ឆ្លើយតបទៅនឹងជម្លោះសង្គ្រាមពាក្យសម្ដីវាងកម្ពុជា និងថៃ កាលពីថ្ងៃសុក្រ ទី៣០ កក្កដា អង្គការយូណេស្កូ បានប្រកាសថា ជម្លោះកម្ពុជា និងថៃត្រូវបានបញ្ចប់ហើយ បន្ទាប់ពីកម្ពុជា និងថៃ បានទទួលយកការសម្រេចចិត្តរបស់សមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ជុំវិញការគ្រប់គ្រងទីតាំងបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារខ្មែរ។
ការសម្រេចចិត្តនេះបានទទួលស្គាល់ថា មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានទទួលយកឯកសារដាក់ដោយភាគីកម្ពុជា ដើម្បីធ្វើការពិចារណានៅឯកិច្ចប្រជុំលើកទី៣៥ ឆ្នាំ២០១១ នៅប្រទេសបារ៉េន (Bahrain)។
សេចក្ដីសម្រេចចិត្តនេះ ដែលបានដាក់ជូនដោយប្រធានដឹកនាំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ហើយនិងរដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ប្រទេសប្រេស៊ីល ជូកា ហ្វឺរីរ៉ា (Juca Ferreira) នៅឯទីក្រុងប្រេស៊ីលៀ (Brasillia) នៅប្រទេសប្រេស៊ីល។ ក៏បានស្វាគមន៍ជំហានទាំងឡាយរបស់កម្ពុជា ដែលឈានទៅបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់អភិវឌ្ឍចិរភាពនៃប្រាសាទព្រះវិហារ។
កម្ពុជាកាលពីដើមសប្ដាហ៍នេះ បានដាក់គម្រោងការអភិរក្ស និងអភិវឌ្ឍតំបន់ទ្រនាប់នៃប្រាសាទព្រះវិហារខ្មែរ ទៅឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភព ដើម្បីអនុមតិទទួលយក ប៉ុន្តែភាគីថៃបានជំទាស់ មិនឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកទទួលយកគម្រោងរៀបចំប្រាសាទព្រះវិហារទេ ដោយលើកហេតុផលថា គម្រោងរបស់កម្ពុជាអាចប៉ះពាល់ដល់តំបន់ជម្លោះក្បែរប្រាសាទព្រះវិហារខ្មែរ។ ថៃបានអះអាងថា តំបន់ក្បែរប្រាសាទព្រះវិហារខ្មែរ ចំនួន ៤,៦គីឡូម៉ែត្រការ៉េ ជារបស់ភាគីថៃ។ ការអះអាងនេះ ត្រូវបានភាគីកម្ពុជាទាត់ចោលថា ជាការមិនពិត។ តំបន់ក្បែរប្រាសាទព្រះវិហារ គ្មានតំបន់ជម្លោះទេ គឺជាទឹកដីកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន បានប្រកាសពីថ្ងៃសុក្រ ទី៣០ កក្កដាថា កម្ពុជាទទួលបានជោគជ័យ ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានទទួលផែនការរៀបចំប្រាសាទព្រះវិហារជាផ្លូវការ។ លោកថា លទ្ធផលនៃកិច្ចប្រជុំនៅឯប្រទេសប្រេស៊ីល ជាជ័យជម្នះដែលកម្ពុជាទទួលរងចាំជាយូរមកហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ការពន្យារពេលពិចារណាពីគម្រោងរៀបចំប្រាសាទព្រះវិហាររបស់ភាគីកម្ពុជា បានធ្វើឲ្យភាគីថៃ ប្រកាសថាខ្លួនបានឈ្នះក្នុងការប្រឆាំងទាមទារមិនឲ្យគណៈកម្មាធិការពិភពលោកនេះ ទទួលស្គាល់ផែនការរបស់កម្ពុជា។
ការសែត Bangkok Post របស់ថៃ នៅថ្ងៃសៅរ៍ ទី៣១ កក្កដា បានដកស្រង់សំដីរដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថានថៃ លោក Suwit Khunkitti ដែលមានប្រសាសន៍ថា ការពន្យារពេលនេះ បណ្ដាលមកពីកម្ពុជាមិនបានដាក់ផែនការរបស់ខ្លួន ប្រាំមួយសប្ដាហ៍មុនកិច្ចប្រជុំ។ លោកថា ការមិនដាក់ជាមុននេះ បណ្ដាលឲ្យថៃតវ៉ាថា ថៃគ្មានពេលគ្រប់គ្រាន់ដើម្បីសិក្សាគម្រោងនេះ ដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់បូរណភាពទឹកដីរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍នៅថ្ងៃសៅរ៍ដែរ កម្ពុជាមិនខ្វល់នឹងការលើកឡើងរបស់ថៃទេ ពីព្រោះថៃមិនដែលទទួលយកការពិតមកនិយាយទេ។ លោកថា កម្ពុជាទទួលបានជោគជ័យក្នុងកិច្ចប្រជុំនេះ។
ការសែត Bangkok Post ដដែលនេះបានដកស្រង់សំដីលោកនាយករដ្ឋមន្ត្រីថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ដែលបានប្រកាសកាលពីថ្ងៃសុក្រ ទី៣០ ខែកក្កដាថា រដ្ឋាភិបាលថៃនឹងចំណាយថវិកាផ្ទាល់សម្រាប់រយៈពេល១២ខែ ដើម្បីសិក្សាគំរោងការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទ្រនាប់នៃប្រាសាទព្រះវិហារខ្មែរ។ មន្ត្រីជាន់ខ្ពស់ថៃប្រកាសថា ការពន្យារពេលនេះ មិនបណ្ដាលឲ្យមានភាពតានតឹងរវាងកម្ពុជា និងថៃទេ ហើយការពន្យារពេលអាចឲ្យប្រទេសកម្ពុជាអាចធ្វើការងារអំពីជម្លោះព្រំដែន។
អ្នកនាំពាក្យរបស់គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅថ្ងៃសៅរ៍ ទី៣១ កក្កដា បានបដិសេធសេចក្ដីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីថៃ។ លោក ផៃ ស៊ីផាន ថ្លែងថា កម្ពុជាបានដាក់ផែនការសង្ខេបគម្រោងរៀបចំប្រាសាទព្រះវិហាររបស់ខ្លួនចំនួន ៤សន្លឹក មុនពេលកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ប៉ុន្តែថៃបានយកលេសថា ខ្លួនគ្មានពេលពិនិត្យមើល។
លោកថា ការពន្យារពេលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក គ្មានប៉ះពាល់ដល់កម្ពុជា ក្នុងការរៀបចំគម្រោងគ្រប់គ្រងប្រាសាទព្រះវិហារទេ។ ការពន្យារពេលនេះ គ្រាន់តែទុកពេលឲ្យថៃមានឱកាសពិនិត្យមើលគម្រោងរបស់កម្ពុជាតែប៉ុណ្ណោះ។
លោក ផៃ ស៊ីផាន បន្ថែមថា មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានទទួលយកសំណើរបស់កម្ពុជាហើយ ដូច្នោះអង្គការ Unesco គ្មានតួនាទីក្នុងការអនុមតិលើគម្រោងរៀបចំរបស់កម្ពុជាទេ។ ក្នុងការជំទាស់គម្រោងរបស់កម្ពុជានេះ តាមពិតថៃចង់បានការគ្រប់គ្រងរួម ទៅលើប្រាសាទព្រះវិហារ។
ប្រាសាទព្រះវិហារត្រូវបានតុលាការអន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហុល្លង់ កាត់សេចក្ដីឲ្យកម្ពុជាឈ្នះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ហើយប្រាសាទព្រះវិហារដ៏ចំណាស់នេះ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨។ ប្រទេសថៃបានបញ្ជូនកងទ័ពរាប់រយនាក់ ចូលលុកលុយទីវត្តខ្មែរ កែវសិក្ខាគិរីស្វៈ នៅក្បែរប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ កក្កដា បណ្ដាលឲ្យកើតមានជម្លោះព្រំដែនខ្មែរ និងថៃ អូសបន្លាយរហូតដល់ពេលជិត៣ឆ្នាំ៕
