នៅក្នុងពិធីនោះអ្នកចូលរួមបានលើកឡើងអំពីការបង្កើនការយកចិត្តទុកដាក់ក្នុងការផលិតស្បៀង ការធានាឲ្យបាននូវសន្តិសុខស្បៀងសម្រាប់ការរស់នៅ និងយល់ដឹងពីបញ្ហាខ្វះស្បៀងពិភពលោក។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន និងពលរដ្ឋនៅតាមសហគមន៍ដែលជាអ្នកផលិតស្បៀង បានអំពាវនាវឲ្យរដ្ឋាភិបាលមានការយកចិត្តទុកដាក់ និងវិនិយោគបន្ថែមទៅលើកសិករខ្នាតតូចនៅកម្ពុជា ព្រោះអ្នកទាំងនោះ គឺជាក្រុមអ្នកផលិតស្បៀងធំបំផុតរបស់កម្ពុជា ហើយក៏ជាក្រុមងាយរងគ្រោះដោយការខ្វះស្បៀងអាហារដែរ។
នាយិកាប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍កម្ពុជា អ្នកស្រី រស់ សុភាព បានថ្លែងថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់បន្ថែមក្នុងការពង្រឹងវិស័យស្បៀងអាហារ តាមរយៈការផ្ដល់ការបង្ហាត់បង្រៀនជំនាញ ការផ្ដល់ឥណទាន និងការផ្ដល់ព័ត៌មានទីផ្សារដល់សហគមន៍។
អ្នកស្រីបន្ថែមដូច្នេះ៖ «ជាពិសេសឲ្យមានការវិយោគជាមួយផលិតករខ្នាតតូច ដើម្បីធានាឲ្យស្ត្រីទទួលបាននូវការរីកចំរើនផ្នែកសេដ្ឋកិច្ចស្មើៗគ្នា និងឲ្យស្ត្រីដែលជាម្ចាស់ផលិតកម្មខ្នាតតូចត្រូវបានទទួលស្គាល់ថា ជាអ្នកដើរតួសំខាន់ក្នុងការធ្វើឲ្យមានសន្តិសុខស្បៀងនៅកម្ពុជា»។
អ្នកស្រីថ្លែងដូច្នេះនៅក្នុងពិធីពិព័រណ៍ស្បៀងអាហារ នៅឯផ្សាររាត្រី រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ តុលា ឆ្នាំ២០១១ ដែលរៀបចំដោយអង្គការចំនួន៨ នៅកម្ពុជា។
កសិករ សឿង សេងទូច រស់នៅស្រុកជីក្រែង ខេត្តសៀមរាប ដែលបានមកតាំងបង្ហាញបន្លែ និងផ្លែឈើនៅតំបន់គាត់បានថ្លែងថា បច្ចុប្បន្នបន្លែបង្ការ និងផ្លែឈើដែលដាំបានផលក្រៅពីហូបចុកខ្លួនឯងនៅក្នុងផ្ទះនោះ លោកអាចលក់ឲ្យអ្នករស់នៅក្នុងសហគមន៍ជាមួយ និងនៅទីផ្សារបានខ្លះ ប៉ុន្តែលោកបានទទួលចំណូលដ៏តិចតួចបំផុត។
ឆ្លើយតបបញ្ហានេះ លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ផ្នែកសិប្បកម្មខ្មែរកម្រិតស្នាដៃ និងបច្ចេកទេសនៅទាបគួរតែរៀនសូត្របន្ថែម តែដោយឡែកចំណីអាហារ និងបន្លែមួយចំនួនអាចប្រកួតប្រជែងលក់ដូចជាមួយបរទេសដទៃបាន ប៉ុន្តែទន្ទឹមនឹងគ្នានេះគួរគិតពីបញ្ហាអនាម័យបន្ថែម។ លោកបញ្ជាក់ថា ក្រសួងបានត្រៀមយុទ្ធសាស្ត្រដើម្បីទប់ទល់មិនឲ្យមានបញ្ហាខ្វះស្បៀងអាហារក្នុងស្រុក និងបន្តរិះរកមធ្យោបាយបង្កើតផលិតភាពនាំចេញ។
មន្ត្រីក្រសួងកសិកម្មដដែលបានឲ្យដឹងថា ផលិតផលខ្មែរបច្ចុប្បន្នបាននាំចេញទៅក្រៅប្រទេសមួយចំនួន ដូចជា ត្រី ត្រូវបានគេដឹកតាមយន្តហោះទៅប្រទេសសិង្ហបុរី ហុងកុង ថៃ និងសហរដ្ឋអាមេរិក។
អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី មានប្រសាសន៍ថា ក្នុងចំណោម ៨៥%ជាកសិករពឹងផ្អែកទៅលើមុខរបរធ្វើស្រែចម្ការ និងអនុផលព្រៃឈើ ក្នុងនោះមាន ៦៥% គឺជាស្ត្រីដែលចូលរួមក្នុងផ្នែកនេះ ហើយស្ត្រីប្រមាណ ៦២% ជាអ្នកដឹកនាំសហគ្រាសខ្នាតតូច និងមធ្យម។
សង្គមស៊ីវិលបានកត់សម្គាល់ថា ពលរដ្ឋកម្ពុជាភាគច្រើនពឹងផ្អែកលើវិស័យកសិកម្ម សម្រាប់ការចិញ្ចឹមជីវិត ប៉ុន្តែធនធានសម្រាប់ផលិតស្បៀងកាន់តែខ្សត់ទៅ ពិសេសដីកសិកម្ម គួបផ្សំនឹងកំណើនចំនួនសមាជិកគ្រួសារផង។ រីឯបញ្ហាអាកាសធាតុអាក្រក់ ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត ដែលកើតឡើងជាញឹកញាប់ ហើយមានភាពធ្ងន់ធ្ងរជាងមុន គឺជាឧបសគ្គដល់អ្នកផលិតស្បៀងខ្នាតតូច និងជាបញ្ហាចម្បងដែលបានរំខានដល់វិស័យកសិកម្ម និងការផ្គត់ផ្គង់អាហារ៕
