រាយតាមផ្នែកច្បាប់ដែលយើងនឹងនិយាយជាមួយនឹងក្រុមប្រតិបត្តិធនាគារពិភពលោក»។
សេចក្ដីថ្លែងការណ៍របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា នៅថ្ងៃអង្គារ បានទាមទារឲ្យរដ្ឋាភិបាលបន្តដោះស្រាយជម្លោះដីធ្លីពលរដ្ឋតំបន់បឹងកក់ ដើម្បីឈានទៅដល់ការយល់ព្រមព្រៀងគ្នាដើម្បីអនុញ្ញាតឲ្យអ្នកភូមិធ្វើការអភិវឌ្ឍន៍លំនៅឋានរបស់ពួកគេនៅនឹងកន្លែង។ ធនាគារបន្តថា ការពិភាក្សារវាងពលរដ្ឋរងគ្រោះនឹងអាជ្ញាធរត្រូវតែធ្វើជាបន្ត ដូច្នោះលុះត្រាតែកិច្ចព្រមព្រៀងរវាងអ្នកភូមិបឹងកក់ ត្រូវបានបង្កើតឡើង ធនាគារនឹងមិនផ្ដល់ប្រាក់កម្ចីថ្មីឲ្យកម្ពុជាទេ។
លោក ផៃ ស៊ីផាន បានហៅសេចក្ដីថ្លែងការណ៍របស់ធនាគារពិភពលោកថា ជាការគំរាមកំហែងលើអធិបតេយ្យភាពរបស់កម្ពុជា។
លោកបន្តថា រដ្ឋាភិបាលនឹងបន្តការជួយស្វែងរកដំណោះស្រាយដល់ពលរដ្ឋបឹងកក់ ប៉ុន្តែមិនមែនដោយសារការទាមទាររបស់ធនាគារនោះទេ ៖ «ទោះជាយ៉ាងណា កម្ពុជាប្រជាជាតិអធិបតេយ្យ និងឯករាជ្យ យើងធ្វើការជាមួយនឹងធនាគារពិភពលោកដើម្បីផលប្រយោជន៍មហាជន គឺយើងមិនមែនធ្វើនៅក្រោមការត្រួតត្រារបស់អ្វីដែលធនាគារចង់ឲ្យយើងធ្វើ។ យើងចង់ធ្វើតាមអ្វីនៃសមត្ថភាព និងការប្រាក់»។
ធនាគារពិភពលោកបច្ចុប្បន្ននេះមានគម្រោងបន្តជំនួយចំនួន ២០គម្រោងដែលមានទឹកប្រាក់ប្រមាណ ៤០០លានដុល្លារ។ ធនាគារពិភពលោក កាលពីខែមីនា បានទទួលស្គាល់ថា ធនាគារមិនបានជួយពលរដ្ឋបឹងកក់ ក្នុងការផ្ដល់ឯកសារកាន់កាប់ផ្ទះសម្បែង ប៉ុន្តែបានសន្យានឹងជួយរដ្ឋាភិបាលដើម្បីផ្ដល់ដំណោះស្រាយដល់អ្នកភូមិ។ ការសន្យាផ្ដល់ការគាំទ្ររដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយដល់ពលរដ្ឋបឹងកក់ មិនត្រូវបានរដ្ឋាភិបាលទទួលយកនិងឆ្លើយតបនោះទេ។
គម្រោងអភិវឌ្ឍន៍តំបន់បឹងកក់ ដែលម្ចាស់ក្រុមហ៊ុនជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា នឹងបណ្ដាលឲ្យពលរដ្ឋបឹងកក់ ប្រមាណ ៤.០០០គ្រួសារបាត់បង់លំនៅឋាន។ ពលរដ្ឋប្រមាណជាង ៣.០០០គ្រួសារ ត្រូវបានបណ្ដេញចេញពីលំនៅឋានទៅហើយ ដោយសារតែក្រុមហ៊ុនបានបូមខ្សាច់លុបផ្ទះ ហើយពលរដ្ឋទាំងនោះមិនទទួលបានសំណងសមស្របទេ៕